អន្តរជាតិ
វិបត្តិអ៊ុយក្រែន៖ ពីការលេបយកគ្រីមៀឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន
08, Dec 2021 , 8:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូនទីន។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូនទីន។ រូបភាព៖ AFP
វិបត្តិអ៊ុយក្រែន កំពុងធ្វើឱ្យរុស្ស៊ី និងលោកខាងលិចមើលមុខគ្នាកាន់តែមិនត្រូវ។ លោកខាងលិចដែលមានអាម៉េរិកដឹកមុខ ចោទរុស្ស៊ីថា ពង្រាយទ័ពត្រៀមលុកលុយអ៊ុយក្រែន តែរុស្ស៊ីច្រានចោល។ មិនតែប៉ុណ្ណោះ រុស្ស៊ី ថែមទាំងព្រមានប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេងថែមទៀត ក្នុងករណីបក្សសម្ព័ន្ធយោធាណាតូ បំពាក់អាវុធ ឬខែលការពារមីស៊ីលនៅដែនដីអ៊ុយក្រែន។ ហេតុអ្វីរុស្ស៊ីនិងអ៊ុយក្រែនមិនត្រូវគ្នា រហូតលោកខាងលិចចូលពាក់ព័ន្ធដែរ?

 
តើមូលហេតុអ្វី ដែលធ្វើឱ្យអតីតដែនដីសហភាពសូវៀតទាំងពីរមិនត្រូវគ្នា ឬអាចឈានទៅដល់ការប្រើប្រាស់កម្លាំងយោធា? 
 
មុនឆ្នាំ១៩៩១ អ៊ុយក្រែន និងរុស្ស៊ី​ គឺសុទ្ធតែជាដែនដីដែលស្ថិតនៅក្នុងសហភាពសូវៀត (USSR)។ ប៉ុន្តែបន្ទាប់ពីសូវៀតដួលរលំទៅ អ៊ុយក្រែន និងរុស្ស៊ី បានក្លាយជាដែនដី និងមានរដ្ឋាភិបាលពីរផ្សេងគ្នា។ ជារដ្ឋអធិបតេយ្យរៀងខ្លួន ថ្នាក់ដឹកនាំប្រទេសទាំងពីរ តែងតែប៉ះទង្គិចគ្នាជុំវិញដែនដីគ្រីមៀ ដែលត្រូវបានលោក នីគីតា គ្រូឆេវ (Nikita Khrushchev) មេដឹកនាំសហភាពសូវៀត ផ្តាច់ចេញពីដែនដីរុស្ស៊ី ទៅដាក់ក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែននៅក្នុងឆ្នាំ១៩៥៤។ កាលនោះ វាមិនមានបញ្ហាទំនាស់អ្វីឡើយ ព្រោះដែនដីទាំងពីរស្ថិតនៅក្រោមសហភាពសូវៀតតែមួយនៅឡើយ។ 
 
ការដាក់បញ្ចូលដែនដីគ្រីមៀរបស់រុស្ស៊ី
 
ជាច្រើនឆ្នាំ រុស្ស៊ី និងអ៊ុយក្រែន មិនដែលល្អក់កករឡើយ។ រហូតដល់ឆ្នាំ២០១៣ ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yanukovych ដែលមាននិន្នាការរុស្ស៊ី បានបដិសេធកិច្ចព្រមព្រៀងមួយ ដើម្បីចូលរួមក្នុងសហភាពអឺរ៉ុប។ បញ្ហានេះ បានបណ្តាលឱ្យមានបាតុកម្ម និងទម្លាក់លោក Yanukovych ចេញពីតំណែងនៅឆ្នាំបន្ទាប់។ ការទម្លាក់លោក Yanukovych បានធ្វើឱ្យប្រជាជនរស់នៅតំបន់គ្រីមៀដែលមាននិន្នាការទៅរករុស្ស៊ី ចេញបាតុកម្ម និងគាំទ្រផ្តាច់ខ្លួនចេញពីអ៊ុយក្រែន។ 
 
