អន្តរជាតិ
នីការ៉ាហ្កា ផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ដោយងាកទៅទទួលស្គាល់ចិនដីគោក
10, Dec 2021 , 8:29 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
រដ្ឋាភិបាលនីការ៉ាហ្កា នៅថ្ងៃទី៩ ខែធ្នូ បានប្រកាសផ្តាច់ទំនាក់ទំនងការទូតដ៏យូរអង្វែងជាមួយតៃវ៉ាន់ និងបែរមកទទួលស្គាល់គោលការណ៍ «ចិនតែមួយ» របស់បក្សកុម្មុយនីស្តចិន។ ជុំវិញបញ្ហានេះ តៃវ៉ាន់ បានបង្ហាញការសោកស្ដាយ និងប្ដេជ្ញានៅតែបន្តស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិបន្ថែមទៀត ខណៈប្រទេសទទួលស្គាល់ដែនកោះមួយនេះ កាន់តែតិចទៅ។

 
នីការ៉ាហ្កា គឺជាមិត្តចាស់មួយរបស់តៃវ៉ាន់ ក្នុងការប្រឆាំងនឹងលទ្ធិកុម្មុយនីស្ត កាលពីសម័យសង្រ្គាមត្រជាក់។ ទំនងជាបានផលប្រយោជន៍មួយចំនួន ចំពេលប្រទេសកំពុងរងអស្ថិរភាពនយោបាយ និងទណ្ឌកម្មពីប្រទេសលោកខាងលិច រដ្ឋាភិបាលនីការ៉ាហ្កា បានសម្រេចផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ និងងាកទៅទទួលស្គាល់ចិនដីគោកវិញ។ 
 
«រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​នីការ៉ាហ្កា ថ្ងៃនេះ​បាន​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់ និងឈប់​មាន​ទំនាក់ទំនង​ផ្លូវការ​ណាមួយជាមួយតៃវ៉ាន់ទៀតហើយ»។ ក្រសួងការបរទេសនីការ៉ាហ្កា បានប្រកាសបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយសរសេរជា ភាសាអេស្ប៉ាញ និងអង់គ្លេសនៅថ្ងៃទី៩ ខែវិច្ឆិកា មុនបន្ថែមថា សាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាល ស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យចិនទាំងមូល ហើយតៃវ៉ាន់ឯណោះជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។
 
ក្រោយសេចក្ដីប្រកាសនេះ ​រដ្ឋាភិបាលតៃវ៉ាន់បានឆ្លើយតបយ៉ាងលឿន និងបាន បង្ហាញការសោកស្ដាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់នីការ៉ាហ្កា។ រដ្ឋាភិបាលក្រុងតៃប៉ិ បានចាត់ទុក ការសម្រេចិត្តរបស់លោកប្រធានាធិបតីនីការ៉ាហ្កា លោក Daniel Ortega ជាការបំផ្លាញទំនាក់ទំនងមិត្តភាពដែនដីទាំងពីរ។
 
យ៉ាងណាមិញ តៃវ៉ាន់ មិនបានទទូចឱ្យនីការ៉ាហ្កាភ្ជាប់ទំនាក់ទំនងជាមួយខ្លួនវិញដែរ។ បើតាមក្រសួងការបរទេសតៃវ៉ាន់ ខ្លួននឹងបន្តលើកកម្ពស់ទំនាក់ទំនងការទូតជា មួយសហគមន៍អន្តរជាតិប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រីកជំហររបស់ខ្លួនលើឆាកអន្តរជាតិ។ បន្ថែមពីនេះ ក្នុងនាមជាសមាជិកនៃសហគមន៍អន្តរជាតិ តៃវ៉ាន់ មានសិទ្ធិផ្លាស់ប្តូរ និងអភិវឌ្ឍទំនាក់ទំនងការទូតជាមួយប្រទេសដទៃ។
 
ជុំវិញការផ្តាច់ទំនាក់ទំនងការទូតនេះ អគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាតិ លោក Zhang Jun បានបង្ហោះសារលើបណ្ដាញសង្គម twitter អបអរសាទរនីការ៉ាហ្កា ក្នុងការសម្រេចចិត្តគាំទ្រគោល ការណ៍ចិនតែមួយ។ «យើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលនីការ៉ាហ្កា ដែលស្របតាមនិន្នាការកំពុងកើតមាន។ លោក Zhang បានអះអាងបែបនេះ ដោយបន្ថែមថា គោលការណ៍ចិនតែមួយជាការឯកភាព ដែលទទួលស្គាល់យ៉ាងទូលំទូលាយ។  
 
ការកាត់ផ្ដាច់ទំនាក់ទំនងរវាងនីការ៉ាហ្កា និងតៃវ៉ាន់​បានកើតឡើងប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីអាម៉េរិកមានភាពតានតឹងជាមួយរដ្ឋាភិបាលនីការ៉ាហ្កា និងដាក់ទណ្ឌកម្មលើ លោក ​​Ortega រួមទាំងភរិយា និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត មិនឱ្យចូលទៅក្នុងទឹកដីអាម៉េរិក ដោយសារការបោះឆ្នោតមិនត្រឹមត្រូវ និងឃុំខ្លួនអ្នកប្រឆាំង។ នេះអាចជាមូលហេតុជំរុញឱ្យរដ្ឋាភិបាលនីការ៉ាហ្កាបែរទៅរកចិន ដើម្បីរកជំនួយ។
 
គួរបញ្ជាក់ថា ក្រោយការកាត់ផ្ដាច់ទំនាក់ទំនងការទូត តៃវ៉ាន់នៅសល់តែប្រទេស និងដែនដីចំនួន ១៤ ទៀតប៉ុណ្ណោះ ដែលនៅបន្តទំនាក់ទំនងការទូតជាមួយខ្លួន។ ក្នុងនោះ ប្រទេសភាគច្រើនមកពីអាម៉េរិកឡាទីន, តំបន់ការីប៊ីន បូករួមរដ្ឋ និងដែនដីតូចៗមួយចំនួនទៀត៕

Tag:
 តៃវ៉ាន់
  នីការ៉ាហ្កា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com