ជាតិ
សម្ដេច ហ៊ុន សែន ៖ ពាក្យ«ខ្មែរអាចធ្វើបាន» មិនមែនសំដៅ តែរជ្ជកាលខ្ញុំគ្រប់គ្រងប្រទេសទេ
01, Dec 2021 , 4:03 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើដំណើរទៅខេត្តព្រះសីហនុ នៅថ្ងៃទី១ ធ្នូ ២០២១ បានឈប់នៅចំណុចភូមិបិតត្រាំង ឃុំបិតត្រាំង ស្រុកព្រៃនប់ ដោយឈរនៅកន្លែងពាក្យស្លោក «ខ្មែរអាចធ្វើបាន »
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើដំណើរទៅខេត្តព្រះសីហនុ នៅថ្ងៃទី១ ធ្នូ ២០២១ បានឈប់នៅចំណុចភូមិបិតត្រាំង ឃុំបិតត្រាំង ស្រុកព្រៃនប់ ដោយឈរនៅកន្លែងពាក្យស្លោក «ខ្មែរអាចធ្វើបាន »
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបកស្រាយថា ពាក្យ «ខ្មែរអាចធ្វើបាន» គឺសំដៅទៅដំណើរការដឹកនាំប្រទេស តាំងពីបុព្វបុរសជំនាន់មុនមក ដល់ពេលបច្ចុប្បន្ននេះ។



«ខ្មែរអាចធ្វើបាន» អ្វីដែលខ្ញុំចង់ដាក់ គឺមិនមែនសំដៅ តែរជ្ជកាល ឬដំណាក់កាល ដែលខ្ញុំគ្រប់គ្រងប្រទេសទេ ក៏ប៉ុន្តែខ្ញុំចង់គ្របដណ្ដប់ ទៅលើដំណើរជាតិរបស់កម្ពុជា តាំងពីដើមរៀងមក។ គឺខ្មែរធ្វើបានជានិច្ច»។ នេះជាការពន្យល់របស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា ពាក្យខ្មែរអាចធ្វើបាននេះ គឺចង់សំដៅលើទៅភាពអស្ចារ្យ និងស្នាដៃរបស់ដូនតាខ្មែរគ្រប់ជំនាន់ ដែលបានកសាងប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាង្គប្រាសាទ រួមទាំងទឹកដីសម្រាប់មនុស្សជំនាន់ក្រោយ។
 
ប្រមុខរដ្ឋាភិបាល ដែលបានធ្វើដំណើរទៅខេត្តព្រះសីហនុ នៅថ្ងៃទី១ ធ្នូ បានឈប់នៅចំណុចភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ដោយឈរនៅកន្លែងពាក្យស្លោក «ខ្មែរអាចធ្វើបាន » ហើយពន្យល់អត្ថន័យពាក្យនេះ យ៉ាងដូច្នេះថា៖«ខ្ញុំដាក់ ខ្មែរអាចធ្វើបាននេះ មិនសំដៅលើកកម្ពស់តួនាទីរបស់ខ្ញុំ ឬគណបក្សប្រជាជន ឬរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ។ ក៏ប៉ុន្តែខ្ញុំចង់គ្របដណ្ដប់ន័យទាំងអស់ ដែលខ្មែរធ្វើបាន តាំងពីមុនរហូតដល់ពេលនេះ។ ហើយពីនេះទៅមុខខ្មែរក៏នៅតែធ្វើបាន នៅពេលដែលខ្ញុំដាក់ថា ខ្មែរធ្វើបាននេះ»។
 
បើតាមសម្ដេច ហ៊ុន សែន ដូនតាខ្មែរបានបន្សល់ទុករបស់មានតម្លៃច្រើនណាស់ សម្រាប់មនុស្សជំនាន់ក្រោយ។ ដូច្នេះសម្រេចបានរបស់ខ្មែរ មិនមែនត្រឹមតែនៅដំណាក់សម្ដេច ទេ ប៉ុន្តែវានឹងបន្តទៅមុខគ្រប់ដំណាក់កាល។

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com