ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន បញ្ជូនមនុស្ស «ឲ្យទៅដើរតាមផ្សារ» ចង់ដឹងគេនិយាយអ្វីខ្លះ ពីបេក្ខជននាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត
07, Dec 2021 , 1:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ឈរលើរថយន្តខាងមុខ និង លោក ហ៊ុន ម៉ាណែត ឈរលើរថយន្តខាងក្រោយ ក្នុងពិធីរម្លឹកខួប២០ឆ្នាំនៃការបង្កើតកងទ័ពជើងគោក ដែលប្រារព្ធឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។
សម្តេច ហ៊ុន សែន ឈរលើរថយន្តខាងមុខ និង លោក ហ៊ុន ម៉ាណែត ឈរលើរថយន្តខាងក្រោយ ក្នុងពិធីរម្លឹកខួប២០ឆ្នាំនៃការបង្កើតកងទ័ពជើងគោក ដែលប្រារព្ធឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។
ដោយ: ថ្មីៗ
«ក្នុងការដឹកនាំប្រទេស ក្រៅពីត្រកូលហ៊ុន មិនដឹងទុកចិត្តអ្នកណាទេ»។ នេះជាពាក្យសម្តី ដែលសម្តេច ហ៊ុន សែន ទទួលបានពីក្នុងផ្សារ និងតាមហាងកាហ្វេ។


 
ក្រោយពីប្រកាសគាំទ្រលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បង ឲ្យឈរជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាឪពុក ពិតជាចង់ដឹងណាស់ថា មហាជន យល់ឃើញយ៉ាងណាចំពោះការប្រកាសជាចំហនេះ។ ពិតប្រាកដហើយ បណ្តាញសង្គម និងបណ្តាញសារព័ត៌មាន គឺជាមធ្យោបាយដ៏សំខាន់មួយ ដែលសម្តេចនាយករដ្ឋមន្រ្តី អាចតាមដានមើល ដើម្បីដឹងពីការយល់ឃើញរបស់មហាជនទៅលើលោក ហ៊ុន ម៉ាណែត និងដើម្បីដឹងថា លោក ហ៊ុន ម៉ាណែត មានការគាំទ្រប៉ុនណា។ 
 
យ៉ាងណា បណ្តាញសង្គម និងបណ្តាញសារព័ត៌មាន នៅតែមិនអាចធ្វើឲ្យសម្តេចនាយករដ្ឋមន្រ្តី ទទួលបានព័ត៌មានគ្រប់កន្លុកកន្លៀតកៀនកោះអស់ដែរ ដូចជា នៅតាមផ្សារ និងតាមហាងកាហ្វេ ជាដើម។ សម្តេច ក៏បាននឹកឃើញគំនិតមួយ គឺបញ្ជូនក្រុមមនុស្ស ឲ្យចុះទៅដើរតាមផ្សារ និងតាមហាងកាហ្វេ ដើម្បីស្តាប់មើលថា តើនៅតាមផ្សារ និងតាមហាងកាហ្វេ មានការនិយាយអ្វីខ្លះ ពីបេក្ខភាពនាយករដ្ឋមន្រ្តីរបស់លោក ហ៊ុន ម៉ាណែត។
 
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្រ្តី បានប្រាប់ជាសាធារណៈថា សម្តេច បានបញ្ជូនមនុស្ស៧ក្រុមឲ្យទៅដើរតាមផ្សារ និងតាមហាងកាហ្វេ។ សម្តេច អះអាងថា ពាក្យ ដែលក្រុមការងារទាំង៧ក្រុម បានឮដូចៗគ្នាពីអ្នកនៅតាមផ្សារ និងតាមហាងកាហ្វេ គឺការជឿជាក់លើត្រកូលហ៊ុន ក្នុងការដឹកនាំប្រទេស ហើយមិនសូវជឿជាក់លើអ្នកផ្សេង។ សម្តេច ពុំបានបញ្ជាក់លម្អិតឡើយថា មនុស្សទាំង៧ក្រុមនោះ ត្រូវបានបញ្ជូនទៅតាមផ្សារនៅក្នុងតែរាជធានីភ្នំពេញ ឬទៅតាមផ្សារក្នុងខេត្តខ្លះដែរ។ 
 
សម្តេច ហ៊ុន សែន ដែលកាន់តំណែងនាយករដ្ឋមន្រ្តីជាង៣០ឆ្នាំមកហើយនោះ បានថ្លែងដូច្នេះថា៖«...ប៉ុន្មានថ្ងៃនេះ ខ្ញុំ ឲ្យមនុស្សដើរតាមផ្សារដែរ។...គាត់ និយាយតាមបែបរបស់គាត់នៅតាមតុកាហ្វេថា ក្រៅពីត្រកូលហ៊ុន មិនដឹងទុកចិត្តអាណា អាហ្នឹងជាភាសាគាត់ អាក្រក់តិចហើយ។...ខ្ញុំ ឲ្យមនុស្សទៅ៧ក្រុម ដើម្បីស្តាប់គេ និយាយថាម៉េច ភាសាចេញមក គឺតែមួយ»។ 

សំឡេង




សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធផ្លូវលេខជាតិ១១ នៅខេត្តព្រៃវែង កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

តាមរយៈបណ្តាញសង្គម បណ្តាញសារព័ត៌មាន និងក្រុមការងារ ដែលចុះដើរតាមផ្សារ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានព័ត៌មានជារួមថា លោក ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រពេញទំហឹង ក្នុងការឈរជាបេក្ខជននាយករដ្ឋមន្រ្តីក្នុងថ្ងៃអនាគត។ 
 
