អន្តរជាតិ
អង់គ្លេសនិងកាណាដា ក៏ធ្វើពហិការការទូតអូឡាំពិកប៉េកាំងដែរ តែចិនថា មិនទាន់អញ្ជើញផង
09, Dec 2021 , 3:40 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន និងនាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ ។ រូបថត AFP
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន និងនាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ ។ រូបថត AFP
ដោយ:
កាណាដា ​និងអង់គ្លេស ក្លាយជាប្រទេសចុងក្រោយពីរទៀតដែលធ្វើពហិការការទូតព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំងឆ្នាំ២០២២ បន្ទាប់ពីអាម៉េរិក និងអូស្ត្រាលី។ ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរនេះ បញ្ជាក់ការសម្រេចចិត្តនេះនៅថ្ងៃទី៨​ ខែធ្នូ។ ​ចិនហៅថាការធ្វើពហិការនេះ ជាល្ខោននយោបាយ ជាយុទ្ធនាការលាបពណ៌ ខណៈខ្លួនមិនទាន់អញ្ជើញពួកគេផង។



អាម៉េរិកជាប្រទេសដំបូងគេដែលប្រកាសមិនបញ្ជូនមន្រ្តីរដ្ឋាភិបាលខ្លួនទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដែលចិនធ្វើជាម្ចាស់ផ្ទះនាខែកុម្ភៈឆ្នាំ២០២២ ខាងមុខ។ អាម៉េរិកយោងលើបញ្ហារំលោភសិទ្ធិមនុស្សលើជនជាតិភាគតិចនៅតំបន់ស៊ីនជាំង​ជាមូលហេតុសំខាន់នាំឱ្យមានការធ្វើពហិការនេះ។ អូស្ត្រាលី ក៏ចូលរួមមិនបញ្ជូនមន្រ្តីទៅអូឡាំពិកប៉េកាំងដែរ។
 
នៅថ្ងៃទី៨ ខែធ្នូ សម្ព័ន្ធមិត្តអាម៉េរិកពីរទៀតមានអង់គ្លេស និងកាណាដា ក៏ប្រកាសធ្វើពហិការដែរ បើទោះជាចិនព្រមានពីផលវិបាកក្ដី។ នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ​ និយាយថា ក្រុងប៉េកាំងត្រូវតែដឹងអំពីក្តីបារម្ភរបស់លោកខាងលិចលើបញ្ហាសិទ្ធិមនុស្សក្នុងទឹកដីចិន។ ដូច្នោះចិនគួរភ្ញាក់ផ្អើលទេដែលកាណាដា មិនបញ្ជូនមន្រ្តីទៅកាន់ព្រឹត្តិការណ៍អូឡាំពិកនោះ។
ក្រោយការប្រកាសរបស់ប្រមុខរដ្ឋាភិបាលកាណាដា អ្នកនាំពាក្យស្ថានទូតចិនប្រចាំកាណាដា ក៏ប្រតិកម្មវិញដែរ។​ 
 
«ផ្អែកលើភាពមនោគមវិជ្ជា​ ការកុហក និងពាក្យចចាមអារ៉ាម កាណាដានិងប្រទេសលោកខាងលិចមួយចំនួន បានចូលរួមកលល្បិចនយោបាយដោយព្យាយាមរំខានដំណើរការរលូននៃកីឡាអូឡាំពិកនិងកីឡាប៉ារ៉ាឡាំពិករដូវរងាររបស់ចិន។»អ្នកនាំពាក្យបេសកកម្មចិនសរសេរបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយ។
 
ឯអង់គ្លេសវិញ​ លោកនាយករដ្ឋមន្រ្តី បូរីស ចនសុន អះអាងថា ក៏ចូលរួមពហិការក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនេះដែរដោយគ្មានមន្រ្តីណាត្រូវបានរំពឹងនឹងបញ្ជូនទៅចិនឡើយ។ ប៉ុន្តែអត្តពលិកអង់គ្លេសនឹងនៅតែចូលរួមប្រកួតប្រជែង។
 
ទាក់ទិននឹងរឿងនេះ ​ចិនថា ខ្លួនមិនបានអញ្ជើញមន្រ្តីអង់គ្លេសមកទេ៕

Tag:
 អង់គ្លេស
  កាណាដា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com