កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Hamilton និង Verstappen ឈានដល់ជំនួបកាត់ក្តីចុងក្រោយដើម្បីប្រជែងជើងឯក F1
06, Dec 2021 , 7:59 pm        
រូបភាព
Lewis Hamilton ប្រជែងឈ្នះ Max Verstappen ក្នុងការប្រណាំង Formula One ដើម្បីទទួលជ័យជម្នះនៅកម្មវិធី Saudi Arabian Grand Prix ប្រទេសអារ៉ាប៊ីសាអូឌីត។ ជ័យជម្នះនេះបានធ្វើឱ្យ Hamilton តាមស្មើពិន្ទុ Verstappen ហើយកីឡាករទាំងពីរត្រូវកាត់សេចក្តីថាអ្នកណាជាជើងឯក F1 រដូវកាល២០២១ នាជំនួបផ្តាច់ព្រ័ត្រនៅ Abu Dhabi សប្តាហ៍ក្រោយ។


នាការប្រណាំងនៅទីលានទី២១ដ៏ស្វិតស្វាញនៅថ្ងៃទី៥ ខែធ្នូ ម្ចាស់ជើងឯក៧សម័យ ដែលបើកបរឱ្យក្រុម Mercedes បានទៅដល់ទីមុនគេដោយប្រើពេល ២ម៉ោង ៦នាទី និង១៥វិនាទី។ Verstappen របស់ក្រុម Red Bull បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ តាមពីក្រោយដោយ Valtterri Bottas មិត្តរួមក្រុម Mercedes។
 
នេះជាជ័យជម្នះលើកទី៨ និង៣លើកជាប់គ្នាចុងក្រោយនៅទីលានប្រទេសអារ៉ាប់របស់ Hamilton។ ការឈ្នះ៣លើកជាប់គ្នាចុងក្រោយនេះ បានជួយអ្នកប្រណាំងសញ្ជាតិអង់គ្លេស តាមស្មើពិន្ទុគូប្រជែង Verstappen ដែលឈរកំពូលតារាង F1 បណ្តោះអាសន្នចំនួន ៣៦៩,៥ ដូចគ្នា។ 
 
ដោយសារការប្រណាំ F1 ឆ្នាំ២០២១នេះ នៅសល់តែមួយលើកទៀត ដូច្នេះមានន័យថាកម្មវិធី Abu Dhabi Grand Prix ប្រទេសអេមីរាតអារ៉ាប់រួមដែលនឹងធ្វើនៅសប្តាហ៍ក្រោយ ក្លាយជាទីលានកាត់សេចក្តីឈ្នះចាញ់រវាង Hamilton និង Verstappen។ តើ Hamilton អាចឈ្នះ F1 ជាលើកទី៨ ឬក៏ Verstappen អ្នកប្រណាំសញ្ជាតិហូឡង់អាចគ្រងជើងឯកកីឡាប្រណាំងរថយន្តពិភពលោកលើកដំបូងក្នុងអាជីពរបស់គេ។
 
ដោយឡែក សម្រាប់ការប្រជែងគ្នាផ្នែកគ្រឿងម៉ាស៊ីន ក្រុម Mercedes បានកើនគម្លាតពិន្ទុនាំមុខក្រុម Red Bull ចំនួន២៨ពិន្ទុវិញ។ Mercedes ដែលគ្រងតំណែងនេះឆ្នាំមុនឈរកំពូលតារាងមាន ៥៨៧,៥ពិន្ទុ ខណៈ Red Bull នៅលេខ២រកបាន ៥៥៩,៥ពិន្ទុ៕
 

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com