ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន បញ្ជាឲ្យប្រមូលអាវុធដែលទិញពីអាម៉េរិក យកទៅទុកក្នុងឃ្លាំង ឬកម្ទេចចោល
10, Dec 2021 , 3:51 pm        
រូបភាព
សម្តេច ហ៊ុន សែន ស្ថិតក្នុងឯកសណ្ឋាននាយឧត្តមសេនីយ៍ផ្កាយ៥ផុតលេខ ថ្លែងក្នុងពិធីរម្លឹកខួប២០ឆ្នាំនៃការបង្កើតកងទ័ពជើងគោក ដែលប្រារព្ធឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។ រូបពីគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្រ្តី
សម្តេច ហ៊ុន សែន ស្ថិតក្នុងឯកសណ្ឋាននាយឧត្តមសេនីយ៍ផ្កាយ៥ផុតលេខ ថ្លែងក្នុងពិធីរម្លឹកខួប២០ឆ្នាំនៃការបង្កើតកងទ័ពជើងគោក ដែលប្រារព្ធឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។ រូបពីគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្រ្តី
ឲ្យតែអាវុធ និងសម្ភារៈយោធា ដែលទិញពីអាម៉េរិក ត្រូវប្រមូលយកទៅទុកក្នុងឃ្លាំង ឬកម្ទេចចោលតែម្តង។ នេះជាបញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។



តាមរយៈសារលើទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេច ហ៊ុន សែន ដែលក្នុងជួរកងកម្លាំងប្រដាប់អាវុធ មានឋានន្តរសក្តិជានាយឧត្តមសេនីយ៍ផ្កាយ៥ផុតលេខ បានប្រកាសដូច្នេះថា៖«ខ្ញុំ សូមដាក់ចេញបទបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឲ្យត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាម៉េរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកម្ទេចចោល តាមការជាក់ស្តែង»។

បញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ធ្វើឡើងបន្ទាប់ពីអាម៉េរិក ចេញសេចក្តីសម្រេច កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការរឹតបន្តឹងការលក់អាវុធ និងសម្ភារៈយោធាឲ្យកម្ពុជា។ ហេតុផលធំៗ ដែលនាំឲ្យអាម៉េរិក សម្រេចរឹតបន្តឹងការលក់អាវុធ និងសម្ភារៈយោធាឲ្យកម្ពុជា គឺដោយសារអាម៉េរិក យល់ថា អំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស ដែលប្រព្រឹត្តដោយមន្រ្តីក្នុងជួររដ្ឋាភិបាលកម្ពុជា នៅតែបន្តកើតមាន ហើយរដ្ឋាភិបាលកម្ពុជា ថែមទាំងបណ្តោយឲ្យកងទ័ពចិន ជះឥទ្ធិពលលើទឹកដីកម្ពុជាទៀតផង។ 

អត្ថបទទាក់ទង

ក្នុងនាមជាប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន ដែលត្រូវគេប្រសិទ្ធនាមថាជាបុរសខ្លាំងកម្ពុជា មិនត្រឹមតែមិនសៅហ្មងទេ តែបែរជាអរគុណអាម៉េរិកទៅវិញ ដែលសម្រេចរឹតបន្តឹងការលក់អាវុធ និងសម្ភារៈយោធាឲ្យកម្ពុជា។ អរគុណ ពីព្រោះការសម្រេចរបស់អាម៉េរិក បានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់សម្តេច កាលពីឆ្នាំ១៩៩៤ ដោយសម្តេច មិនទិញប្រព័ន្ធអាវុធអាម៉េរិក យកមកជំនួសប្រព័ន្ធអាវុធកម្ពុជានាពេលនោះ។ 

មេដឹកនាំកម្ពុជា បរិយាយលើបណ្តាញសង្គមថា៖«ខ្ញុំ មានជំនឿលើភាពក្លាហាន ព្រមទាំងស្មារតី និងទឹកចិត្តប្រយុទ្ធរបស់យុទ្ធជនក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ជាជាងលើអាវុធតែមួយមុខ។ ជាថ្មីម្តងទៀត ខ្ញុំ សូមអរគុណសហរដ្ឋអាម៉េរិក ដែលបានជួយបញ្ជាក់ថាការសម្រេចចិត្តរបស់ខ្ញុំ មិនយល់ព្រមទិញអាវុធពីអាម៉េរិកពិតជាត្រឹមត្រូវ សម្រាប់នយោបាយការពារជាតិរបស់កម្ពុជា ហើយវា ក៏ជាសារព្រមានមួយប្រាប់ទៅខ្មែរដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ក្រោយ ឲ្យបានជ្រាបថា បើចង់មានឯករាជ្យភាពលើវិស័យការពារជាតិ សូមកុំប្រើប្រាស់អាវុធរបស់អាម៉េរិក»៕

Tag:
 ហ៊ុន សែន
  អាវុធអាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com