COVID-19
អន្តរជាតិ
ចិន អនុញ្ញាតឱ្យប្រើប្រាស់ថ្នាំព្យាបាលជំងឺកូវីដ-១៩ ជាបន្ទាន់
09, Dec 2021 , 9:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
អាជ្ញាធរថ្នាំពេទ្យចិន បានអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំព្យាបាលជំងឺកូវីដ-១៩ ជាបន្ទាន់។ នេះបើតាមសេចក្តីជូនដំណឹងរបស់មន្រ្តីចិន ដែលចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ។ ថ្នាំព្យាបាលជំងឺកូវីដ-១៩ នេះ ត្រូវបានអភិវឌ្ឍដោយសកលវិទ្យាល័យ Tsinghua, មន្ទីរពេទ្យ Third People's Hospital of Shenzhen និងក្រុមហ៊ុន Brii Biosciences។

 
 
ប្រទេសជាច្រើន បានចាប់ផ្តើមផ្តោតលើការអភិវឌ្ឍថ្នាំព្យាបាលជំងឺកូវីដ-១៩ ដោយ ចិនក៏ស្ថិតក្នុងចំណោមប្រទេសទាំងនោះដែរ។ ក្នុងសេចក្តីជូនដំណឹងរបស់មន្រ្តីចិន ដែលចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ រដ្ឋបាលផលិតផលវេជ្ជសាស្រ្តជាតិចិន បានអះអាងថា ខ្លួនបានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់លើថ្នាំប្រភេទប្រូតេអ៊ីន ដើម្បីប្រឆាំងវីរុស  (Monoclonal Antibody)។ 
 
ថ្នាំប្រភេទ Monoclonal Antibody គឺជាប្រភេទប្រូតេអ៊ីនដែលភ្ជាប់ជាមួយប្រូតេអ៊ីនរបស់កូរ៉ូណាវីរុស ដើម្បីកាត់បន្ថយសមត្ថភាពវីរុសមួយនេះ ចូលទៅក្នុងកោសិការាងកាយរបស់មនុស្ស។ របៀបព្យាបាលរបស់ថ្នាំប្រភេទនេះ រួមមាន ការរួមបញ្ចូលថ្នាំចំនួនពីរគ្រាប់, ការចាក់លើរាងកាយ និងអាចប្រើព្យាបាលលើអ្នកជំងឺស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ 
 
ថ្នាំប្រភេទនេះ ត្រូវបានអភិវឌ្ឍរួមគ្នាដោយស្ថាប័នចំនួន ៣ ក្នុងនោះមានដូចជា សកលវិទ្យាល័យ Tsinghua, មន្ទីរពេទ្យ Third People's Hospital of Shenzhen និងក្រុមហ៊ុនBrii Biosciences។ ទិន្នន័យក្នុងដំណាក់កាលសាកល្បងថ្នាំ បានបង្ហាញ របៀបព្យាបាលរួមបញ្ចូលគ្នា អាចមានប្រសិទ្ធភាពព្យាបាលអ្នកជំងឺមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ និងស្លាប់បានចំនួន ៨០ភាគរយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សកលវិទ្យាល័យ Tsinghua។ 
 
សូមបញ្ជាក់ថា ក្រៅពីចិន និយ័តករអង់គ្លេស នៅសប្តាហ៍មុន បានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់លើថ្នាំព្យាបាលជំងឺកូវីដ-១៩ ដែលជាប្រភេទព្យាបាលដោយប្រើអង្គបដិប្រាណ ដើម្បីទប់ស្កាត់នឹងវីរុស (Anti Treatment)។ ទន្ទឹមនេះ សហភាពអឺរ៉ុប ក៏បានអនុម័តឱ្យប្រើប្រាស់ថ្នាំប្រភេទ ដែលជួយឱ្យរាងកាយប្រឆាំងវីរុស (Antiviral Medication) ជាបន្ទាន់ផងដែរ ដែលអាចកាត់បន្ថយសមត្ថភាពរបស់វីរុស និងការពារមិនឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់៕ 

Tag:
 ចិន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com