អន្តរជាតិ
មន្រ្តីជាន់ខ្ពស់អាម៉េរិក៖ អាម៉េរិក និងចិនកំពុងរត់ប្រណាំង​មីស៊ីលមានល្បឿន​លឿនជាង​សំឡេង
01, Dec 2021 , 10:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
មន្រ្តីយោធាជាន់ខ្ពស់អាម៉េរិក លោក Frank Kendall នៅថ្ងៃទី៣០​ ខែវិច្ឆិកា បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ​ថា អាម៉េរិក និងចិនកំពុងតែរត់ប្រណាំងសព្វាវុធ ផ្នែក​មីស៊ីលមានល្បឿន​លឿនជាង​សំឡេង(hypersonic weapon)។ ការលើកឡើងរបស់មន្រ្តីអាម៉េរិករូបនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា ចិន បានបាញ់សាកល្បងមីស៊ីលមានល្បឿនលឿនជាងសំឡេងនាពេលកន្លងមក។

 
កាលពីពេលថ្មីៗនេះ សារព័ត៌មាន Financial Times បានចេញរបាយការណ៍មួយថា ចិនបានបាញ់សាកល្បងមីស៊ីលមានល្បឿនលឿនជាងសំឡេង ដែលហួសពីការរំពឹងទុករបស់មន្រ្តីអាម៉េរិក។ លោកឧត្តមសេនីយ៍ Mark Milley ក៏បានទទួលស្គាល់ថា ចិនពិតជា បានសាកល្បងបាញ់មីស៊ីលមានល្បឿនលឿនជាងសំឡេងដែលអាចគេចចេញពីប្រព័ន្ធការពាររបស់អាម៉េរិកដែរ។ ប៉ុន្តែចិនបានចេញមុខបដិសេធ និងការពារថា ខ្លួនគ្រាន់តែបាញ់សាកល្បងយានអវកាសប៉ុណ្ណោះ ដើម្បីបញ្ជាក់ពីបច្ចេកវិទ្យាដែលអាចប្រើប្រាស់ឡើងវិញបាន។ 
 
ពាក់ព័ន្ធនឹងបញ្ហានេះ មន្រ្តីយោធាជាន់ខ្ពស់អាម៉េរិក លោក Frank Kendall បានសង្កត់ធ្ងន់ថា ចិន និងអាម៉េរិក កំពុងរត់ប្រណាំសព្វាវុធប្រភេទមីស៊ីលមានល្បឿនលឿនជាងសំឡេង។ «វាមានការរត់ប្រណាំងសព្វាវុធ ដែលមិនមែនផ្តោតលើការបង្កើនចំនួនអាវុធឡើយ ប៉ុន្តែវាជាការបង្កើនគុណភាពអាវុធ»។ លោក Kendall បានលើកឡើងបែបនេះទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងអំឡុងកិច្ចសម្ភាសនៅថ្ងៃទី៣០ ខែវិច្ឆិកា មុនបន្តថា ការប្រណាំង​អាវុធ​នេះ បាន​បន្ត​អស់​មួយ​រយៈ​មក​ហើយ ហើយចិនបានធ្វើវាយ៉ាងខ្លាំង។
 
លោក Kendall បានសម្គាល់ថា ខណៈ​ពេលយោធា​អាម៉េរិក​បាន​ផ្តោត​ថវិកា​លើសង្គ្រាមនៅអ៊ីរ៉ាក់ និង​អាហ្វហ្កានីស្ថាន អាម៉េរិកបានងាកចេញពីការពង្រឹងគុណភាព និងសមត្ថភាព​អាវុធមាន​ល្បឿនលឿនជាង​សំឡេងរបស់ខ្លួន។ ក្នុងន័យនេះ វាមិនមែនបង្ហាញថា អាម៉េរិកមិនបានធ្វើអ្វីសោះ ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន ទាក់ទិននឹងមីស៊ីលមានល្បឿនលឿនជាងសំឡេងឡើយ ប៉ុន្តែគ្រាន់តែអាម៉េរិក មិនទាន់ប្រឹងប្រែងឱ្យបានគ្រប់គ្រាន់។
 
បើតាមលោក Kendall  នៅពេលមន្ទីរបញ្ចកោណ ពិភាក្សាពីថវិកាប្រចាំឆ្នាំ២០២៣ លោកនឹងស្នើថវិកាមួយចំនួន និងស្នើឱ្យឈប់ប្រើប្រាស់ប្រព័ន្ធការពារចាស់ៗដែលមានតម្លៃថ្លៃ ដើម្បីគាំទ្រប្រព័ន្ធថ្មី រួមទាំងកម្មវិធីអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេង។
 
យ៉ាងណាមិញ ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ បាននិយាយថា មន្ទីរបញ្ចកោណចង់ឱ្យក្រុមហ៊ុនលក់អាវុធកាត់បន្ថយការចំណាយលើមីស៊ីល hypersonic នេះ ព្រោះ មីស៊ីល នីមួយៗ ត្រូវបានអភិវឌ្ឍដោយប្រើថវិកាជាច្រើនលានដុល្លារ។
 
អាម៉េរិក ក្នុងឆ្នាំ២០២១ បាន​សាកល្បង​អាវុធមានល្បឿន​លឿន​ជាង​សំឡេង​ជា​ច្រើន។ ភាគច្រើន ការសាកល្បង​ទទួលបាន​ជោគជ័យ។ ក្នុងខែតុលា កងទ័ពជើងទឹកអាម៉េរិក បានសាកល្បងដោយជោគជ័យលើម៉ូទ័ររ៉ុក្កែតដែលនឹងប្រើ ដើម្បីផ្តល់ថាមពលដល់យានបាញ់បង្ហោះ មីស៊ីលល្បឿនលឿនជាងសំឡេង។ 
 
សូមបញ្ជាក់ថា មីស៊ីលមានល្បឿនលឿនជាងសំឡេង ឬ មីស៊ីល hypersonic គឺជាមីស៊ីលម្យ៉ាង ដែលមានល្បឿនលឿនជាងសំឡេងចំនួន ៥ដង ឬមានល្បឿន ៦២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ មីស៊ីលប្រភេទនេះ អាចទម្លុះប្រព័ន្ធការពាររបស់អាម៉េរិកបានយ៉ាងស្រួល ហើយនាពេលបច្ចុប្បន្ន សម្ភារយោធាតិចតួចណាស់ អាចប្រឆាំងនឹងសមត្ថភាពមីស៊ីល hypersonic បាន៕

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com