អន្តរជាតិ
អាម៉េរិកនិងសហភាពអឺរ៉ុប បារម្ភពីសកម្មភាពឯកតោភាគីរបស់ចិននៅសមុទ្រចិនខាងត្បូង
03, Dec 2021 , 2:35 pm        
រូបភាព
អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក Wendy Sherman ។ រូបថត AFP
អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក Wendy Sherman ។ រូបថត AFP
អាម៉េរិក​ និងសហភាពអឺរ៉ុប ក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាមួយនៅថ្ងៃទី២ ខែធ្នូ បានបង្ហាញការព្រួយ បារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពដែលបង្កជាបញ្ហា និងឯកតោភាគីរបស់ចិននៅសមុទ្រចិនខាងត្បូង។ ដៃគូទាំងពីរនេះ ក៏សង្កត់ធ្ងន់លើតម្រូវការទំនាក់ទំនងគ្នាជិតស្និទ្ធបន្ថែមទៀត​ដើម្បី​គ្រប់គ្រង​ការ​ប្រកួត​ប្រជែងជាមួយទីក្រុងប៉េកាំង។



សេចក្តីថ្លែងការណ៍រួមអាម៉េរិក និងអឺរ៉ុប បានធ្វើឡើងបន្ទាប់ពីជំនួបនៅទីក្រុងវ៉ាស៊ីនតោនរវាង​អនុរដ្ឋ​មន្ត្រីការបរទេសអាម៉េរិក Wendy Sherman និងអគ្គលេខាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេសរបស់អឺរុប​ Stefano Sannino ។ 
 
ភាគីទាំងពីរសង្កត់ធ្ងន់ពី​សារសំខាន់​នៃ​ការ​បន្ត​ទំនាក់​ទំនង​ជិត​ស្និទ្ធរវាងអាម៉េរិក និងសហភាពអឺរ៉ុប​លើ​ការជ្រើសរើសវិធីសាស្ត្រ​​លើការ​វិនិយោគ​ពង្រីកសេដ្ឋកិច្ច និងកិច្ចសហការ​ជាមួយ​ចិន ក៏ដូចជាគ្រប់គ្រង​ការ​ប្រកួតប្រជែងជាប្រព័ន្ធជាមួយចិនដោយការទទួលខុស​ត្រូវផងដែរ។
 
បន្ថែមពីនេះ លោកស្រី Sherman និងលោក Stefano Sannino និយាយដល់សកម្មភាព​ដែល​បង្ក​បញ្ហា និងឯកតោភាគីរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត និង​ច្រក​សមុទ្រ​តៃវ៉ាន់​។ មន្រ្តីទាំងពីរយល់ថា សកម្មភាពនេះ បំផ្លាញសន្តិភាព និងសន្តិសុខក្នុងតំបន់ ហើយក៏បាន​ប៉ះ​ពាល់​ផ្ទាល់ដល់សន្តិសុខ និងការរីកចម្រើនរបស់អាម៉េរិក និងសហភាពអឺរ៉ុបនៅក្នុងតំប​ន់​ដែរ។
 
សេចក្តីថ្លែងការណ៍ដដែល បញ្ជាក់ថាភាគីទាំងពីរបានពិភាក្សាពីការរំលោភបំពានសិទ្ធិនៅចិន រួមមាន ការ​គាប​សង្កត់​សិទ្ធិជន​ភាគ​តិច​នៅ​តំបន់ស៊ីនជាំង និង​ទីបេ ព្រមទាំងការ​លុប​បំបាត់​ស្វ័យភាព​នៅ​ហុងកុងជាដើម។ 
 
ភាគីទាំងពីរក៏បានអះអាងថា ពួកគេបានត្រៀម​ខ្លួន​រួចជាស្រេចក្នុង​ការ​ពង្រឹង​ការ​ចែក​រំលែក​ព័ត៌មាន​ណាដែលមិន​ពិត ​និងត្រូវគាំទ្រ​ដោយភាគីចិន៕

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com