អន្តរជាតិ
ចិន អំពាវនាវឱ្យកាណាដាកុំខ្វល់ពីហានិភ័យរបស់ក្រុមហ៊ុនHuawei ដែលបង្កើតដោយអាម៉េរិក
09, Dec 2021 , 9:29 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ:
មន្រ្តីទូតជាន់ខ្ពស់ចិន នៅថ្ងៃទី៧ ខែធ្នូ អំពាវនាវឱ្យទីក្រុងអូតាវ៉ា កុំខ្វល់នឹងហានិភ័យសន្តិសុខជាតិ ដែលត្រូវបានបង្កើតដោយអាម៉េរិក ទាក់ទងនឹងក្រុមហ៊ុនទូរគមនាគម៍ Huawei ខណៈកាណាដាកំពុងពិចារណាដកក្រុមហ៊ុនខ្នាតយក្សចេញពីការដាក់ឱ្យប្រើបណ្តាញទូរស័ព្ទចល័ត 5G របស់ខ្លួន។

 
អាម៉េរិកបានហាមឃាត់ក្រុមហ៊ុន Huawei លើការប្រើប្រាស់បច្ចេកវិទ្យា 5G នៅលើទឹកដីរបស់ខ្លួនដោយអះអាងពីហានិភ័យចារកម្ម ឬការធ្វើសកម្មភាពបំផ្លាញប្រព័ន្ធទំនាក់ទំនងរបស់លោកខាងលិច។យ៉ាងណាមិញ ក្រុមហ៊ុន Huawei បានបដិសេធពីការចោទប្រកាន់ទាំងនោះ។
 
ពីសន្និសីទតាមប្រព័ន្ធវីដេអូនៃមជ្ឈមណ្ឌលសម្រាប់នុវានុវត្ត(ការបង្កើតគំនិតថ្មី) អភិបាលកិច្ចអន្តរជាតិនៅថ្ងៃទី៧ ខែធ្នូ លោក Cong Peiwu អគ្គរដ្ឋទូតចិនប្រចាំកាណាដា បានថ្លែងថា វាគឺជាអាម៉េរិកទេដែលបានប្រព្រឹត្តអំពើចារកម្មបែបនេះ ក្នុងរយៈពេលប៉ុន្មាទសវត្សរ៍កន្លងមកនេះ។ បើតាមមន្រ្តីទូតចិនរូបនេះ អាម៉េរិកទេ ដែលបង្កើតហានិភ័យទាំងនោះ។ 
 
«គំនិតដែលក្រុមហ៊ុនHuawei ជាការគំរាមកំហែងដល់សន្តិសុខជាតិ ត្រូវបានបង្កើតដោយអាម៉េរិក ក្នុងគោលបំណងបង្រ្កាបក្រុមហ៊ុន Huawei »។ អគ្គរដ្ឋទូតចិនបានសង្កត់ធ្ងន់បែបនេះ។ លោក Cong បានជំរុញឱ្យកាណាដាពិចារណាដោយខ្លួនឯង និងកុំស្តាប់មតិរបស់អាម៉េរិក។ 
 
រដ្ឋាភិបាលកាណាដា បានសិក្សាលើបញ្ហានេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាណាដានឹងសម្រេចចិត្ត ក្នុងពេលឆាប់ៗនេះ។ ទាក់ទិននឹងក្រុមហ៊ុន Huawei សម្ព័ន្ធមិត្តកាណាដាផ្សេងទៀត បានធ្វើតាមគន្លងរបស់អាម៉េរិករួចហើយ ក្នុងនោះរួមមានអង់គ្លេស ជប៉ុន អូស្ត្រាលី និងស៊ុយអែត។ 
 
ជាមួយគ្នានេះដែរ ដោយមិនរង់ចាំការសម្រេចចិត្តពីរដ្ឋាភិបាលក្រុងអូវ៉ាតា ក្រុមហ៊ុនទូរគមនាគមន៍ធំៗកាណាដាដូចជា Bell, Rogers និង Telus បានប្រកាសរួចហើយថា ក្រុមហ៊ុនកំពុងងាកចេញពីក្រុមហ៊ុន Huawei ទៅសហការជាមួយដៃគូផ្សេងទៀតដូចជា ក្រុមហ៊ុន Nokia របស់ហ្វាំងឡង់ ឬក្រុមហ៊ុន Ericsson របស់ស៊ុយអែត ក្នុងការដាក់ឱ្យដំណើរការបណ្តាញ 5G៕

Tag:
 ចិន
  កាណាដា
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com