ជាតិ
អ្នកស្រី សារ៉ាន់ សប្បាយចិត្តក្នុងការភ្ជាប់អនុស្សាវរីយ៍អង្គរ ជាមួយទេសចរតាមរយៈរូបថត
04, Dec 2021 , 11:19 pm        
រូបភាព
សៀមរាប៖ អ្នកស្រី ឯក សារ៉ាន់ ជាអ្នកថតរូបនៅរមណីយដ្ឋានអង្គរ អស់រយៈពេល៧ឆ្នាំមកហើយ។ ដ្បិតវ័យច្រើន តែអ្នកស្រី សារ៉ាន់ មានសមត្ថភាព ក្នុងការផ្ដិតរូបភាពសម្រាប់អតិថិជនរបស់ខ្លួន មិនចាញ់យុវវ័យឡើយក្រោយរៀនថតមួយខែ។ សម្រាប់អ្នកស្រី ការងារជាជាងថតរូប មិនត្រឹមតែផ្ដល់ចំណូលដល់ខ្លួនឡើយ តែវាបានរក្សាការចងចាំ រវាងទេសចរ និងរមណីយដ្ឋានអង្គរ តាមរូបថតផងដែរ។


 
តទៅនេះសូមលោក-អ្នកនាង ទស្សនាបទសម្ភាសរវាង លោក ស៊ុល រ៉វី អ្នកសារព័ត៌មាននៃថ្មីៗ២៥រាជធានី-ខេត្ត និងអ្នកស្រី ឯក សារ៉ាន់ ជាងថតរូបនៅរមណីយដ្ឋានអង្គរដូចតទៅ៖ 

 
 
លុះដល់ពេលសន្ធិប្រកាស ទេសចរគ្រប់រូប រួសរាន់ចេញពីប្រាង្គប្រាសាទអង្គរវត្ត តាមសួនរុក្ខជាតិ និងខ្លះទៀតដើរតាមផ្លូវដើរថ្មី។ នាផ្លូវស្ថាបនាថ្មីចូលទៅកាន់អង្គរវត្ត មានជាងថតរូប៥នាក់ កំពុងឈរស្ពាយកាំមេរ៉ា រង់ចាំភ្ញៀវទេសចរថតរូបទុកជាអនុស្សាវរីយ៍។ ជាងថតរូបនៅអង្គរ មានទាំងវ័យចំណាស់ និងជំទង់ ដែលក្នុងដៃកាន់រូបថតគំរូជាច្រើនសន្លឹក ដើម្បីបង្ហាញទេសចរ។ ក្នុងចំណោមជាងថតទាំងនេះ មានស្ត្រីវ័យ៤៨ឆ្នាំម្នាក់ ត្រៀមខ្លួនជាស្រេចដើម្បីថតរូបទេសចរ នាពេលព្រះអាទិត្យបញ្ចេញពន្លឺពណ៌មាស លើប្រាសាទអង្គរវត្ត។ អ្នកថតរូបនោះ គឺអ្នកស្រី ឯក សារ៉ាន់ ដែលបានចំណាយពេល៧ឆ្នាំមកហើយ ក្រោមឈ្មោះជាជាងថតរូបស្ត្រី នៅរមណីយដ្ឋានអង្គរ។
 
ចំពោះអ្នកស្រីសារ៉ាន់ ជាង៧ឆ្នាំមកនេះ ការងារជាជាងថតរូបរបស់ខ្លួន បានផ្ដល់នូវការចងចាំ និងអនុស្សាវរីយល្អៗ រវាងរមណីយដ្ឋានអង្គរ នឹងអ្នកទេសចរ ដែលបានមកកម្សាន្តនៅទីនេះ តាមរយៈរូបថត ដែលផ្ដិតដោយអ្នកស្រី។
 
កំពុងជជែកអំពីជំនាញថតរូបរបស់ខ្លួន អ្នកស្រី សារ៉ាន់ ស្រាប់នឹកឃើញនិយាយ ពីនិន្នាការភ្ញៀវបច្ចុប្បន្ន និយមថតរូប ដោយផ្ញើតាមតេឡេក្រាម ជាងយករូបសន្លឹក។ អ្នកស្រីលើកឡើងដូច្នេះ៖«ឥឡូវហ្នឹង បើ(រូប)សន្លឹកចាស់ៗ គេច្រើនតែយកសន្លឹក ដល់ពេលក្មេងៗច្រើនតែយកតាមតេឡេក្រាមវិញ»។ ដូច្នេះការថតសន្លឹកមិននិយមដូចមុន តែការងារជាអ្នកផ្ដល់សេវាថតរូប នៅតែអាចឈរជើងបន្តដដែល។
 