នៅក្នុងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៤ សភាគ្រីមៀ បានបោះឆ្នោតផ្តាច់ខ្លួនចេញពីអ៊ុយក្រែន។ ចំណែកលទ្ធផល នៃការធ្វើប្រជាមតិក្នុងតំបន់ ក៏ចេញលទ្ធផលទៅរកការចូលរួមជាមួយរុស្ស៊ី។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើសន្ធិសញ្ញាមួយ ដោយដាក់បញ្ចូលគ្រីមៀចូលមកដែនដីរុស្ស៊ី។ បន្ទាប់ពីព្រឹត្តិការណ៍ដ៏សំខាន់នោះ ក្រុមផ្តាច់ទឹកដី ដែលមាននិន្នាការគាំទ្ររុស្ស៊ី បានចាប់ផ្តើមប៉ះបោរ និងគ្រប់គ្រងតំបន់ភាគខាងកើតអ៊ុយក្រែន។  
 
ចលនាក្រុមផ្តាច់ទឹកដី ផ្ទុះឡើងនៅឆ្នាំ២០១៤
 
ការបញ្ចូលដែនដីគ្រីមៀរបស់រុស្ស៊ីមិនទាន់ចប់ត្រឹមត្រូវផង ចលនាគាំទ្រផ្តាច់ទឹកដី ដែលមាននិន្នាការគាំទ្ររុស្ស៊ី នៅតំបន់ភាគខាងកើតអ៊ុយក្រែន បានលេចឡើង ក្នុងខែមេសា ឆ្នាំ២០១៤។ បញ្ហានេះ បានដាក់សម្ពាធមួយកម្រិតទៀត ទៅដល់រដ្ឋាភិបាលទីក្រុងកៀវ។ ក្រុមចលនាផ្តាច់ទឹកដីអ៊ុយក្រែននៅភាគខាងកើត និងកម្លាំងយោធាអ៊ុយក្រែន តែងប៉ះទង្គិចគ្នាជាញឹកញាប់។ ក្នុងឆ្នាំដដែលនោះ យន្តហោះ MH17 របស់អាកាសចរណ៍ម៉ាឡេស៊ី Malaysia Airlines ត្រូវបានបាញ់ទម្លាក់ ដែលធ្វើឱ្យអ្នកដំណើរ រួមទាំងអ្នកបើកបរ និងអ្នកធ្វើការលើនោះ ចំនួន ២៩៨នាក់ ត្រូវស្លាប់បាត់បង់ជីវិត។ 
 
បន្ទាប់ពីអ៊ុយក្រែនកាន់តែវាយប្រហារលើក្រុមប៉ះបោរនៅក្នុងឆ្នាំ២០១៤ រុស្ស៊ី បានបញ្ជូនយោធាខ្លួនទៅក្បែរតំបន់ព្រំដែនភាគខាងកើតអ៊ុយក្រែនជាច្រើន។ ការបញ្ជូននេះ ត្រូវបានរុស្ស៊ីបដិសេធក្នុងការឈ្លានពាន។ បើទោះមានការបដិសេធក្តី មេដឹកនាំក្រុមប៉ះបោរបានអះអាងថា ខ្លួនបានទទួលកម្លាំងទ័ពចំនួន ១២០០នាក់ពីរុស្ស៊ី។ របាយការណ៍ផ្សេងទៀត បានអះអាងថា រុស្ស៊ីបានបញ្ជូនកម្លាំងយោធាទៅក្នុងទឹកដីអ៊ុយក្រែនថែមទៀត។ 
 
ការប៉ះទង្គិចរវាងកងកម្លាំងទាំងពីរចាប់តាំងពីឆ្នាំ ២០១៤មក បានធ្វើឱ្យមានមនុស្សស្លាប់ច្រើនជាង១ម៉ឺននាក់ ខណៈមនុស្ស១,៥លាននាក់ ផ្សេងទៀត បានផ្លាស់ប្តូរទីកន្លែងរស់នៅ ដើម្បីសុវត្ថិភាព។ ចំណែកការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ក៏តែងតែកើតមាននៅអ៊ុយក្រែនផងដែរ។ 
 
ក្នុងឆ្នាំ ២០១៤ កិច្ចព្រមព្រៀង Minsk និងកិច្ចចរចា Normandy format ត្រូវបានធ្វើឡើង ដើម្បីអនុវត្តបទឈប់បាញ់រវាងចលនាប៉ះបោរផ្តាច់ទឹកនៅតំបន់ភាគខាងកើតអ៊ុយក្រែន និងយោធាអ៊ុយក្រែន។ បើទោះមានកិច្ចព្រមព្រៀង និងកិច្ចចរចានោះក៏ដោយ ការប៉ះទង្គិចនៅតំបន់ភាគខាងកើតអ៊ុយក្រែន នៅតែបន្តកើតមានដដែល។ 
 
