កីឡាអន្តរជាតិ
អន្តរជាតិ
IOC គោរព​ការ​សម្រេច​របស់​​អាម៉េរិក​ដែលធ្វើពហិការនៅអូឡាំពិក​ប៉េកាំង
08, Dec 2021 , 4:50 pm        
រូបភាព
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) គោរពការសម្រេចចិត្តរបស់រដ្ឋាភិបាលអាម៉េរិកជុំវិញការធ្វើពហិការការទូតនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២។ ប្រធាន IOC ប្រចាំកីឡារដូវរងាឆ្នាំ២០២២ ស្នើកាត់បន្ថយបញ្ហានយោបាយក្នុងកីឡាឱ្យបានតិចបំផុត។



«យើងគោរពតាមការសម្រេចចិត្តលើការធ្វើពហិការការទូតរបស់អាម៉េរិក ហើយក៏ស្នើកាត់បន្ថយការជ្រៀតជ្រែកឱ្យបានតិចបំផុតជុំវិញបញ្ហានយោបាយ នៅក្នុងព្រឹត្តិការណ៍កីឡា»។ នេះជាការលើកឡើងរបស់លោក Juan Antonio Samaranch ប្រធានគណៈកម្មការសម្របសម្រួលរបស់ IOC ប្រចាំកីឡាក្រុងប៉េកាំង។
 
លោក Samaranch បន្ថែមក្នុងសន្និសីទសារព័ត៌មានទៀតថា លោកគោរពការសម្រេចចិត្តនយោបាយដែលធ្វើឡើងដោយស្ថាប័ននយោបាយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៨ ខែធ្នូ។
 
ជុំវិញការធ្វើពហិការការទូតពីសំណាក់ប្រទេសមហាអំណាចដូចជាអាម៉េរិក និងអូស្ត្រាលីក្តី ប្រធានសម្របសម្រួល IOC ប្រចាំកីឡារដូវរងាក្នុងប៉េកាំង សង្ឃឹមថា អូឡាំពិកឆ្នំ២០២២ ដែលចិនធ្វើម្ចាស់ផ្ទះនឹងទទួលបានភាពសប្បាយរីករាយ ហើយអត្តពលិកទាំងអស់ជុំវិញពិភពលោកនឹងទទួលបានការប្រកួតប្រជែងដោយសន្តិភាពនៅទីក្រុងប៉េកាំង។
 
ការលើកឡើងរបស់លោក Samaranch ខាងលើធ្វើឡើង ក្រោយសេតវិមាននៅថ្ងៃទី៦ ខែធ្នូ ប្រកាសថាពួកគេមិនបញ្ជូនប្រតិភូផ្លូវការទៅចូលរួមព្រឹត្តិការណ៍កីឡារដូវរងាក្រុងប៉េកាំងដែលនឹងចាប់ផ្តើមនៅខែកុម្ភៈឆ្នាំក្រោយឡើយ។ យ៉ាងណាអត្តពលិកអាម៉េរិក នៅតែទៅចូលរួមប្រជែងមេដាយនៅប៉េកាំងធម្មតា។
 
ការធ្វើពហិការរបស់រដ្ឋាភិបាលអាម៉េរិក ដើម្បីប្រឆាំងចិនលើកកំណត់ត្រាសិទ្ធិមនុស្សដ៏អាក្រក់លើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចដទៃទៀតនៅស៊ីនជាំង។ ក្រុងវ៉ាស៊ីនតោនបានចាត់ទុកទង្វើរបស់ចិនថាជាអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិច ដែលកំពុងរស់នៅទឹកដីពួកគេ។
 
ម្ចាស់ផ្ទះចិនក៏មិននៅស្ងៀមដែរ ក្រោយមានការធ្វើពហិការការទូតមកលើខ្លួនដូច្នេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ចិន​ប្រឆាំង​នឹង​ការ​ធ្វើ​ពហិការ​នេះ ហើយ​នឹង​ចាត់​វិធាន​ការ​ប្រឆាំង​​ដាច់​ខាត៕
 

Tag:
 IOC
  Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com