អន្តរជាតិ
ប្រធានាធិបតីអាម៉េរិក៖ លទ្ធិប្រជាធិបតេយ្យ មិនមែនកើតឡើងដោយចៃដន្យឡើយ
10, Dec 2021 , 7:29 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ក្នុងកិច្ចប្រជុំលទ្ធិប្រជាធិបតេយ្យ។ រូបភាព៖ AP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ក្នុងកិច្ចប្រជុំលទ្ធិប្រជាធិបតេយ្យ។ រូបភាព៖ AP
លទ្ធិប្រជាធិបតេយ្យ មិនមែនកើតឡើងដោយចៃដន្យឡើយ ហើយបណ្តាប្រទេសនីមួយៗ ត្រូវតែអភិវឌ្ឍវាឱ្យបានគ្រប់ជំនាន់។ លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានសង្កត់ធ្ងន់បែបនេះនៅក្នុងជំនួបក្រុមប្រទេសលទ្ធិប្រជាធិបតេយ្យ នៅថ្ងៃទី៩ ខែធ្នូ។ បើតាមលោកបៃឌិន ជំនួបដែលមានការចូលរួមពីមេដឹកនាំជាង ១០០ប្រទេសនេះ ជាការទប់ស្កាត់ការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ។

 
កិច្ចប្រជុំក្រុមប្រជុំក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យ បានចាប់ផ្តើមឡើងនៅថ្ងៃទី៩ ខែធ្នូ តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ត្រូវបានចូលរួមពីមេដឹកនាំបណ្តាប្រទេសជាង ១០០ ប៉ុន្តែវាគ្មានវត្តមានរបស់ចិន រុស្ស៊ី និងបណ្តាប្រទេសមួយចំនួនទៀតឡើយ។ ថ្លែងក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានលើកឡើងថា ការបើកជំនួបប្រជុំលើកដំបូងនេះ មានបំណងប្រឆាំងនឹងការដើរថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យរបស់ពិភពលោក។ 
 
បើតាមលោកបៃឌិន សេរីភាពជាសកលត្រូវបានគំរាមកំហែង ដោយមេដឹកនាំផ្តាច់ការបានពង្រីកឥទ្ធិពលរបស់ខ្លួន, ពង្រឹងឥទ្ធិពល និងព្យាយាមការពារការបង្រ្កាបផ្សេងៗ។ យ៉ាងណាមិញ លោកបៃឌិន មិនបានចង្អុលដាក់ប្រទេសណាមួយឡើយ។ មេដឹកនាំអាម៉េរិក បានជំរុញឱ្យបណ្តាប្រទេសចូលរួមអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យបន្ថែមទៀត។ 
 
«លទ្ធិប្រជាធិបតេយ្យ មិនមែនកើតឡើងដោយចៃដន្យឡើយ»។ ប្រធានាធិបតីអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា វាគួរតែត្រូវបានអភិវឌ្ឍគ្រប់ជំនាន់។ មេដឹកនាំចាស់វស្សារូបនេះ ក៏បានយល់ឃើញផងដែរថា ការពង្រឹងស្ថាប័នលទ្ធិប្រជាធិបតេយ្យ ទាមទារកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ 
 
ដោយស្រង់យកទិន្នន័យរបស់អង្គការ Freedom House និងវិទ្យាស្ថាន International Institute of Democracy and Electoral Assistance លោកបៃឌិន បានបកស្រាយថា ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ លទ្ធិប្រជាធិបតេយ្យកាន់តែធ្លាក់ចុះ ហើយប្រទេសចំនួនពាក់កណ្តាល នៃបណ្តាប្រទេសលទ្ធិប្រជាធិបតេយ្យ ធ្លាប់មានបទពិសោធន៍ ដែលធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ ក្នុងនោះ ក៏មានអាម៉េរិកផងដែរ។ 
 
នៅចំពោះមុខថ្នាក់ដឹកនាំបណ្តាប្រទេសជាច្រើន លោកបៃឌិន បានអំពាវនាវឱ្យបណ្តាប្រទេសចូលរួម ត្រូវតែក្រោកឈ ដើម្បីយុត្តិធម៌, នីតិរដ្ឋ, សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ, សិទ្ធិក្នុងការជួបប្រជុំ, សេរីភាពនៃសារព័តមាន, សេរីភាពនៃជំងឺសាសនា និងសិទ្ធិមនុស្ស។ 
 
ក្នុងជំនួបនេះ តៃវ៉ាន់ ក៏បានចូលរួមផងដែរ ដែលបានធ្វើឱ្យចិនខឹងសម្បារយ៉ាងខ្លាំង។ លោកMa Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ានរបស់ក្រុមប្រឹក្សារដ្ឋចិន បានចោទថា អាជ្ញាររបស់បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) កំពុងស្វះស្វែងរកការប្រកាសឯករាជ្យ ក្រោមបរិបទលទ្ធិប្រជាធិបតេយ្យ។ បើតាមមន្រ្តីចិនរូបនេះ កិច្ចប្រជុំលទ្ធិប្រជាធិបតេយ្យ គឺជាការគ្រប់គ្រងផ្នែកនយោបាយរបស់អាម៉េរិក ដើម្បីបម្រើផលប្រយោជន៍ និងអនុត្តរភាពរបស់ខ្លួនប៉ុណ្ណោះ៕

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com