ការវិវដ្ដស្ថានការណ៍ចុងក្រោយរវាងអ៊ុយក្រែន និងរុស្ស៊ី
 
កាលពីអំឡុងខែមេសា បន្ទាប់ពីសមយុទ្ធយោធាដ៏ធំមួយ រុស្ស៊ីបានពង្រាយកម្លាំងយោធាប្រមាណ ១០ម៉ឺននាក់ នៅក្បែរព្រំដែនអ៊ុយក្រែន។ បញ្ហានេះ បានធ្វើឱ្យអឺរ៉ុបរិះគន់រុស្ស៊ីយ៉ាងខ្លាំង។ ប៉ុន្តែក្រោយមក រុស្ស៊ី បានបញ្ជូនកងកម្លាំងទាំងនោះទៅមូលដ្ឋានវិញ។ 
 
ស្ថានការណ៍តាមព្រំដែនអ៊ុយក្រែន និងរុស្ស៊ី ហាក់ស្ងប់ស្ងាត់បានមួយរយៈប៉ុណ្ណោះ មុននឹងរុស្ស៊ីបញ្ជូនកម្លាំងយោធាប្រមាណ ១០ម៉ឺននាក់ទៅក្បែរព្រំដែនអ៊ុយក្រែនភាគខាងកើតជាថ្មី។ ស្របពេលភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរកំពុងតែកើនឡើង អ៊ុយក្រែនបានធ្វើសមយុទ្ធយោធាមួយ ដើម្បីបង្ហាញសាច់ដុំរបស់ខ្លួន។ 
 
ការបញ្ជូនកម្លាំងយោធាមកក្បែរព្រំដែនអ៊ុយក្រែនលើកចុងក្រោយនេះ ត្រូវបានអឺរ៉ុប និងអ៊ុយក្រែនចោទរុស្ស៊ីថា អាចនឹងឈ្លានពានអ៊ុយក្រែនដូចកាលពីឆ្នាំ២០១៤ ដែរ។ ប៉ុន្តែរដ្ឋាភិបាលក្រុងមូស្គូ បានបដិសេធ។ ការចោទរបស់អឺរ៉ុប គឺផ្អែកលើភស្តុតាងរូបភាព ដែលមានយោធារុស្ស៊ីជាច្រើនម៉ឺននាក់។ 
 
យ៉ាងណាមិញ ភាពតាងតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន មិនបានធូរស្រាលឡើយ។ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៣០ ខែវិច្ឆិកា បានព្រមានប្រើប្រាស់អាវុធមានល្បឿនលឿនជាងសំឡេង ក្នុងករណីបក្សសម្ព័ន្ធយោធាណាតូ បំពាក់អាវុធលើដែនដីអ៊ុយក្រែន។ លោកពូទីនបារម្ភថា ការពង្រាយប្រព័ន្ធអាវុធលើដែនដីអ៊ុយក្រែន នឹងធ្វើឱ្យប៉ះពាល់សន្តិសុខរុស្ស៊ី។ 
 
មិនតែប៉ុណ្ណោះ បញ្ហាអ៊ុយក្រែននេះ បានក្លាយជារបៀបវារៈដ៏សំខាន់មួយ ដែលត្រូវបានលោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក យកមកដាក់លើតុ ដើម្បីជជែកជាមួយសមភាគីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន។ ក្នុងជំនួបតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៧ ខែធ្នូ មេដឹកនាំអាមេរិក លោកបៃឌិន បានសង្កត់ធ្ងន់ថា អាម៉េរិក និងសម្ព័ន្ធមិត្ត នឹងឆ្លើយតបវិធានការសេដ្ឋកិច្ច និងចំណាត់ការផ្សេងទៀតឱ្យធ្ងន់ធរ ក្នុងករណីរុស្ស៊ីវាយប្រហារលើអ៊ុយក្រែន។ ជាការឆ្លើយតប​ លោកពូទីន បានស្នើឱ្យភាគីអាម៉េរិក និងសម្ព័ន្ធមិត្ត កុំបំពាក់ប្រព័ន្ធអាវុធវាយប្រហារនៅក្នុងតំបន់ដែលនៅជិតរុស្ស៊ី បើមិនចង់ឱ្យចាត់វិធានការតប។ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com