ជាតិ
សង្គមជាតិ
បក្សកាន់អំណាចកម្ពុជានិងវៀតណាម ព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការខេត្តតាមព្រំដែន
30, Nov 2021 , 5:30 pm        
រូបភាព
ភ្នំពេញ៖ គណៈចលនាមហាជនកម្ពុជា និងវៀតណាម បានជួបពិភាក្សាគ្នាពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការនានារវាងភាគីទាំង២ និងទិសដៅបន្តទៅថ្ងៃអនាគត។ ក្នុងជំនួបនេះ លោកស្រី ម៉ែន សំអន ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងលោកស្រី ប៊ួយ ធី មិញ ហាយ ប្រធានគណៈចលនាមហាជនមជ្ឍិមបក្សកុម្មុយនីស្តវៀតណាម បានព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការខេត្តតាមព្រំដែន ឱ្យបន្តសហការគ្នាល្អ ដើម្បីចូលរួមដោះស្រាយកិច្ចការតំបន់រវាងប្រទេសទាំង២។


 
ក្នុងជំនួបលើកទី៤ លោកស្រី ម៉ែន សំអន ប្រធានគណៈចលនាមហាជនកម្ពុជា និងលោកស្រី ប៊ួយ ធី មិញ ហាយ ប្រធានគណៈចលនាមហាជនមជ្ឍិមបក្សកុម្មុយនីស្តវៀតណាម បានព្រមព្រៀងគ្នាជំរុញស្ថាប័នគណបក្ស អង្គការមហាជន និងគណបក្សខេត្ត ដែលមានព្រំដែនជាប់គ្នា ឲ្យបន្តសហការគ្នាល្អ ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំង២ ការគាំទ្រក្នុងអង្គការអន្តរជាតិ និងវេទិកាពហុភាគីនានាផងដែរ។ ក្រៅពីនេះ វាក៏អាចចូលរួមដោះស្រាយកិច្ចការតំបន់ និងពិភពលោក ក៏ដូចជាការអភិវឌ្ឍនានាផងដែរ។ 


 
ជំនួបតាមប្រព័ន្ធអនឡាញ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូល និងកិច្ចព្រមព្រៀងបក្ស ដែលមានដូចជា កម្មវិធីអាហាររូបករណ៍ ការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និងជំនាញ អង្គការមហាជន និងការសម្របសម្រួលសេវាកម្មសុខភាពនានាជូនប្រជាជនតាមបណ្តាខេត្តជាប់ព្រំដែន និងសិស្សនិស្សិត​កម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាមផងដែរ។


 
ជំនួបរយៈពេលមួយរសៀលនេះ ភាគីទាំងពីរបានបង្ហាញការពេញចិត្តចំពោះលទ្ធផលជាផ្លែផ្កា ព្រោះវាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពដ៏រឹងមាំ រវាងប្រទេសទាំង២។ ទន្ទឹមនឹងនេះ វាក៏ជាផ្នែកមួយជួយពង្រឹងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្សរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com