កីឡាជាតិ
ជាតិ
លោក វ៉ាត់​ ចំរើន៖ ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ​លើកទី​២៦ នឹងរួមចំណែក​ស្តារ​វិស័យកីឡា-ទេសចរណ៍​
03, Dec 2021 , 7:59 pm        
រូបភាព
ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៦ នឹងប្រារព្ធធ្វើឡើងនាថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ក្នុងគោលដៅ ដើម្បីស្តារឡើងវិញនូវវិស័យកីឡា-ទេសចរណ៍ និងសេដ្ឋកិច្ចសង្គម ។

 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងថា៖ «អ្វី ដែលពិសេសនៃទិវារត់ប្រណាំងអន្តរជាតិ លើកទី២៦ ឆ្នាំ២០២២នេះ គឺការស្តារឡើងវិញនូវ វិស័យកីឡា- ទេសចរណ៍ សេដ្ឋកិច្ចសង្គម ជាមួយការចាកចេញបន្តិចម្តងៗ ពីវិបត្តិជំងឺកូវីដ-១៩ ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវត្រៀមលក្ខណៈឲ្យបានល្អ ដើម្បីជួយជ្រោមជ្រែងការឧបត្ថម្ភគាំទ្រ ទាំងស្មារតី និងសម្ភារឡើងវិញ ទៅលើព្រឹត្តិការណ៍កីឡាទេសចរណ៍អន្តរជាតិមួយនេះ ហើយព្រឹត្តិការណ៍នេះ នឹងផ្តល់មកវិញនូវការងារ ការរីកចម្រើននូវផ្នែកសេដ្ឋកិច្ចសង្គម និងសេចក្តីសង្ឃឹម ជាបន្តបន្ទាប់នាថ្ងៃមុខទៀត»។ 
 
អគ្គលេខាធិការរូបនេះ បានអំពាវនាវឲ្យ មហាជនចូលរួមចុះឈ្មោះឲ្យបានច្រើន ។ មកដល់ពេលនេះ មានអ្នកចុះឈ្មោះប្រហែល ២០០០នាក់ហើយ ។ គណៈកម្មការបានកែប្រែចំនួនកំណត់អ្នកចុះឈ្មោះ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាល់នៃជម្ងឺកូវិត១៩ ដោយកំណត់យកត្រឹមតែ ២៥០០នាក់សម្រាប់អ្នកចូលរួម ប៉ុន្ដែពេលនេះ គណៈកម្មការ បានបើកឲ្យមានការចុះឈ្មោះ យ៉ាងទូលាយជាងចំនួនកំណត់ពីមុន ។ 
 
គួរបញ្ជាក់ដែរថា មុនពេលជួបការរាតត្បាត នៃជម្ងឺកូវិត១៩នេះ មានអ្នកចូលរួមប្រមាណប្រហែល១ម៉ឺនអ្នក ។ 
 
លោក សែម ផល្លា នាយកចាត់ការទូទៅ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ បានបញ្ជាក់ប្រាប់សារពត៌មាន ទាក់ទងទៅនិងការការពារ និងទប់ស្កាត់ កូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍នេះថា ៖ «យើងត្រូវមានការការពារសុវត្ថិភាព ការពារសុខភាពរបស់ កីឡាករ កីឡាការិនី និងអ្នកចូលរួម ព្រឹត្តិការណ៍របស់យើង ហើយមានការសហការពីមន្ទីពេទ្យ ។ ការបង្កើតការពិនិត្យសុខភាពច្រើនជាងមុន ដូចជាពិនិត្យមើលកម្ដៅ ធ្វើតេស្ដលើអ្នកចូលរួមណា ដែលមានកម្ដៅខុសពីធម្មតា ដោយមានរៀបចំកម្លាំងពេទ្យប្រចាំការនៅទីនោះ» ៕

© រក្សាសិទ្ធិដោយ thmeythmey.com