ជាតិ
អាជីវកម្មជីកដីខ្សាច់២ទីតាំង ក្នុងស្រុកកណ្ដាលស្ទឹង ត្រូវបានផ្អាក
01, Dec 2021 , 8:59 am        
រូបភាព
អាជ្ញាធរខេត្តកណ្ដាល ចុះត្រួតពិនិត្យ និងផ្អាកទីតាំងអជីវកម្មជីកដី ខ្សាច់ និងដឹកជញ្ជូន ចំនួនពីរទីតាំងក្នុងស្រុកកណ្ដាលស្ទឹង។ រូបភាពពី រដ្ឋបាលខេត្តកណ្ដាល។
អាជ្ញាធរខេត្តកណ្ដាល ចុះត្រួតពិនិត្យ និងផ្អាកទីតាំងអជីវកម្មជីកដី ខ្សាច់ និងដឹកជញ្ជូន ចំនួនពីរទីតាំងក្នុងស្រុកកណ្ដាលស្ទឹង។ រូបភាពពី រដ្ឋបាលខេត្តកណ្ដាល។
កណ្ដាល៖ អាជ្ញាធរខេត្តកណ្ដាល ចុះត្រួតពិនិត្យ និងផ្អាកអាជីវកម្មជីកដីខ្សាច់ ចំនួនពីរទីតាំង ក្នុងស្រុកកណ្ដាលស្ទឹង ក្រោយរកឃើញអាជីវកម្មទាំងនោះ មិនមានអាជ្ញាប័ណ្ណអនុញ្ញាត និងអាជ្ញាប័ណ្ណដែលហួសសុពលភាពធ្វើអាជីវកម្ម។ 
 
អាជ្ញាធរខេត្តកណ្ដាល នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យ និងបិទទីតាំងអាជីវកម្មជីកដីខ្សាច់ ចំនួនពីរទីតាំង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បើតាមរដ្ឋបាលខេត្តកណ្ដាល ការផ្អាកការដ្ឋានជីកដីខ្សាច់ទាំងពីរនេះ គឺទីតាំងទី១ ស្ថិតក្នុងភូមិច្រឡាំង នៃឃុំរលាំងកែន ត្រូវបានអាជ្ញាធររកឃើញ មានសកម្មភាពជីកដីក្នុងទីតាំងចាស់ និងទីតាំងកំពុងស្នើសុំអាជ្ញាប័ណ្ណនៅឡើយ។ ម្យ៉ាងទីតាំងអាជីវកម្មនេះ គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ 
 
រីឯទីតាំងទី២ ដែលត្រូវបានអាជ្ញាធរផ្អាកដែរនោះ គឺស្ថិតក្នុងភូមិអន្លង់រមៀតខាងត្បូង ក្នុងឃុំអន្លង់រមៀត ដោយបានប្រព្រឹត្តខុសតាមគោលការណ៍ដែលក្រសួងណែនាំ។ រីឯអាជ្ញាប័ណ្ណអនុញ្ញាតអាជីវកម្មហួសសុពលភាព។ 

  លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ក្នុងកិច្ចប្រជុំមួយ។ រូបភាពពី ទំព័រហ្វេសប៊ុក មន្ទីរព័ត៌មានខេត្តកណ្ដាល។
 
លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល លើកឡើងថា៖ «ដើម្បីដំណើរការអាជីវកម្មឡើងវិញបាន ទាល់តែម្ចាស់អាជីវកម្ម សុំច្បាប់ចេញពីរដ្ឋបាលខេត្ត ក្រសួង និងមន្ទីររ៉ែ និងថាមពល ស្របច្បាប់ ទើបអាចប្រកបអាជីវកម្មបាន។ បើមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវទេ អាជ្ញាធរ និងមន្ទីរត្រូវការបិទជាបណ្ដោះអាសន្ន និងធ្វើការផាកពិន័យ ទៅ(តាម)ច្បាប់របស់ក្រសួងដែលបានចែង»។
 
លោកអភិបាលរងខេត្តរូបនេះ ជំរុញឱ្យមន្ទីរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តចាត់វិធានការម៉ឺងម៉ាត់លើម្ចាស់អាជីវកម្ម ឱ្យអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដឹកកុំឱ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវដែលបង្កផលប៉ះពាល់ដល់អ្នកដំណើរ និងជ្រុះខ្សាច់មកលើផ្លូវ។ លោកបន្ថែមថា អាជីវកម្មត្រូវគោរពតាមបទដ្ឋានបច្ចេកទេស មិនត្រូវធ្វើឱ្យប៉ះពាល់ដល់សហគមន៍ ជីវភាព និងសុខុមាលភាពពលរដ្ឋ។​ 
 
បើតាមលោក ណុប ដារ៉ា ក្រុមការងារនឹងបន្តចុះពិនិត្យតាម ការដ្ឋានអាជីវកម្មជាបន្តបន្ទាប់ ដើម្បីពង្រឹងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានា ដែលប៉ះពាល់ដល់បរិស្ថាន និងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋជិតតំបន់នោះនិងអ្នកធ្វើដំណើរតាមផ្លូវ៕

Tag:
 ThmeyThmey25
  កណ្ដាល
  ផ្អាកអាជីវកម្មជីកដី ខ្សាច់
© រក្សាសិទ្ធិដោយ thmeythmey.com