អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតីអាម៉េរិក៖ លទ្ធិប្រជាធិបតេយ្យគ្មានព្រំដែនទេ
11, Dec 2021 , 3:54 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី១០ ខែធ្នូ បានយល់ឃើញថា លទ្ធិប្រជាធិបតេយ្យគ្មានព្រំដែន និងអាននិយាយបានគ្រប់ភាសា។ បើតាមមេដឹកនាំអាម៉េរិករូបនេះ លទ្ធិប្រជាធិបតេយ្យរស់នៅជាមួយសកម្មជនប្រឆាំងអំពើពុករលួយ ​សកម្មជនការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន។ មេដឹកនាំរូបនេះ ក៏បានសន្យាផ្តល់កញ្ចប់ថវិកាចំនួន ៤២៤លានដុល្លារ ដើម្បីគាំទ្រសេរីភាព និងការបោះឆ្នោតដោយសេរីផងដែរ។

 
ក្នុងកិច្ចប្រជុំលទ្ធិប្រជាធិបតេយ្យនៅថ្ងៃចុងក្រោយ ដែលប្រព័ន្ធឡើងតាមប្រព័ន្ធវីដេអូរយៈពេល ២ថ្ងៃ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានលើកឡើងថា លទ្ធិប្រជាធិបតេយ្យ គ្មានព្រំដែនឡើយ និងអាចនិយាយបានគ្រប់ភាសា។ មិនតែប៉ុណ្ណោះ លោកបៃឌិន បានបន្តទៀតថា លទ្ធិប្រជាធិបតេយ្យ គឺរស់នៅជាមួយសកម្មជនប្រឆាំងអំពើពុករលួយ សកម្មជនការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន។ 
 
ក្នុងសុន្ទរកថានៅថ្ងៃប្រជុំចុងក្រោយ លោកបៃឌិន បានបន្ថែមថា អាម៉េរិក នឹងធ្វើការជាមួយបុគ្គល ឬប្រទេសដែលមានតម្លៃលទ្ធិប្រជាធិបតេយ្យរួមគ្នា ដើម្បីការពារច្បាប់នៅលើពិភពលោក។ បើតាមមេដឹកនាំអាម៉េរិក ដែលមានវ័យចាស់វស្សារូបនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងឈរនៅជាមួយបណ្តាប្រទេស ដែលផ្តល់សិទ្ធិសេរីភាពដល់ប្រជាជន និងមិនបង្រ្កាបប្រជាជនដោយអំណាចរបស់ខ្លួន។ 
 
បើទោះមិនបានសំដៅដល់ប្រទេសណាមួយ លោកបៃឌិន បានយល់ថា ពិភពលោក បានដើរដល់ចំណុចមួយ ដែលរបបផ្តាច់ការកាន់តែមានឥទ្ធិពលឡើង ខណៈលទ្ធិប្រជាធិបតេយ្យ កំពុងស្ថិតក្រោមការវាយប្រហារ។ «លទ្ធិប្រជាធិបតេយ្យ ត្រូវតែឈ្នះ»។ លោកបៃឌិន បានសង្កត់ធ្ងន់បែបនេះ។ 
 
ក្នុងកិច្ចប្រជុំថ្ងៃដំបូង មេដឹកនាំអាម៉េរិករូបនេះ បានសន្យាផ្តល់កញ្ចប់ថវិកាចំនួន ៤២៤លានដុល្លារ ដើម្បីគាំទ្រប្រព័ន្ធផ្សព្វផ្សាយសេរីភាព, ការបោះឆ្នោតដោយយុត្តិធម៌ និងយុទ្ធនាការប្រឆាំងអំពើពុយរលួយ។ 
 
សូមបញ្ជាក់ថា កិច្ចប្រជុំលទ្ធិប្រជាធិបតេយ្យនេះ បានរងការរិះគន់យ៉ាងខ្លាំងពីក្រសួងការបរទេសចិន។ ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន នៅថ្ងៃទី១១ ខែធ្នូ កិច្ចប្រជុំមួយនេះ គឺជាការបែងចែកប្លុក, ជំរុញឱ្យមានការប្រឈមមុខដាក់គ្នា និងជាការការពារអំណាចរបស់អាម៉េរិកនៅលើពិភពលោក៕

Tag:
 អាម៉េរិក
  ចិន
  ប្រជាធិបតេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com