អន្តរជាតិ
WHO សរសើរវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់កម្ពុជា
03, Dec 2021 , 1:59 pm        
រូបភាព
លោកវេជ្ជបណ្ឌិត Takeshi Kasai នាយកអង្គការ WHO ប្រចាំតំបន់បាស៊ីហ្វិកខាងលិច
លោកវេជ្ជបណ្ឌិត Takeshi Kasai នាយកអង្គការ WHO ប្រចាំតំបន់បាស៊ីហ្វិកខាងលិច
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៣ ខែធ្នូ បានសរសើរកម្ពុជាពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ថាបានល្អ។ ប៉ុន្តែអង្គការមួយនេះ បានអំពាវនាវឱ្យកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងទៀត ត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ករណីឆ្លងហក់ឡើងនាពេលខាងមុខ និងកុំពឹងផ្អែកតែលើវិធានការបិទព្រំដែន។

 
 
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣ ខែធ្នូ អង្គការសុខភាពពិភពលោកប្រចាំតំបន់បាស៊ីហ្វិកខាងលិច បានផ្តល់ព័ត៌មានបន្ថែម ទាក់ទិននឹងជំងឺឆ្លងកូវីដ-១៩ ក៏ដូចជាវិធានការទប់ស្កាត់ និងការផ្តល់វ៉ាក់សាំងបង្ការដល់ប្រទេសក្នុងតំបន់។ 
 
ពីវេទិកាធ្វើឡើងតាមប្រព័ន្ធវីដេអូ លោកវេជ្ជបណ្ឌិត Takeshi Kasai នាយកអង្គការ WHO ប្រចាំតំបន់បាស៊ីហ្វិកខាងលិច បានឆ្លើយសំណួរមួយរបស់អ្នកសារព័ត៌មានទាក់ទិនស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា។ បើតាមលោក Kasai កម្ពុជាបានផ្តល់វ៉ាក់សាំង ក្នុងចំនួនដ៏ខ្ពស់មួយដល់បុគ្គលិកសុខាភិបាល និងបុគ្គលងាយរងគ្រោះដោយសារជំងឺកូវីដ-១៩។ 
 
«យុទ្ធសាស្រ្ត ដែលកម្ពុជាអនុវត្ត...គឺជាការទប់ស្កាត់ដ៏ល្អមួយ»។ លោកKasai បានសរសើរបែបនេះ មុនពេលបន្ថែមថា ការគ្រប់គ្រងព្រំដែន គ្រាន់តែអាចកាត់បន្ថយហានិភ័យ និងពន្យារពេលករណីឆ្លងមកក្នុងប្រទេសប៉ុណ្ណោះ ប៉ុន្តែវាមិនអាចបញ្ឈប់ការរីកសាយរបស់វីរុសបានទាំងស្រុងឡើយ។ 
 
អ្នកជំនាញរូបនេះ បានជំរុញឱ្យកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ផ្សេងទៀត ត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់ សម្រាប់ករណីឆ្លងហក់ឡើងខាងមុខ ស្របពេលរីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួន អូមីក្រុង កំពុងរីករាលដាល។  លោក Kasai ក៏បានរំលឹកផងដែរថា វីរុសអូមីក្រុង អាចនឹងមានអត្រាឆ្លងខ្ពស់ ជាងវីរុសបំប្លែងខ្លួនផ្សេងទៀត។ វីរុសមួយនេះ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជី «វីរុសបំប្លែងខ្លួនគួរឱ្យបារម្ភ» របស់អង្គការ WHO។ 
 
ក្នុងសន្និសីទដដែល នាយកអង្គការ WHO តំបន់បាស៊ីហ្វិកខាងលិច បានអំពាវនាវឱ្យបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោក អនុវត្តយន្តការចំនួន ៥ចំណុច ដើម្បីបញ្ចៀសផលវិបាក ដែលអាចជះឥទ្ធិពលមកលើសង្គម និងសេដ្ឋកិច្ច។ 
 
ចំណុចទាំង ៥នោះ មានដូចជា ការបង្កើនការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩, វិធានការសង្គម និងវិស័យសុខាភិបាលសាធារណៈ ដូចជាពាក់ម៉ាស់ ឬរក្សាគម្លាត, ការគ្រប់គ្រងសកម្មភាពសង្គម ដូចជាការវាយតម្លៃពីស្ថានភាពជំងឺកូវីដ-១៩, ការយកចិត្តទុកដាក់លើអ្នកជំងឺកូវីដ-១៩ រួមទាំងការធ្វើចត្តាឡីស័ក , ការស្វែងរក និងធ្វើតេស្តលើអ្នកជំងឺកូវីដ-១៩ និងវិធានការគ្រប់គ្រងព្រំដែន។ 
 
បើតាមលោក  Kasai ចំណុចទាំង៥ នេះ គឺជាការសម្របខ្លួនរបស់បណ្តាប្រទេសក្នុងតំបន់ ដើម្បីអាចរស់នៅជាមួយនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេលយូរ ឬស្ថិតក្នុងករណីឆ្លងហក់ឡើងនាពេលអនាគត។ 
 
មកទល់ពេលនេះ បើទោះវីរុសបំប្លែងខ្លួន អូមីក្រុង ត្រូវបានអ្នកជំនាញជឿថា អាចមានអត្រាឆ្លងខ្ពស់ជាងវីរុសបង្កជាជំងឺកូវីដ-១៩ផ្សេង ដោយផ្អែកតាមទិន្នន័យនៅក្នុងប្រទេសអាហ្រ្វ៊ិកខាងត្បូង។ ប៉ុន្តែវាមិនទាន់មានរបាយការណ៍ថា វីរុសមួយនេះ អាចធ្វើឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ឡើយ។ យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្រ្ត នឹងតាមដានលើវីរុសអូមីក្រុងបន្ថែមទៀត៕ 

Tag:
 WHO
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com