ជាតិ
សម្ដេច ហ៊ុន សែន ៖ ហ៊ុន ម៉ាណែត មិនទាន់ដល់ពេល ធ្វើនាយករដ្ឋមន្ត្រីឡើយ ខណៈមេដឹកនាំចាស់ៗនៅឈរជើង
06, Dec 2021 , 10:01 am        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ទោះបីជា ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីក្តី ប៉ុន្តែរូបគេមិនទាន់ដល់ពេលវេលាកាន់តួនាទីនេះឡើយ។ សម្ដេចថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ១១ និងផ្លូវក្នុងខេត្តព្រៃវែង នាថ្ងៃទី៦ ធ្នូ ២០២១។



«មេដឹកនាំសព្វថ្ងៃ ដែលកំពុងនៅនេះ ពេលដែលគេចូលធ្វើការ គេបានទាំងពរ ហ៊ុន ម៉ាណែត លេងផង។ អ៊ីចឹងមិនអាចយក ហ៊ុន ម៉ាណែត ទៅប្រធាន(បក្ស) របស់អ្នកទាំងហ្នឹងទេ»។ នេះជាការពន្យល់របស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា ការបង្ហើបព័ត៌មានពីកូនប្រុសច្បងខ្លួន លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីនេះ គឺគ្រាន់តែចង់ឆ្លើយតបទៅនឹងអ្នកវិភាគលើការបន្តវេនពីសម្ដេច នៅក្នុងជួរគណបក្សប្រជាជនប៉ុណ្ណោះ។
 


ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាល បានពន្យល់ថា កូនប្រុសខ្លួន អាចធ្វើនាយករដ្ឋមន្រ្តីបាន លុះត្រាតែផុតពីមេដឹកនាំចាស់ៗក្នុងជួរបក្ស ពោលគឺរូបគេ ត្រូវធ្វើការជាយុវជន ដែលជាឈាមថ្មីនៅក្នុងបក្ស។ ម្យ៉ាងទៀតលោក ហ៊ុន ម៉ាណែត មិនទាន់ជាសមាជិករដ្ឋសភា ព្រោះនាយករដ្ឋមន្រ្តី ត្រូវតែជាសមាជិករដ្ឋសភា។«អ្នកមេដឹកនាំសំខាន់ៗ គឺថាបើចេញ គឺចេញទាំងអស់គ្នាតែហ្មង ហើយដាក់អេគីបថ្មី [យុវជន ឬឈាមជំនាន់ក្រោយ] ចូល»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបន្ថែមថា លោក ហ៊ុន ម៉ាណែត អាចធ្វើនាយករដ្ឋមន្រ្តីបាន ត្រូវរង់ចាំដល់ឆ្នាំ២០៣០។
 
បើតាមលោកនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត មិនទាន់អាចដល់ពេលមកធ្វើនាយករដ្ឋមន្រ្តីភ្លាមៗ ខណៈមេដឹកនាំចាស់ៗ ដូចជា សម្ដេច ហេង សំរិន សម្ដេច សាយ ឈុំ សម្ដេច ស ខេង សម្ដេច ទៀ បាញ់ ដែលជាអ្នកតស៊ូពីមុនមក កំពុងឈរជើងនៅក្នុងជួរបក្សនោះទេ។
 
សម្រាប់មេដឹកនាំចាស់ៗទាំងនេះ ប្រមុខរដ្ឋាភិបាល នៅតែបន្តនិយាយថា បើសិនជាមេដឹកនាំចាស់ៗ ធ្វើនាយករដ្ឋមន្ត្រីនោះ ទុកឱ្យសម្ដេច ធ្វើនាយករដ្ឋមន្រ្តីដដែល វាជារឿងមួយស្រួលជាង។
 
សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ទោះបីជាកូនប្រុសខ្លួន ជាបេក្ខជននាយករដ្ឋមន្ត្រីក្តី ក៏ត្រូវជ្រើសចេញពីការបោះឆ្នោតនៅក្នុងជួរគណបក្សដែរ ពោលគឺមិនមែនកើតចេញតែពីការគាំទ្ររបស់សម្ដេច តែម្នាក់ឯងនោះទេ។ បន្ថែមពីនេះ បើសិនជាលោក ហ៊ុន ម៉ាណែត ប្រព្រឹត្តិខុសអ្វីមួយ ក្នុងអំឡុងពេលនេះ លោកក៏ត្រូវបាត់បង់បេក្ខភាពជានាយករដ្ឋមន្ត្រីដែរ។ 
 
«បើហ៊ុន ម៉ាណែត ធ្វើខុសក៏ខ្ញុំមិនគាំទ្រឱ្យកូនខ្ញុំធ្វើនាយករដ្ឋមន្ត្រីដែរ ព្រោះវាប៉ះពាល់ដល់បក្ស»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា បេក្ខជននាយករដ្ឋមន្រ្តីក្នុងបក្ស ដែលសម្ដេចបានកំណត់ក្នុងចិត្តហើយ គឺមាន៤រូប ខណៈលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលធ្លាប់បានលើកឡើងកន្លងមក។

បន្ថែមពីនេះសម្ដេច ក៏ជំរុញឱ្យមន្ត្រីក្នុងជួរបក្សគណបក្សប្រជាជនទាំងអស់ ដាក់បេក្ខភាពនាយករដ្ឋមន្រ្តី ឈរឈ្មោះប្រជែងជាមួយលោក ហ៊ុន ម៉ាណែត កូនប្រុសសម្ដេចផងដែរ។

Tag:
 ហ៊ុន សែន
  ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com