អន្តរជាតិ
បាបាដុស ប្រកាសជាសាធារណរដ្ឋ ដោយលែងទទួលស្គាល់ម្ចាស់ក្សត្រីយ Elizabeth ជាប្រមុខរដ្ឋ
01, Dec 2021 , 8:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
បាបាដុស នៅថ្ងៃទី៣០ ខែវិច្ឆិកា បានប្រកាសខ្លួនជាសាធារណរដ្ឋ ដោយបោះបង់ចោលប្រមុខរដ្ឋខ្លួន ដែលជាម្ចាស់ក្សត្រីអង់គ្លេស Elizabeth។ អ្នកស្រី Sandra Mason ត្រូវបានតែងតាំងជាប្រធានាធិបតីដំបូងបំផុតរបស់ដែនកោះស្ថិតក្នុងសមុទ្រការ៉ាអ៊ីបមួយនេះ ។

 
បាបាដុស បានទទួលឯករាជ្យពីអង់គ្លេស នៅក្នុងឆ្នាំ១៩៦៦ និងមានម្ចាស់ក្សត្រីអង់គ្លេសជាប្រមុខរដ្ឋ។ ៥៥ឆ្នាំក្រោយ បាបាដុស បានសម្រេចបោះបង់ប្រមុខរដ្ឋជាម្ចាស់ក្សត្រីអង់គ្លេស Elizabeth និងបង្កើតសាធារណរដ្ឋ ដែលមានប្រធានាធិបតីជាប្រមុខរដ្ឋវិញ។ អ្នកស្រី Sandra Mason ដែលជាប្រមុខដែនដីបាបាដុស ត្រូវបានតែងតាំងជាប្រធានាធិបតី បន្ទាប់ពីត្រូវបានសភាបាបាដុសបោះឆ្នោតគាំទ្រក្នុងសំឡេង២ភាគ៣។ 
 
ថ្លែងនៅចំពោះមុខអ្នកចូលរួម និងព្រះអង្គម្ចាស់ Charles អ្នកស្រី Mason បានលើកឡើងថា សាធារណរដ្ឋបាបាដុស នឹងផ្តល់ឱ្យប្រជាជនទាំងស្មារតី និងសារសំខាន់ផ្សេងទៀត។ «យើងត្រូវតែដុសខាត់អនាគតរបស់ខ្លួន»។ អ្នកស្រី Mason បានបន្ថែមបែបនេះ។
 
បាបាដុស ជាប្រទេសទីមួយហើយចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ដែលបានបោះបង់ចោលរបបរាជាធិបតេយ្យ និងជ្រើសយកសាធារណរដ្ឋវិញ។ បើទោះបោះបង់ប្រមុខរដ្ឋជាម្ចាស់ក្សត្រីអង់គ្លេសក៏ដោយ បាបាដុស នៅតែស្ថិតនៅក្នុងក្រុមប្រទេស Commonwealth ដដែល។ ក្រុមប្រទេស Commonwealth មានប្រទេសជាសមាជិកចំនួន ៥៤ ដែលរួមទាំងទាំងសាធារណរដ្ឋ និងរាជានិយម។
 
សូមបញ្ជាក់ថា ក្នុងពិធីផ្លាស់ប្តូររបបនយោបាយនោះ គេបានបាញ់កាំភ្លើងចំនួន២១គ្រាប់។ តារាល្បី Rihanna ក៏បានចូលរួមក្នុងពិធីនេះដែរ។ ការប្រគុំតន្រ្តី របាំ និងការរាំកម្សាន្តផ្សេងៗ ត្រូវបានប្រារព្ធឡើង ដើម្បីសាទរបាបាដុស ដែលបានផ្លាស់ប្តូរមកជាសាធារណរដ្ឋ៕

Tag:
 បាបាដុស
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com