មានអ្នកតាមផ្សារ និងតាមហាងកាហ្វេខ្លះ យល់ច្រឡំថា លោក ហ៊ុន ម៉ាណែត អាចនឹងឈរជាបេក្ខជននាយករដ្ឋមន្រ្តី ក្នុងអាណត្តិទី៧នេះតែម្តង (២០២៣-២០២៨)។ នេះជាព័ត៌មាន ដែលសម្តេច ទទួលបានពីក្រុមមនុស្ស ដែលចុះដើរតាមផ្សារ។ សម្តេច បំភ្លឺថា លោក ហ៊ុន ម៉ាណែត មិនទាន់អាចឈរជាបេក្ខជននាយករដ្ឋមន្រ្តី ក្នុងឆ្នាំ២០២៣ ឬឆ្នាំ២០២៨ឡើយ។ ដើម្បីកុំឲ្យមានការយល់ច្រឡំ សម្តេច បញ្ជាក់ជាថ្មីថា សម្តេច នឹងបន្តធ្វើជានាយករដ្ឋមន្រ្តីយ៉ាងតិច២អាណត្តិទៀត គឺអាណត្តិទី៧ (២០២៣-២០២៨) និងអាណត្តិទី៨ (២០២៨-២០៣៣)។ 
 
ក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្តេច ហ៊ុន សែន បានប្រកាសខ្លាំងៗ និងច្បាស់ៗជាងពេលណាទាំងអស់ថា សម្តេច ក្នុងនាមជាឪពុក គាំទ្រលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បង ឲ្យឈរជាបេក្ខជននាយករដ្ឋមន្រ្តីម្នាក់របស់គណបក្សប្រជាជនកម្ពុជានាពេលអនាគត។ បន្ទាប់មក ចលនាគាំទ្រលោក ហ៊ុន ម៉ាណែត ក៏ផុលផុសឡើងយ៉ាងខ្លាំងនៅតាមបណ្តាញសង្គម និងតាមបណ្តាញសារព័ត៌មាន។ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ រដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និង ប្រជាពលរដ្ឋ ដែលពេញចិត្តរដ្ឋាភិបាល បានចេញមកគាំទ្រលោក ហ៊ុន ម៉ាណែត។ 
 
មិនមែនមានតែលោក ហ៊ុន ម៉ាណែត ម្នាក់ទេ ដែលនឹងឈរជាបេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា ក្រោយសម្តេច ហ៊ុន សែន ចាកចេញនៅថ្ងៃអនាគត។ សម្តេច ទម្លាយថា តាមពិតក្នុងចិត្តសម្តេច មានបុគ្គលដល់ទៅ៤រូប ដែលសម្តេច ចង់ដាក់ឲ្យឈរជាបេក្ខជននាយករដ្ឋមន្រ្តី។ 
 
កន្លងមក ក្រៅពីលោក ហ៊ុន ម៉ាណែត គេ បានឮសម្តេច ហ៊ុន សែន បង្ហើបពីតួអង្គលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ដែលអាចឈរជាបេក្ខជននាយករដ្ឋមន្រ្តីដែរ។ ប៉ុន្តែចំពោះបេក្ខជននាយករដ្ឋមន្រ្តី២រូបទៀត គេមិនទាន់ដឹងថា ជាអ្នកណាឡើយ ខណៈសម្តេច ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា នៅលាក់ទុកសិន។ 
 
បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត ដែលមានវ័យ៤៤ឆ្នាំ កំពុងកាន់តួនាទីជាច្រើនក្នុងជួរកងទ័ព រួមមាន ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និង ជាមេបញ្ជាការរងនៃកងអង្គរក្សរបស់នាយករដ្ឋមន្រ្តី។ នៅក្នុងបក្សវិញ លោក គឺជាសមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានយុវជនថ្នាក់កណ្តាល។ គណៈអចិន្រ្តៃយ៍ គឺជាអង្ការចាត់តាំងកំពូលរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសមាជិកតែជាង៣០នាក់ប៉ុណ្ណោះ។ ប្រធានយុវជនថ្នាក់កណ្តាល គឺជាតំណែងខ្ពស់បំផុត ក្នុងការគ្រប់គ្រងយុវជនគណបក្សប្រជាជនកម្ពុជា។ លោក រៀនចប់ថ្នាក់បណ្ឌិតផ្នែកយោធាពីសហរដ្ឋអាម៉េរិក។
 
ចំណែកលោក អូន ព័ន្ធមុនីរ័ត្ន វិញ លោក ក៏ជាសមាជិកម្នាក់ក្នុងគណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជាដែរ។ គេ ដឹងថា លោក អូន ព័ន្ធមុនីរ័ត្ន ដែលមានវ័យ៥៦ឆ្នាំ ត្រូវបានសម្តេច ហ៊ុន សែន បណ្តុះបណ្តាលតាំងពីនៅជាជំនួយការរបស់សម្តេចមកម្ល៉េះ។ លោក រៀន​ចប់​ថ្នាក់បណ្ឌិត​ផ្នែក​ទស្សនវិជ្ជា វិទ្យាសាស្ត្រ​សង្គម ​និង​នយោបាយនៃ​សាកលវិទ្យាល័យ​​មូស្គូ ប្រទេស​រុស្សី​។ កាលពី​ឆ្នាំ​២០១៨​ លោក បានទទួល​គោរមងារ​ជា​អគ្គ​បណ្ឌិត្យ​សភាចា​រ្យ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com