អន្តរជាតិ
លោក ប្លីងខិន៖ ​មេដឹកនាំចិន គួរគិតឱ្យច្បាស់មុនធ្វើសកម្មភាពអ្វីដាក់តៃវ៉ាន់
04, Dec 2021 , 9:19 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី៣ ខែធ្នូ ចេញមុខព្រមានទីក្រុងប៉េកាំងជាថ្មី ដោយលើកឡើងថា ប្រសិនបើចិនធ្វើសកម្មភាពអ្វីមួយដើម្បីឈ្លានពានកោះតៃវ៉ាន់ នោះចិននឹង​ទទួល​ផលវិបាកដ៏អាក្រក់។ លោក ប្លីងខិន ក៏សង្ឃឹមថា មេដឹកនាំចិននឹងគិតគូឱ្យច្បាស់​ដើម្បីកុំឱ្យសកម្មភាព​របស់ខ្លួនបង្កទៅជាវិបត្តិនៅច្រកសមុទ្រតៃវ៉ាន់។

ក្នុងកម្មវិធីមួយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ថ្ងៃទី៣ ខែធ្នូ ប្រមុខការទូតអាម៉េរិកអះអាងថា ចិន​បានព្យាយាមធ្វើសកម្មភាពជាច្រើនដើម្បីផ្លាស់ប្តូរស្ថានភាពជុំវិញកោះតៃវ៉ាន់ ហើយទីក្រុងប៉េកាំង​នៅ​តែទទូចថាកោះនេះជាទឹកដីស្របច្បាប់របស់ខ្លួន។
 
«ប៉ុន្តែជាថ្មីម្តងទៀត ខ្ញុំសង្ឃឹមថាមេដឹកនាំចិននឹងគិតយ៉ាងប្រុងប្រយ័ត្នអំពីបញ្ហានេះ និងមិនធ្វើ សកម្មភាពទាំងឡាយណាដែលនឹងផ្ដល់ផលវិបាកដ៏គួរឱ្យភ័យខ្លាចសម្រាប់មនុស្សជាច្រើន ហើយនេះ​មិនមែនជាផលប្រយោជន៍របស់នរណាម្នាក់ឡើយ ហើយក៏មិនមែនជាផលប្រយោជន៍ចិនផងដែរ»។ លោក អាន់តូនី ប្លីងខិន បន្តបែបនេះ។
 
តបនឹងសំណួរថា អាម៉េរិកនឹងបញ្ជូនទ័ពទៅតៃវ៉ាន់ប្រសិនបើមានការឈ្លានពានឬយ៉ាងណា លោក ប្លីងខិន ឆ្លើយថា អាម៉េរិកមានភាពច្បាស់លាស់ និងជាប់លាប់លើបញ្ហានេះច្រើនឆ្នាំមកហើយ។  អាម៉េរិក​បានប្តេជ្ញាចិត្តធ្វើឱ្យប្រាកដថាតៃវ៉ាន់មានមធ្យោបាយការពារខ្លួនពីការឈ្លានពាន ហើយ​ទីក្រុង​វ៉ាស៊ីនតោននឹងបន្តធ្វើឱ្យបានល្អលើការប្តេជ្ញាចិត្តមួយនេះ។
 
មួយរយៈរដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃឌិន កំពុងព្យាយាមពង្រីក​វត្តមាន​តៃវ៉ាន់​នៅ​ក្នុង​ប្រព័ន្ធ​អន្តរជាតិបន្ថែមទៀត និងការពារតៃវ៉ាន់ពីចិន។ អាម៉េរិក បានអញ្ជើញតៃវ៉ាន់ឱ្យចូលរួមជំនួបប្រជាធិបតេយ្យនៅសប្ដាហ៍ក្រោយ ដែលធ្វើឱ្យទីក្រុងប៉េកាំងរិះគន់យ៉ាងខ្លាំង៕

Tag:
 ចិន
  អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com