ឆ្លៀតពេលអ្នកស្រី កំពុងចាំទេសចរ អ្នកស្រីបានផ្ដល់បទសម្ភាសន៍ ដល់សារព័ត៌មានថ្មីៗ២៥ដោយរម្លឹកពីចំណេះថតរូបរបស់ខ្លួនដូច្នេះ៖«ខ្ញុំចេះមកពីកូនបង្រៀន។ កូនបង្រៀនបានប្រហែលជាមួយខែដែរ។ អ៊ំចេះមកថតទាំងប្រថុយប្រថានតើនេះ»។ 
 
តាមពិតទៅ អ្នកស្រី សារ៉ាន់ មិនមែនជាអ្នកខេត្តសៀមរាបឡើយ គឺអ្នកស្រីជាអ្នកខេត្តស្វាយរៀង ដែលចំណាកស្រុក មករស់នៅខេត្តសៀមរាប តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។ អ្នកស្រីបានប្រាប់ពីមូលហេតុ ដែលអ្នកស្រីចាប់របរជាជាងថតរូបនេះដូច្នេះ៖ «ដំបូងមិនមែនមានតែខ្ញុំទេ គឺមានស្រីៗច្រើនដែរ។ ខ្ញុំក៏ចូលតាមគេ តាមឯងទៅ។ ដល់ពេលខ្ញុំ អត់មានការងារចេះតែមក តាមគេតាមឯងទៅ»។ 
 
ដ្បិតខ្លួនជាស្រ្តី តែអ្នកស្រីមិនដែលគិតថា ការងារជាជាងថតរូបនេះជាការងារសម្រាប់តែបុរសឡើយ។ អ្នកស្រីបន្ថែមដូច្នេះ៖ «អ្នកដំណើរគេមកលេង គេថានេះមុខរបរមនុស្សប្រុស តែឥឡូវមានមនុស្សស្រី មកថតមកអីដែរ»។ តាមរយៈសម្ដីមួយឃ្លានេះ បានក្លាយជាពាក្យលើកទឹកចិត្តសម្រាប់អ្នកស្រី ឱ្យបន្តអាជីព និងមានមោទកភាពសម្រាប់ខ្លួនឯង។ 
 
ថ្មីបើជំនាញថតរូបនេះ អ្នកស្រី សារ៉ាន់ ចេះពីកូនខ្លួនក្ដី ប៉ុន្តែអ្នកស្រី មានសម្ថតភាពថត មិនចាញ់យុវជនរួមអាជីពឡើយ។ ពោលគឺអ្នកស្រី អាចផ្ដិតរូបស្រស់ស្អាត បំពេញចិត្តភ្ញៀវខ្លួន។ អ្នកស្រីបន្ថែមទៀតថា ភាពប៉ិនប្រសប់របស់ខ្លួន គឺកើតចេញពីការអនុវត្តរាល់ថ្ងៃ និងចិត្តស្រឡាញ់ស្នាដៃ។
 
ដ្បិតអាជីពជាងថតរូប នៅតែមានវត្តមាននៅរមណីយដ្ឋានអង្គរ ប៉ុន្តែការងារមួយនេះ ក៏ទទួលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ មិនខុសពីអាជីវកម្មដទៃឡើយ។ ក្រោយរដ្ឋាភិបាលបើកប្រទេសឡើងវិញនេះ ទេសចរក្នុងប្រទេស ក៏ចាប់ផ្ដើមចេញដើរកម្សាន្ត មកកាន់រមណីយដ្ឋានអង្គរបណ្ដើរៗវិញដែរ។ ការបើកប្រទេសឡើងវិញនេះ បានក្លាយជាឱកាសសម្រាប់អ្នកស្រី សារ៉ាន់ និងអ្នកថតរូបឯទៀត អាចរកចំណូលបានឡើងវិញ បើទោះមិនបានច្រើនដូចមុន ប៉ុន្តែក៏បានជួយសម្រាលបន្ទុកជីវភាពពួកគាត់ខ្លះដែរ៕ 

Tag:
 ឯក សារ៉ាន់
 ជាងថតរូប
  រមណីយដ្ឋានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com