ជាតិ
អាមេរិកផ្ដល់ជំនួយជាង៨ម៉ឺនដុល្លារ ជួសជុលជណ្ដើរប្រាសាទព្រះវិហារ និងថែទាំប្រព័ន្ធផ្លូវទឹក
08, Dec 2021 , 6:59 pm        
រូបភាព
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា W. Patrick Murphy ថ្លែងនៅក្នុងកម្មវិធីចុះហត្ថលេខាផ្ដល់ថវិកាជាង៨.៦ម៉ឺនដុល្លារ នៃគម្រោងជួសជុលជណ្ដើរខាងជើងប្រាសាទព្រះវិហារ ដែលប្រារព្វឡើង នៅលើប្រាសាទព្រះវិហារ ដោយមានការចូលរួមពីលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៨ ធ្នូ ២០២១។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា W. Patrick Murphy ថ្លែងនៅក្នុងកម្មវិធីចុះហត្ថលេខាផ្ដល់ថវិកាជាង៨.៦ម៉ឺនដុល្លារ នៃគម្រោងជួសជុលជណ្ដើរខាងជើងប្រាសាទព្រះវិហារ ដែលប្រារព្វឡើង នៅលើប្រាសាទព្រះវិហារ ដោយមានការចូលរួមពីលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៨ ធ្នូ ២០២១។
ព្រះវិហារ៖ អាមេរិកបន្ដផ្ដល់ជំនួយជាង៨.៦ម៉ឺនដុល្លារ សម្រាប់ជួសជុលជណ្ដើរខាងជើងប្រាសាទព្រះវិហារ ថែទាំប្រព័ន្ធផ្លូវទឹកបុរាណ និងកម្មវិធីអ​ប់រំបេតិកភណ្ឌដល់សិស្ស។ គម្រោងនេះ ជាផ្នែកមួយនៃការថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោក។

 
 
កម្មវិធីចុះហត្ថលេខាផ្ដល់ថវិកាជាង៨.៦ម៉ឺនដុល្លារ នៃគម្រោងជួសជុលជណ្ដើរខាងជើងប្រាសាទព្រះវិហារ ប្រារព្វឡើង នៅលើប្រាសាទព្រះវិហារ ដោយមានការចូលរួមពី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា W. Patrick Murphy និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ 


 
គម្រោងនេះ មិនត្រឹមតែជួយដល់ការជួលជុលនោះទេ គឺបានចូលរួមចំណែកបង្កើនការងារពលរដ្ឋនៅមូលដ្ឋាន រួមទាំងជំនាញជួសជុលប្រាសាទទៀតផង។ 
 ក្នុងកម្មវិធីចុះហត្ថលេខានៅថ្ងៃទី៨ធ្នូ លោក W. Patrick Murphy បានបញ្ជាក់ថា អាមេរិកគឺជាដៃគូរដ៏ធំមូយក្នុងការអភិរក្សសម្បត្តិវប្បធម៌ ជាមួយក្រសួងវប្បធម៌។ 


 
គម្រោងជំនួយនេះ គឺទទួលបានដោយមានការប្រកួតប្រជែង ព្រោះទីតាំងនេះ ជាតំបន់បេតិកភណ្ឌពិភពលោក។ ដូច្នេះអាមេរិកមានមោទកភាពក្នុងការផ្ដល់ជំនួយដល់អាជ្ញាធរព្រះវិហារ។ 
 
លោក W. Patrick Murphy ថ្លែងថា៖ «គម្រោងនេះ បង្ហាញទំនាក់ទំនងយ៉ាងជិតស្និតរវាងកម្ពុជា-អាមេរិក លើកិច្ចការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោករួមគ្នា។ គម្រោងនេះ បានចូលរួមចំណែកផ្ដល់ការងារជាច្រើនពលរដ្ឋនៅមូលដ្ឋាន ហើយពួកគេមិនត្រឹមតែទទួលបានទាំងការងារនោះទេ គឺចេះទាំងជំនាញការជួសជុលនិងថែទាំប្រាសាទសម្រាប់អភិរក្សទៅដល់អ្នកជំនាន់ក្រោយទៀតផង»។ 


 
គម្រោងជំនួយនេះ ជាដំណាក់កាលទី៣ ពី២០២១ដល់២០២២ ដោយផ្ដោតលើការជួសជុលជណ្ដើរភាគខាងជើងថ្នាក់ទី៦ និងទី៧ នៃប្រាសាទព្រះវិហារ។ ក្រៅពីនេះ  ការជួសជុលចម្លាក់តោចំនួន២ ថែទាំប្រព័ន្ធផ្លូវទឹក និងកម្មវិធីអប់រំបេតិកភណ្ឌដល់សិស្ស។ នេះបើតាមលោកស្រី ភឿង សកុណា ដោយបានបន្ថែមថា៖ «ខ្ញុំជឿជាក់ថា ការខិតខំប្រឹងប្រែងរួមគ្នារបស់យើងនឹងអាចរក្សាបាននូវស្នាដៃសិល្បៈនេះសម្រាប់មនុស្សជំនាន់ក្រោយ ហើយវានឹងតំណាងឱ្យទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ»។ 


 
គម្រោងលើ់កទី១ និងទី២ បានចាប់ផ្ដើមកាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។ គម្រោងទាំងពីរនេះ បានបញ្ចប់ជាស្ថាពរក្នុងទំហំទឹកប្រាក់៣២ម៉ឺនដុល្លារ។ គម្រោងទាំង៣ដំណាក់កាលនេះ ធ្វើឡើយក្រោមកម្មវិធីមូលនិធិឯអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌(AFCP) ដើម្បីការពារបេតិកភណ្ឌសំខាន់ជុំវិញពិភពលោក។ 


 
តាមរយៈ AFCP គឺបានរួមចំណែកអភិរក្សប្រាសាទកម្ពុជាជាច្រើនកន្លែទៀត មានប្រាសាទភ្នំបាខែង ប្រាសាទបន្ទាយស្រី សារមន្ទីរជាតិ និងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងជាដើម។ ចាប់តាំងពីឆ្នាំ២០០១មក AFCP បានចំណាយជាង៥លានដុល្លារ សម្រាប់ជួយអភិរក្សកន្លែងសម្បត្តិវប្បធម៌ខាងលើនេះ៕ 



Tag:
 ព្រះវិហារ
  ជំនួយ
  ជួសជុល
© រក្សាសិទ្ធិដោយ thmeythmey.com