អន្តរជាតិ
អ្នកជំនាញកំពូលអាមេរិកផ្នែកជំងឺឆ្លងថា វ៉ាក់សាំងកូវីដ១៩ អាចទប់ទល់នឹងវីរុសបំប្លែងថ្មី Omicron បានខ្លះ
02, Dec 2021 , 11:29 pm        
រូបភាព
វេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​វេជ្ជសាស្ត្រ​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden
វេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​វេជ្ជសាស្ត្រ​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden
ដោយ: VOA
អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា ពលរដ្ឋអាមេរិកាំងដែលបានចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ មាន «ការការពារបានខ្លះ» ប្រឆាំងនឹងវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង (Omicron) ប៉ុន្តែលោកថា អ្នកវិទ្យាសាស្ត្រអាចដឹងក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះថា តើគេចាំបាច់ត្រូវកែប្រែវ៉ាក់សាំងកូវីដ១៩ របៀបណា ដើម្បីធ្វើឱ្យវាកាន់តែមានប្រសិទ្ធភាពក្នុងការទប់ទល់នឹងវីរុសបំប្លែងថ្មីនេះ។

 
លោកវេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សាជាន់ខ្ពស់ផ្នែកវេជ្ជសាស្ត្ររបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីជំងឺកូវីដ១៩ នៅសេតវិមានថា «វីរុសបំប្លែងថ្មី [អូមីក្រុង] មានលក្ខណៈខុសប្លែកខ្លាំងពីវីរុសបំប្លែងថ្មីផ្សេងទៀត» នៃជំងឺកូវីដ១៩។
 
ទោះបីជាលោក Fauci បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ទាំង ៣ ប្រភេទដែលប្រើនៅក្នុងសហរដ្ឋអាមេរិកអាចជួយការពារអ្នកដែលបានចាក់វ៉ាក់សាំងទាំងនេះរួចហើយមិនឱ្យឈឺធ្ងន់ដោយសារវីរុសបំប្លែងថ្មីអូមីក្រុងនេះក៏ដោយ ក៏ «គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ» ថាតើវ៉ាក់សាំងទាំងនេះមានប្រសិទ្ធភាពប៉ុណ្ណានៅក្នុងការការពារអ្នកឆ្លងវីរុសបំប្លែងថ្មីនេះមិនឱ្យធ្លាក់ខ្លួនឈឺ។
 
លោកបានបន្ថែមដូច្នេះថា៖ «យើងជឿថា វាជាការឆាប់រហ័សពេកដែលអាចនិយាយអំពីកម្រិតគ្រោះថ្នាក់របស់វីរុសបំប្លែងថ្មីនេះនៅពេលនេះ។ យើងអាចដឹងបានច្រើនជុំវិញបញ្ហានេះនៅក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ»។
 
លោក Fauci បាននិយាយថា រហូតមកដល់ពេលនេះ មានករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុងនេះចំនួន ២២៦ ករណីរួចហើយនៅក្នុងប្រទេសចំនួន ២០ នៅលើពិភពលោក ប៉ុន្តែមិនទាន់មានករណីឆ្លងជំងឺនេះនៅក្នុងសហរដ្ឋអាមេរិកនៅឡើយទេ។ ទោះជាយ៉ាងនេះក្ដី មន្ត្រីសុខាភិបាលអាមេរិកបានសន្និដ្ឋានថា មិនយូរមិនឆាប់ វីរុសនេះនឹងមានវត្តមាននៅក្នុងសហរដ្ឋអាមេរិក៕

© រក្សាសិទ្ធិដោយ thmeythmey.com