កីឡាអន្តរជាតិ
អន្តរជាតិ
Rangnick ៖ Fred ជាពន្លឺជ័យជម្នះដល់ក្រុម ឯ Ronaldo ពូកែដេញបិទបាល់
06, Dec 2021 , 4:26 pm        
រូបភាព
រូបភាព Facebook៖​Manchester United
រូបភាព Facebook៖​Manchester United
លោក Ralf Rangnick សរសើរ Fred ថាជាពន្លឺព្រះអាទិត្យ ដែលនាំពន្លឺជ័យជម្នះមកកាន់ក្រុម ក្រោយកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានស៊ុតបាល់១គ្រាប់ លើក្រុម Crystal Palace នាថ្ងៃទី៥ ខែវិច្ឆិកា។ Manchester United យកឈ្នះក្រុមភ្ញៀវ Crystal Palace ១-០។



១ គ្រាប់របស់ Fred នៅនាទី៧៧ ដែលជាការបញ្ជូនបាល់ពីកីឡាករខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood បានជួយដល់ការដឹកនាំក្រុមលើកដំបូងលោក Ralf Rangnick ទទួលបានជ័យជម្នះជាមួយទម្រង់លេងដេញ និងដណ្តើមបាល់យ៉ាងល្អ។ ក្នុងនាមជាអ្នកចាត់ការទូទៅបណ្តោះអាសន្នរហូតដល់ចប់រដូវកាលនេះ លោក Rangnick ថា ការប្រកួតទល់ Crystal Palaceនេះ កូនក្រុមប្រមូលអារម្មណ៍និងគ្រប់គ្រងការប្រកួតបានល្អ។
 
«ខ្ញុំគិតថាអ្នកទាំងអស់គ្នាពេលនេះកំពុងស្រលាញ់ Fred ហើយអ្នកទាំងអស់ត្រូវតែស្រលាញ់លើ Fred ខ្ញុំទើបតែស្គាល់គេបាន២ថ្ងៃប៉ុណ្ណោះ តែគេដូចជាពន្លឺព្រះអាទិត្យសម្រាប់ក្រុមទាំងមូលអ៊ីចឹង»។លោក Rangnick បាននិយាយប្រាប់សារព័ត៌មាន BBC ក្រោយចប់ការប្រកួត។


 
មិនត្រឹមតែ Fred ម្នាក់ប៉ុណ្ណោះអ្នកចាត់ការវ័យ៦៣ឆ្នាំរូបនេះ ក៏បានលើកពីកីឡាករក្រុមបិសាចក្រហមទាំងអស់ និងសរសើរ Cristiano Ronaldo ថា គេធ្វើការបានយ៉ាងល្អជាមួយការដេញបិទបាល់។
 
«ខ្ញុំពិតជាសប្បាយចិត្តពីទម្រង់លេងរបស់ក្រុម ជាពិសេសនៅតង់ទីមួយជាមួយការតាមបិទបាល់ គឺវាពិតជាពិសេសខ្លាំងណាស់ ប៉ុន្តែរឿងដែលនៅខ្វះនោះគឺការរកគ្រាប់បាល់ ១-០ ឬ ២-០។ ពួកយើងចង់លេងទម្រង់មានខ្សែប្រយុទ្ធ២នៅខាងលើ ជាពិសេសជាងនេះគឺតំបន់កណ្តាលតែម្តង ហើយចំពោះ Cristiano Ronaldo រូបគេពិតជាដេញបិទបាល់បានល្អខ្លាំងណាស់»។នេះជាការលើកឡើងរបស់លោក Rangnick។


 
ឈរលេខ៦ ក្នុងតារាង Premier League បណ្តោះអាសន្នបិសាចក្រហម Man UTD រកបាន២៤ពិន្ទុពីការប្រកួត១៥សប្តាហ៍នាំមុខកាំភ្លើងធំ Arsenal ដែលឈរលេខ៧ មាន២៣ពិន្ទុពីការប្រកួត១៤សប្តាហ៍។ Manchester City ឡើងឈរលេខ១ ខណៈលេខ២ Liverpool និងលេខ៣ Chelsea៕

Tag:
 Ralf Rangnick
  Fred Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com