កីឡាអន្តរជាតិ
អន្តរជាតិ
CNN៖ អាម៉េរិក នឹងធ្វើពហិការការទូតអូឡាំពិកប៉េកាំង
06, Dec 2021 , 10:29 pm        
រូបភាព
រដ្ឋបាលប្រធានាធិបតីអាម៉េរិកចូ បៃឌិន នឹងប្រកាសធ្វើពហិការការទូតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉េកាំងឆ្នាំ ២០២២ នៅទីក្រុងប៉េកាំងនៅសប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត CNN នៅថ្ងៃទី៥ ខែធ្នូ។



លោក បៃឌិន កាលពីខែមុនអះអាងថា អាម៉េរិកពិចារណាធ្វើពហិការការទូតនៃព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលជាវិធានមួយដើម្បីប្រឆាំងនឹងកំណត់ត្រាសិទ្ធិមនុស្សដ៏អាក្រក់របស់ចិនទៅលើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចដទៃទៀតនៅស៊ីនជាងំង។ ក្រុងវ៉ាស៊ីនតោនបានចាត់ទុកទង្វើរបស់ចិនថាជាអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិច ដែលកំពុងរស់នៅលើទឹកដីពួកគេ។
 
ការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិកខាងលើនេះ ក៏ដោយសារលោកបៃឌិន រងសម្ពាធពីសកម្មជនសិទ្ធិមនុស្ស និងសមាជិកសភា ដើម្បីជំរុញលោកកុំឱ្យបញ្ូននមន្ត្រីទៅចួលរួមពិធីបើកព្រឹត្តិការណ៍កីឡារដូវរងាដែលនឹងចាប់ផ្តើមនៅដើមខែកុម្ភៈឆ្នាំក្រោយ។
 
ក្រោយពិចារណារយៈពេលជិត៣សប្តាហ៍ រដ្ឋបាលលោកបៃឌិនសម្រេចថា អាម៉េរិកនឹងប្រកាសផ្លូវការជុំវិញការធ្វើពហិការមន្ត្រីខ្លួនក្នុងការប្រកួតអូឡាំពិកក្រុងប៉េកាំងឆ្នាំ២០២២នៅចុងសប្តាហ៍នេះ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ CNN។ ក្រសួងការបរទេសអាម៉េរិកនៅមិនទាន់បានឆ្លើយតបទៅនឹងសំណួរអំពីរបាយការណ៍មិនបញ្ជូនមន្ត្រីខ្លួនទៅកាន់ប្រទេសនេះនៅឡើយទេ។ 
 
បើទោះធ្វើពហិការការទូតក្តី ប៉ុន្តែសម្រាប់អត្តពលិកអាម៉េរិកនៅតែបញ្ជូនទៅកាន់ក្រុងប៉េកាំងដើម្បីប្រកួតប្រជែងមេដាយធម្មតា។
 
អំឡុងពេលអាម៉េរិក រួមទាំងដៃគូដែលរួមមានអង់គ្លេស និងអូស្ត្រាពិចារណាធ្វើពហិការអូឡាំពិករដូវងា ម្ចាស់ផ្ទះចិនតាមរយៈការចុះផ្សាយរបស់កាសែតរដ្ឋ Global Times ថាចិនមិនមានគម្រោងអញ្ជើញអ្នកនយោបាយលោកខាងលិចទៅចូលរួមពិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ឡើយ។
 
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមេដឹកនាំសំខាន់មួយរូបគត់ក្នុងចំណោមប្រទេសមហាអំណាច ដែលទទួលយកការអញ្ជើញពីសំណាក់ម្ចាស់ផ្ទះចិន ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដែលនឹងចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២៕

Tag:
 Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com