ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន!មកពីក្រៅខ្ជិលផ្លាស់ខោអាវចេញ អាចធ្វើឲ្យខូចសសៃឈាម និងនាំជំងឺឆ្លងចូលផ្ទះ
01, Dec 2021 , 6:59 am        
រូបភាព
អ្នកមិនគួរខ្ជិលនឹងផ្លាស់សម្លៀកបំពាក់ចេញបន្ទាប់ពីត្រឡប់មកពីក្រៅវិញឡើយ! ហេតុអ្វីទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាដែលអាចកើតឡើងបើអ្នកមិនប្ដូរខោអាវមកពីខាងក្រៅចេញ ៖

 
១. វាមិនល្អសម្រាប់សសៃឈាម
 
ខោខូវប៊ូយតូចរឹបតឹងអាចធ្វើឱ្យអ្នកមើលទៅមានរូបរាងស្លីមស្រស់ស្អាត ប៉ុន្តែប្រសិនបើអ្នកមិនព្រមដោះវាចេញនៅពេលត្រឡប់មកផ្ទះវិញទេនោះ, វានឹងមិនផ្ដល់ផលល្អចំពោះសុខភាពឡើយ។ សម្លៀកបំពាក់ដែលពួកយើងជ្រើសរើសស្លៀកពាក់នៅពេលចេញទៅក្រៅភាគច្រើន គឺរឹបតឹងជាងអ្វីដែលស្លៀកនៅផ្ទះ។ ជាលទ្ធផលនៃភាពរឹបតឹង គឺអាចជះផលប៉ះពាល់អវិជ្ជមានលើចរន្តឈាមរត់គួរឱ្យបារម្ភ! វាអាចពន្យឺតលំហូរឈាម ហើយប្រសិនបើស្លៀកពាក់ក្នុងរយៈពេលយូរសឹងតែជាប្រចាំទៀតនោះ គឺអាចបង្កគ្រោះថ្នាក់ដល់សសៃឈាម។
 
២. អាចនាំយកបាក់តេរីមកក្នុងផ្ទះ
 
ខណៈដែលអ្នកមិនអាចធ្លាក់ខ្លួនឈឺដោយគ្រាន់តែពាក់សម្លៀកបំពាក់ដដែលរាល់ថ្ងៃ ប៉ុន្តែឱកាសដែលអ្នកអាចនាំយកនូវពពួកមេរោគបាក់តេរីចូលក្នុងផ្ទះ។ ជាលទ្ធផលអាចបង្កើនហានិភ័យនៃការឆ្លងមេរោគផ្សេងៗ។ មួយចំនួនក្នុងចំណោមបាក់តេរីទាំងនោះរួមបញ្ចូលទាំង Acinetobacter ដែលបង្កឱ្យមានការឆ្លងមេរោគផ្លូវដង្ហើម និង Staphylococcus aureus ដែលអាចបង្កឱ្យមានការរលាកនៅក្នុងផ្នែកផ្សេងៗនៃរាងកាយ ហើយវាមានភាពធន់ទ្រាំនឹងថ្នាំជាច្រើនប្រភេទ។ ទោះបីជាវេជ្ជបណ្ឌិតជាច្រើនណែនាំថាអ្នកមិនគួរព្រួយបារម្ភពេគអំពីការនាំយកបាក់តេរីមកផ្ទះតាមរយៈសម្លៀកបំពាក់ ប៉ុន្តែការឆ្លងមេរោគនៅតែអាចទៅរួច។ វិធីដ៏ប្រសើរបំផុតនោះ គឺអ្នកមិនគួរទៅអង្គុយលើសាឡុង, គ្រែគេង ឬដើរពេញក្នុងផ្ទះដោយមិនទាន់ផ្លាស់សម្លៀកបំពាក់មកពីក្រៅចេញឡើយ។
 
៣. អាចបង្កឱ្យឡើងមុនលើរាងកាយ
 
ប្រសិនបើអ្នកធុញទ្រាន់នឹងការឡើងមុនមិនចេះឈប់ឈរលើខ្នង ឬស្មា, អ្នកគួរចាប់ផ្ដើមសម្គាល់មើលលើរបៀបដែលអ្នកស្លៀកពាក់ហើយ។ ខណៈដែលសម្លៀកបំពាក់ដែលផលិតឡើងពីប្រភេទនៃសាច់ក្រណាត់ខ្លះអាចធ្វើឱ្យអ្នកមើលទៅមានភាពទាក់ទាញ ប៉ុន្តែវាមិនអនុញ្ញាតឱ្យស្បែកបានដកដង្ហើមស្រួលឡើយ ហើយថែមទាំងឃាំងកម្ដៅប្រឆាំងរាងកាយបង្កឱ្យកើនមុនទៀតផង។ មូលហេតុដទៃទៀតនៃការឡើងមុនលើ-ក ឬទ្រូងអាចជាទម្លាប់នៃការមិនប្ដូរសម្លៀកបំពាក់ហាត់ប្រាណចេញពីរាងកាយក្រោយពេលមកដល់ផ្ទះ។ សម្លៀកបំពាក់ដែលពាក់ហាត់ប្រាណអាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អខណៈពេលហាត់ប្រាណ ប៉ុន្តែប្រសិនបើមិនដោះចេញក្រោយពេលហាត់ចប់ទេនោះវាអាចបណ្ដាលឱ្យស្ទះរន្ធញើសនិងឡើងមុនក្បាលខ្មៅ។
 
៤. អាចបណ្ដាលឱ្យឈឺពោះ និងបញ្ហាក្រពះ
 
សម្លៀកបំពាក់រឹបតឹងៗអាចរឹតសង្កត់ចង្កេះបង្កជាបញ្ហាសុខភាពផ្សេងៗដែលផ្ដល់ភាពមិនស្រួល។ សម្លៀកបំពាក់ដែលដាក់សម្ពាធលើពោះអាចបង្កជាបញ្ហាផ្សេងៗពាក់ព័ន្ធប្រព័ន្ធរំលាយអាហាររួមបញ្ចូលទាំងអាការៈច្រាលទឹកអាស៊ីតក្រពះ។ ប្រសិនបើអ្នកមិនអាចចោលទម្លាប់ស្លៀកខោអាវរឹបតឹងបានទេ ចូរព្យាយាមកុំស្លៀកពាក់ជាប់ជាប្រចាំនិងផ្លាស់ប្ដូរសម្លៀកបំពាក់ផ្ដល់ភាពសុខស្រួលភ្លាមៗពេលមកដល់ផ្ទះ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com