ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល ប្រកាសឈប់ឲ្យមានការធ្វើទស្សនកិច្ចនៅកំពង់ផែរាម
02, Dec 2021 , 6:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ (រូបពីវីដេអូផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន)។ ចំណែក រូបភ្លឺជាវង្វង់មូលទាំង៣ គឺជារូប ដែលបង្ហាញពីទីតាំងអគារថ្មី៣កន្លែងនៅកំពង់ផែរាម ដែលស្ថាប័នស្រាវជ្រាវមួយរបស់អាម៉េរិក ថតជាប់ដោយប្រព័ន្ធ Satellite កាលពីខែតុលា ឆ្នាំ២០២១ (រូបពីស្ថាប័នស្រាវជ្រាវ AMTI)។
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ (រូបពីវីដេអូផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន)។ ចំណែក រូបភ្លឺជាវង្វង់មូលទាំង៣ គឺជារូប ដែលបង្ហាញពីទីតាំងអគារថ្មី៣កន្លែងនៅកំពង់ផែរាម ដែលស្ថាប័នស្រាវជ្រាវមួយរបស់អាម៉េរិក ថតជាប់ដោយប្រព័ន្ធ Satellite កាលពីខែតុលា ឆ្នាំ២០២១ (រូបពីស្ថាប័នស្រាវជ្រាវ AMTI)។
ដោយ: ថ្មីៗ
រដ្ឋាភិបាលកម្ពុជា នឹងមិនចំណាយពេល ដើម្បីបកស្រាយអ្វីទៀតនោះទេ ចំពោះការចោទប្រកាន់របស់បរទេសថា កម្ពុជា បើកដៃឲ្យមហាអំណាចចិន បង្កើតមូលដ្ឋានកងទ័ពជើងទឹកនៅកំពង់ផែរាម ខេត្តព្រះសីហនុ។ លើសពីនេះ បើមានគណៈប្រតិភូបរទេស ស្នើសុំទៅធ្វើទស្សនកិច្ចនៅកំពង់ផែរាមដូចលើកមុន ក៏រដ្ឋាភិបាលកម្ពុជា លែងអនុញ្ញាតដែរ។


 
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ៣៧ខ្សែ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា៖«ខ្ញុំ មិននិយាយតទៅទៀតទេ អារឿងកំពង់ផែរាម។ ខ្ញុំ បានប្រាប់ទៅ [សម្តេច] ទៀ បាញ់ [រដ្ឋមន្រ្តីក្រសួងការពារជាតិ] ហើយ ឈប់និយាយរឿងកំពង់ផែរាម។ មេដឹកនាំកម្ពុជារូបនេះ បន្តថា៖«អ្នកណា ចង់សុំទៅទស្សនកិច្ចអី មិនបាច់ឲ្យទៅទេ ព្រោះកំពង់ផែរាម មិនមែនជាកន្លែងចោរលួចចោរប្លន់ទេ។ អ្នកឯង ចង់ថាម៉េចថាទៅ ឲ្យទៅមើលហើយ នៅមិនអស់ចិត្ត»។ 
 
កម្ពុជា រងការចោទប្រកាន់ពីបរទេសយូរហើយ ពិសេសពីសំណាក់អាម៉េរិកថា អនុញ្ញាតឲ្យចិន បង្កើតមូលដ្ឋានកងទ័ពជើងទឹកនៅកំពង់ផែរាម។ អាម៉េរិក ថែមទាំងធ្លាប់បញ្ចេញរូបភាព ដែលខ្លួនថតជាប់ដោយប្រព័ន្ធសេថេលឡាយ (Satellite) ឬផ្កាយរណប ទៅក្នុងរបាយការណ៍ផងដែរ ដោយអះអាងថា រូបភាពនោះ គឺជាអគារ ដែលត្រូវបានសាងសង់នៅកំពង់ផែរាម សម្រាប់បម្រើឲ្យកងទ័ពជើងទឹកចិន។
 
រដ្ឋាភិបាលកម្ពុជា ចេញមកបំភ្លឺមិនតិចដងទេចំពោះការចោទប្រកាន់នេះ តែអាម៉េរិក នៅតែមិនទទួលយក។ ដោយមិនជឿត្រឹមពាក្យសម្តីរបស់រដ្ឋាភិបាលកម្ពុជា ប្រទេសមហាអំណាចមួយនេះ ក៏ស្នើសុំទៅធ្វើទស្សនកិច្ចនៅកំពង់ផែរាម កាលពីអំឡុងខែមិថុនា ឆ្នាំ២០២១ ដើម្បីពិនិត្យមើលផ្ទាល់ភ្នែកខ្លួនឯង ថា ពិតជាគ្មានមូលដ្ឋានកងទ័ពជើងទឹកចិន ដូចសម្តីរបស់រដ្ឋាភិបាលកម្ពុជាដែរឬទេ។ រដ្ឋាភិបាលកម្ពុជា បានយល់ព្រមឲ្យមន្រ្តីយោធានៃស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ទៅបំពេញទស្សនកិច្ចនៅកំពង់ផែរាម។

ក្រោយបានទៅបំពេញទស្សនកិច្ចនៅកំពង់ផែរាមហើយ អាម៉េរិក នៅតែមិនស្ងប់ចិត្តដដែល។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ស្ថានទូតអាម៉េរិក បានបរិយាយថា៖«នៅ​ក្នុង​ពេលធ្វើ​ទស្សនកិច្ច មន្ត្រី​យោធា​កម្ពុជា​ មិន​បាន​អនុញ្ញាត​ឲ្យ​លោក​វរសេនីយ៍​ឯក Marcus Ferrara ​អនុព័ន្ធ​យោធានៃស្ថានទូតអាម៉េរិក ​ទៅ​មើល​គ្រប់​កន្លែង នៅ​ក្នុង​មូលដ្ឋាន​កងទ័ព​ជើង​ទឹកកំពង់ផែរាម​នោះ​ទេ»។ តាមរយៈសេចក្តីថ្លែងការណ៍ ស្ថានទូតអាម៉េរិក បង្ហាញបំណងចង់ស្នើសុំរដ្ឋាភិបាលកម្ពុជា ទៅធ្វើទស្សនកិច្ចនៅកំពង់ផែរាមម្តងទៀត។ 
 
ក្នុងពិធីសម្ពោធសមិទ្ធផលរបស់ខេត្តព្រះសីហនុខាងលើ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា៖«អ្នកឯង ចង់ទៅឆែកឆេរ អ្នកឯង ដើរតួជាស្អី? ខ្ញុំ ឲ្យទៅទស្សនកិច្ច អ្វីទៅដែលហៅថាទស្សនកិច្ច? វា ខុសពីការចុះធ្វើអធិការកិច្ច ឬឆែកឆេរ ឲ្យវា ដឹងភារកិច្ចហ្នឹងផង»។ 
 
មិនមែនតែបរទេសទេ អ្នកប្រឆាំងនៅកម្ពុជា តែងឃោសនាពីក្រៅប្រទេសថា រដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យចិន ដាក់មូលដ្ឋានកងទ័ពជើងទឹកនៅកំពង់ផែរាម។ ពួកគេ ជឿថា អាម៉េរិក មានភស្តុតាំងច្បាស់លាស់ ទើបអាម៉េរិក ហ៊ាននិយាយថា កំពង់ផែរាម មានមូលដ្ឋានកងទ័ពជើងទឹកចិន៕ 

Tag:
 ហ៊ុន សែន
  កំពង់ផែរាម
© រក្សាសិទ្ធិដោយ thmeythmey.com