ជាតិ
ក្រុមហ៊ុនអាម៉េរិក គ្រោងវិនិយោគដាំប្រេងខ្យល់ និងអាកាស្យា ដើម្បីកែច្នៃនាំចេញទៅបរទេស
09, Dec 2021 , 7:59 pm        
រូបភាព
រូបភាពពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
រូបភាពពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
ក្រុមហ៊ុនអាម៉េរិក ចង់វិនិយោគលើការដាំដើមប្រេងខ្យល់ និងអាកាស្យា រួចកែច្នៃផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅបរទេស​។ នេះបើតាមហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួប​ជាមួយ​លោក Paul Kambur នាយកក្រុមហ៊ុន បាយអូថេរ៉ា ឃែភីថល ឯ.ក របស់អាម៉េរិក។ កាលពីថ្ងៃទី៨ខែធ្នូ។



ក្នុងជំនួបនោះ លោក Paul Kambur មានបំណងវិនិយោគដាំ​ដើមអាកាស្យា និងប្រេងខ្យល់ រួចបង្កើតរោងចក្រកែច្នៃជាផលិតផល សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ រួមទាំងទីផ្សារអាម៉េរិកផងដែរ។
 
នាយកក្រុមហ៊ុនរូបនេះ ស្នើដល់លោក វេង សាខុន ណែនាំពីដំណើរការនៃការវិនិយោគលើឧស្សាហកម្មព្រៃឈើ ការដាំឈើឡើងវិញ ការកែច្នៃ និងនាំចេញ។ ឆ្លើយតប​សំណើខាងលើ លោក វេង សាខុន បានឱ្យក្រុមហ៊ុនស្វែងរកដៃគូវិនិយោគជាមួយក្រុមហ៊ុន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល។

 រោងចក្រកែច្នៃដើមប្រេងខ្យល់ នៅស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ។ រូបភាពពីក្រសួងកសិកម្ម កាលពីថ្ងៃទីទី១៤ មិថុនា ឆ្នាំ២០២០
 
ជាមួយគ្នានេះ ត្រូវវិនិយោគជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីប្រើប្រាស់ដីឱ្យអស់សក្តានុពល បង្កើនផលិត ភាពផលិតកម្មឧស្សាហកម្មឈើដាំ បង្កើតការងារសម្រាប់ពលរដ្ឋនៅមូលដ្ឋានផ្ទាល់ និងទទួលបានប្រយោជន៍ទាំងរដ្ឋ និងឯកជន។ ទន្ទឹមនឹងនេះ សហការវិនិយោគលើការដាំឈើឡើងវិញ នៅតាមស្ថានីយ៍ផ្សព្វផ្សាយ និងដាំឈើឡើងវិញ ជាមួយរដ្ឋបាលព្រៃឈើ។
 
បើតាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បច្ចុប្បន្ន ដើមអាកាស្យា និងប្រេងខ្យល់ កំពុងមានតម្រូវការច្រើននៅលើពិភពលោក ស្របពេលរដ្ឋាភិបាលកំពុងបង្កើនការយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅកាន់ទីផ្សារពិភពលោក៕

Tag:
 ប្រេងខ្យល់ និងអាកាស្យា
  ឧស្សាហកម្មព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com