ជាតិ
​​​ន​យោ​បាយ​ជាតិ​
កូនស្រីទាំងពីរបស់លោក កឹម សុខា ប្រតិកម្មបន្ថែមលើក្រុមលោក សម រង្ស៊ី
30, Nov 2021 , 11:05 pm        
រូបភាព
៥នាក់នៅជូរមុខ៖ កញ្ញា កឹម សម្មាធីតា លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា លោក គង់ គាំ និង អ្នកស្រី មូរ សុខហួរ ក្នុងអំឡុងឆ្នាំ២០១៣។ រូបពីទំព័រហ្វេសប៊ុក Kem Samathida
៥នាក់នៅជូរមុខ៖ កញ្ញា កឹម សម្មាធីតា លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា លោក គង់ គាំ និង អ្នកស្រី មូរ សុខហួរ ក្នុងអំឡុងឆ្នាំ២០១៣។ រូបពីទំព័រហ្វេសប៊ុក Kem Samathida
កូនស្រីទាំងពីររបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ជាកូនស្រីច្បង និងកញ្ញា សម្មាធីតា ជាកូនស្រីពៅ បានបញ្ចេញប្រតិកម្មព្រមគ្នាតាមបណ្តាញសង្គមធ្វីតធឺ (Twitter) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ទៅកាន់លោក សម រង្ស៊ី និងបក្សពួក។



កញ្ញា កឹម មនោវិទ្យា សរសេរថា៖«ឪពុកខ្ញុំ លោក កឹម សុខា មានសិទ្ធិបញ្ចេញមតិ ដើម្បីប្រាប់ឲ្យដៃគូបោកប្រាស់ ឈប់កេងចំណេញលើគាត់ និងឈប់បំភាន់សាធារណជន។ សម្ព័ន្ធភាព បានរលាយបាត់ទៅហើយ នៅពេលដៃគូរបស់ឪពុកខ្ញុំ បានអំពាវនាវឲ្យគណបក្សនយោបាយ និងប្រជាពលរដ្ឋនៅប្រទេសកម្ពុជា បោះបង់គាត់ អំឡុងគាត់ ជាប់ក្នុងពន្ធនាគារ ហើយដៃគូរបស់គាត់ បានដឹកនាំយុទ្ធនាការបោកប្រាស់»។

ចំណែក កញ្ញា កឹម សម្មាធីតា សរសេរថា៖«ចាប់តាំងពីការចាប់ខ្លួនលោកឪពុកខ្ញុំមក ភាគីដែលជិតស្និទ្ធនឹងលោក សម រង្ស៊ី បានចាប់ផ្តើមយុទ្ធនាការលាបព័ណ៌ឥតឈប់លើលោកឪពុកខ្ញុំ និងគ្រួសាររបស់យើងខ្ញុំ តាមបណ្តាញសង្គម។ ដើម្បីតែការបង្រួបបង្រួម យើង មិនដែលត្រូវបានអនុញ្ញាតឲ្យការពារខ្លួននោះទេ»។

សាររបស់កញ្ញាទាំងពីរ ធ្វើឡើងបន្ទាប់ពីលោក កឹម សុខា ជាឪពុក ចេញសារជាលើកដំបូង ដោយស្តីឲ្យចំៗទៅកាន់ដៃគូរបស់លោក គឺលោក សម រង្ស៊ី និងបក្សពួកថា នៅតែបន្តយករូប យកឈ្មោះលោក ទៅភ្ជាប់នឹងសកម្មភាពនានា ដោយគ្មានការអនុញ្ញាតពីលោក។ លោក កឹម សុខា ដែលកំពុងរស់នៅក្នុងស្រុក តែមិនអាចធ្វើសកម្មភាពនយោបាយ បានអំពាវនាវឲ្យលោក សម រង្ស៊ី និងបក្សពួក ឈប់ប្រើរូប និងឈ្មោះលោកតទៅទៀត។

លើសពីនេះ លោក កឹម សុខា បានបន្ទោសលោក សម រង្ស៊ី និងសហការីរបស់លោក សម រង្ស៊ី ថាបានដើរចេញពីគោលការណ៍ដើមនៃការរួបរួមរវាងគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ហើយបានទៅបង្កើតចលនានយោបាយផ្សេងៗ ជាពិសេសថ្មីៗនេះ បានត្រឡប់ទៅគាំទ្រដោយចំហ ឬនៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់លោក គឺគណបក្សភ្លើងទៀន ដែលពីដើមជាគណបក្ស សម រង្ស៊ី។

លោក កឹម សុខា ដែលទទួលបានតំណែងជាប្រធានអតីតគណបក្សសង្គ្រោះជាតិបន្ទាប់ពីលោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា៖«ទង្វើរបស់ពួកគេ សបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬជាជំហររបស់ខ្ញុំឡើយ»។

យ៉ាងណា លោក សម រង្ស៊ី ដែលកំពុងរស់នៅក្នុងប្រទេសបារាំង ចាត់ទុកសារបស់លោក កឹម សុខា ថាកើតឡើងដោយសារមានការគំរាមកំហែង។ ការនិយាយបែបនេះ បង្ហាញថា លោក សម រង្ស៊ី មិនជឿថា លោក កឹម សុខា សរសេរសារចេញពីចិត្តឡើយ។

តាមរយៈទំព័រហ្វេសប៊ុក លោក សម រង្ស៊ី ដែលធ្វើជាប្រធានអតីតគណបក្សសង្គ្រោះជាតិមុនលោក កឹម សុខា បង្ហាញការយល់ឃើញថា៖«សេចក្តីថ្លែងការណ៍របស់លោក កឹម សុខា ស្តីពីគណបក្សសង្គ្រោះជាតិ គឺជាលទ្ធផលនៃការគំរាមកំហែងពីសំណាក់លោក ហ៊ុន សែន ដែលភ័យខ្លាចជាទីបំផុត ចំពោះឯកភាពនៃអ្នកប្រជាធិបតេយ្យខ្មែរ ហើយដែលចាប់យកលោក កឹម សុខា ធ្វើជាចំណាប់ខ្មាំងរបស់គាត់»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ច្រានចោលចំពោះការចោទប្រកាន់របស់លោក សម រង្ស៊ី ដែលថា លោក កឹម សុខា ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បង្ខំឲ្យនិយាយអ្វីមួយ។ លោក បានហៅការចោទប្រកាន់របស់លោក សម រង្ស៊ី ថាជាការឆ្លុះបញ្ចាំងឲ្យឃើញពីការមិនទទួលខុសត្រូវ និងការមិនហ៊ានទទួលយកការពិត។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ កាលពីទី២៩ ខែវិចិ្ឆកា ឆ្នាំ២០២១ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ថ្លែងថា៖«វា ជាទំនាស់បុគ្គល មិនពាក់ព័ន្ធអីនឹងសម្តេចនាយករដ្ឋមន្រ្តីទេ»៕

Tag:
 កឹម សុខា
  សម រង្ស៊ី
  កឹម មនោវិទ្យា
  កឹម សម្មាធីតា
© រក្សាសិទ្ធិដោយ thmeythmey.com