អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសអាមេរិក ព្រមានរុស្ស៊ីមិនឱ្យបង្កើនភាពគឃ្លើនប្រឆាំងនឹងអ៊ុយក្រែន
01, Dec 2021 , 11:29 pm        
រូបភាព
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និង​ប្រធានាធិបតី​ប្រទេស​ឡេតូនី​លោក Egils Levits ថតរូប​រួមគ្នា​នៅ​ក្នុង​រដ្ឋធានី​​រីហ្គា ប្រទេស​ឡេតូនី នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និង​ប្រធានាធិបតី​ប្រទេស​ឡេតូនី​លោក Egils Levits ថតរូប​រួមគ្នា​នៅ​ក្នុង​រដ្ឋធានី​​រីហ្គា ប្រទេស​ឡេតូនី នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា
ដោយ: VOA
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានព្រមានប្រទេសរុស្ស៊ីមិនឱ្យ «ចាត់វិធានការរាលដាលបន្ថែមទៀត» ណាមួយប្រឆាំងនឹងប្រទេសអ៊ុយក្រែន ដោយលោកបាននិយាយនៅថ្ងៃអង្គារនេះថា៖ «ភាពគឃ្លើនជាថ្មីណាមួយនឹងបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ»។

 
លោក Blinken បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីរីហ្គា ប្រទេសឡេតូនីថា សហរដ្ឋអាមេរិកមានការ «ព្រួយបារម្ភយ៉ាងខ្លាំង» អំពីការចល័តទ័ពរបស់រុស្ស៊ីនៅតាមបណ្ដាយព្រំដែនរបស់រុស្ស៊ីជាមួយប្រទេសអ៊ុយក្រែន។
 
ក្ដីបារម្ភអំពីការបង្កើនកម្លាំងយោធារបស់រុស្ស៊ីនេះ នឹងគ្រោងលើកយកមកពិភាក្សានៅថ្ងៃអង្គារនេះ និងថ្ងៃពុធស្អែកនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អង្គការអូតង់ (NATO) ក្នុងរដ្ឋធានីរីហ្គា។
 
នៅមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អង្គការអូតង់នេះចូលមកដល់ អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បានអំពាវនាវដល់ប្រទេសរុស្ស៊ីឲ្យបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់ ដោយលោកបាននិយាយថា ការបង្កើនកម្លាំងយោធារបស់រុស្ស៊ីនេះ គឺ«មិនមានហេតុផលត្រឹមត្រូវ»។
 
លោក Stoltenberg បានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញថា៖ «ការឈ្លានពានណាមួយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែននៅពេលអនាគត នឹង...ប្រឈមនឹងផលវិបាកផ្នែកនយោបាយ និងសេដ្ឋកិច្ចធ្ងន់ធ្ងរសម្រាប់ប្រទេសរុស្ស៊ី»៕
 
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters។

© រក្សាសិទ្ធិដោយ thmeythmey.com