ជាតិ
ការសាងសង់ផ្លូវជាតិលេខ១០ ពីសំឡូត-វាលវែង-អូរសោម-កោះកុង សម្រេចបានជិត៥៥ភាគរយហើយ
04, Dec 2021 , 9:59 pm        
រូបភាព
ផ្លូវ​ជាតិ​លេខ​១០​ ក្នុង​ដំណើរ​ការ​សាងសង់​។ រូប​ភាព​ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​
ផ្លូវ​ជាតិ​លេខ​១០​ ក្នុង​ដំណើរ​ការ​សាងសង់​។ រូប​ភាព​ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​
ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ភ្ជាប់ពីសំឡូត-វាលវែង-អូរសោម ដល់កោះកុង ដែលមានប្រវែង ១៩៨,៧១គីឡូម៉ែត្រ សម្រេចបាន៥៤,៨៩ភាគរយហើយ គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២១នេះ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ការសាងសង់ផ្លូវនេះ គ្រោងចំណាយថវិកាប្រមាណ ១៨៨,៣៨លានដុល្លារ ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។

 
កាលពីថ្ងៃទី៣ ធ្នូ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចុះពិនិត្យគម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត-វាលវែង-អូរសោមដល់កោះកុង។ ក្នុងដំណើរចុះត្រួតពិនិត្យការសាងសង់នេះ ក្រសួងសាធារណការ អះអាងថា គិតត្រឹមចុងខែវិច្ឆិកានេះ គម្រោងសាងសង់ផ្លូវលេខ១០ សម្រេចបាន ៥៤,៨៩ភាគរយហើយ ខណៈបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។ 
 
គម្រោងសាងសង់ផ្លូវជាតិលេខ១០នេះ មានប្រវែង ១៩៨,៧១គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត-វាលវែង-អូរសោមដល់កោះកុង ដែលសាងសង់ស្របតាមបច្ចេកទេសកម្រិត៣របស់ប្រទេសចិន មានទទឹងតួផ្លូវចំនួន ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST) និងសាងសង់ស្ពានចំនួន២៣កន្លែងប្រវែង១៧២១,៤៦ម៉ែត្រ។ ក្រសួងសាធារណការ បន្តថា ក្នុងចំណោមស្ពានទាំង២៣ មានស្ពានមួយខ្ពស់ជាងគេ មានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ដែលបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។


គម្រោង​សាងសង់​ផ្លូវ​ជាតិ​លេខ​១០។ រូប​ភាព​ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​

បើតាមក្រសួងសាធារណការ គម្រោងផ្លូវនេះ បានជ្រើសរើសគន្លងផ្លូវថ្មីប្រវែង ៦៥,៨៩គីឡូម៉ែត្រ ដោយធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន និងជម្រកសត្វព្រៃ។

គម្រោងសាងសង់ផ្លូវនេះ គ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ ពីខែធ្នូ ឆ្នាំ២០១៩-ខែធ្នូ ឆ្នាំ២០២៣ ដោយចំណាយថវិកាប្រមាណ ១៨៨,៣៨លានដុល្លារ ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ។
 
ក្រសួងសាធារណការ លើកឡើងថា ផ្លូវជាតិលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងតំបន់។ ជាមួយគ្នានេះ នឹងរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដោយចំណាយតិចជាពិសេសជាមួយប្រទេសជិតខាង៕ 


ផ្លូវ​ជាតិ​លេខ​១០​ ដែល​កំពុង​ដំណើរការ​សាងសង់​។ រូប​ភាព​ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​


លោក​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ក្នុង​ដំណើរ​ការ​ចុះ​ពិនិត្យ​គម្រោង​សាងសង់​ផ្លូវ​ជាតិ​លេខ​១០
 

Tag:
 ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com