ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន នឹងទៅមីយ៉ាន់ម៉ា
02, Dec 2021 , 10:03 am        
រូបភាព
សម្ដេច ហ៊ុន សែន ប្រកាសពីបំណងទៅប្រទេសមីយ៉ាន់ម៉ា នាពេលខាងមុខ។ ដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន ទៅមីយ៉ាន់ម៉ា ក្នុងនាមជានាយករដ្ឋមន្រ្តី ដោយមិនយកតួនាទីជាប្រធានអាស៊ាន ទៅជួបមេដឹកនាំមីយ៉ាន់ម៉ាឡើយ។



ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលជាច្រើន ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២ ធ្នូ នេះ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា សម្ដេច នឹងអញ្ជើញរដ្ឋមន្រ្តីការបរទេសរបបយោធាមីយ៉ាន់ម៉ា លោក Wunna Maung Lwin មកកម្ពុជា នៅថ្ងៃទី៦-៧ ធ្នូ ដើម្បីពិភាក្សាកិច្ចការមួយចំនួន។ ក្រោយប្រមុខការទូតមីយ៉ាន់ម៉ាមកហើយ សម្ដេច នឹងទៅប្រទេសនោះ ដើម្បីជួបមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង វិញម្ដង។ ប៉ុន្តែសម្ដេច មិនបញ្ជាក់ពេលវេលាច្បាស់ឡើយ។
 
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល បានបង្ហើបពីការរៀបចំធ្វើជាម្ចាស់អាស៊ាន ឆ្នាំ២០២២ ផងដែរ។ សម្ដេច បានបញ្ជាក់ថា កម្ពុជា មិនបំផ្លាញផ្ទះខ្លួនឯង ក្នុងនាមជាម្ចាស់ផ្ទះអាស៊ាន ដើម្បីបំពេញចិត្តដៃគូខាងក្រៅឡើយ ។ ក្នុងន័យនេះ នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា ការប្រជុំអាស៊ាននៅកម្ពុជា គឺត្រូវមានសមាជិកទាំង១០របស់អាស៊ានចូលរួម ដោយមិនអាចបាត់ប្រទេសមួយណាឡើយ។
 
«បើអាស៊ានមានតែ៩ ហៅអាស៊ានម៉េចកើត អាស៊ានមានកុងសងស៊ីស បើមានកុងសងស៊ីស ទាល់តែមាន១០(ប្រទេស)»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលបានបន្ថែមថា មិនអាចយកអង្គការសហប្រជាជាតិ មកប្រៀបធៀបអាស៊ាន ហើយក៏មិនអាចយកអាស៊ានមិនអាចយកទៅធៀប ជាមួយអង្គការសហប្រជាជាតិបានឡើយ។
នាកិច្ចប្រជុំអាស៊ានតាមអនឡាញ លើកទី៣៨ និងទី៣៩ ដែលព្រុយណេ ធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី២៦ ខែតុលានោះ ក្រសួងការបរទេសនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានការពារជំហរមិនបញ្ជូនតំណាងមិនមែននយោបាយចូលរួមកិច្ចប្រជុំកំពូលអាស៊ានឡើយ ។ 
 
ក្រសួងការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ថា អាស៊ានអញ្ជើញលោក Chan Aye លេខាធិការអចិន្រ្តៃយ៍ក្រសួងការបរទេសឱ្យចូលរួមក្នុងជំនួបកំពូល ជំនួសលោក មីន អ៊ុងឡាំង ប្រមុខរបបសឹក។ ដោយសារហេតុនេះ មីយ៉ាន់ម៉ា ក៏សម្រេចមិនបញ្ជូនតំណាងតែម្ដង ព្រោះអាស៊ានបដិសេធអញ្ជើញប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល ឬរដ្ឋមន្រ្តីជាតំណាងមីយ៉ាន់ម៉ាឱ្យចូលប្រជុំ។
 
ក្រសួងការបរទេសមីយ៉ាន់ម៉ាបន្តថា ការទម្លាក់កម្រិតតំណាងរបស់មីយ៉ាន់ម៉ា និងតួនាទីក្នុងការជជែក និងការសម្រេចចិត្តពេលកិច្ចប្រជុំ គឺផ្ទុយពីគោលការណ៍ និងនីតិវិធីរបស់អាស៊ាន។ ទោះជាយ៉ាងណា ក្រសួងដដែលនេះ អះអាងថា អវត្តមានពេលនេះ មិនមែនជាការប្រឆាំងអាស៊ាន ឬការធ្វើពហិការអ្វីឡើយ តែជាការអនុវត្តសិទ្ធិក្នុងនាមជាសមាជិកស្របតាមគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអាស៊ានតែប៉ុណ្ណោះ។ទោះមានបញ្ហាក្ដី មេដឹកនាំអាស៊ាន ចាត់ទុកមីយ៉ាន់ម៉ាជាសមាជិកគ្រួសារអាស៊ានដដែល៕

Tag:
 ហ៊ុន សែន
  មីយ៉ាន់ម៉ា
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com