អន្តរជាតិ
លោក មូន ចេអ៊ីន៖ កូរ៉េខាងត្បូង មិនបានពិចារណាធ្វើពហិការការទូតអូឡាំពិកឡើយ
13, Dec 2021 , 10:43 am        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន។ រូបភាព៖ AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន។ រូបភាព៖ AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នៅថ្ងៃទី១៣​ ខែធ្នូ បានលើកឡើងថា កូរ៉េខាងត្បូង មិនបានពិចារណាធ្វើពហិការការទូត ក្នុងការបញ្ជូនមន្រ្តីខ្លួនឱ្យចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក នៅក្នុងឆ្នាំ២០២២ ឡើយ។ វត្តមានរបស់កូរ៉េខាងត្បូង ក្នុងកីឡាអូឡាពិកនាទីក្រុងប៉េកាំង អាចជាការស្វះស្វែងរកសន្តិភាពលើឧបទ្វីបកូរ៉េ និងសេចក្តីប្រកាសបញ្ចប់សង្រ្គាមជាមួយកូរ៉េខាងជើង។

 
 
អាម៉េរិក អូស្រ្តាលី អង់គ្លេស និងកាណាដា សុទ្ធតែបានប្រកាសធ្វើពហិការការទូត ចំពោះព្រឹត្តិការណ៍អូឡាំពិក ដែលនឹងត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០២២​ ខាងមុខ។ យ៉ាងណាមិញ ប្រទេសទាំងនោះ នៅតែបន្តបញ្ជូនអត្តពលិកទៅដដែល។ កូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តមួយរបស់អាម៉េរិក សម្រេចចិត្តមិនធ្វើតាមដៃគូមួយនេះឡើយ។ 
 
«រដ្ឋាភិបាលកូរ៉េខាងត្បូង មិនបានពិចារណាធ្វើពហិការឡើយ»។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្នីសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី  ស្កុ​ត ម៉ូ​រី​សុន ក្នុងទីក្រុងកង់បេរ៉ានៅថ្ងៃទី១៣ ខែធ្នូ។ 
 
ប្រធានាធិបតីរូបនេះ បានបន្តទៀតថា ទាក់ទិននឹងពហិការ រដ្ឋាភិបាលក្រុងសេអ៊ូល មិនត្រូវបានអាម៉េរិក ឬប្រទេសណាមួយចាប់បង្ខំឡើយ។ ការប្រកាសពីវត្តមានរបស់កូរ៉េខាងត្បូងចូលរួមក្នុងកីឡាអូឡាំពិកបែបនេះ ត្រូវបានអ្នកជំនាញមើលឃើញថា ជាក្តីសង្ឃឹមរបស់កូរ៉េខាងត្បូង ដើម្បីយកវេទិកាមួយនេះ បង្រួបបង្រួមកូរ៉េទាំងពីរ ក៏ដូចជាស្វែងរកសេចក្តីប្រកាសបញ្ចប់សង្រ្គាមកូរ៉េ។ 
 
នៅក្នុងឆ្នាំ២០១៨​ កូរ៉េខាងត្បូង ក៏បានយកព្រឹត្តិការណ៍កីឡាអូឡាំពិក PyeongChang ក្នុងគោលបំណងនាំមេដឹកនាំកូរ៉េខាងជើងចូលតុចរចាផងដែរ។ សង្រ្គាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ មានត្រឹមតែការអនុវត្តបទឈប់បាញ់ប៉ុណ្ណោះ មិនទាន់មានសេចក្តីប្រកាសបញ្ចប់សង្រ្គាមឡើយ។ 
 
បើតាមលោក មូន អាម៉េរិក ចិន សុទ្ធតែឯកភាពជាគោលការណ៍លើការប្រកាសប្រកាសបញ្ចប់សង្រ្គាមនេះ ប៉ុន្តែការចរចាមិនទាន់អាចធ្វើបាន ព្រោះកូរ៉េខាងជើងនៅប្រកាន់ជំហរតឹងរ៉ឹងដដែល។
 
ក្នុងដំណើរទស្សនកិច្ចនៅអូស្រ្តាលីនេះ លោកមូន បានបញ្ជាក់យ៉ាងច្បាស់ថា កូរ៉េខាងត្បូង ធ្វើសម្ព័ន្ធមិត្តជាមួយអាម៉េរិក ដោយផ្អែកលើមូលដ្ឋានការទូត និងសន្តិសុខជាតិ ខណៈពេលចិន គឺមានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដ៏សំខាន់មួយ។ ចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កូរ៉េខាងត្បូង។ បើតាមមេដឹកនាំរូបនេះ រដ្ឋាភិបាលក្រុងសេអ៊ូល នឹងប្រឹងប្រែងរក្សាទំនាក់ទំនងជាមួយប្រទេសទាំងពីរឱ្យបានល្អ ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់។ 
 
សូមបញ្ជាក់ថា លោកមូន គឺជាមេដឹកនាំដំបូងបំផុត ដែលធ្វើទស្សនកិច្ចទៅអូស្ត្រាលី បន្ទាប់ពីប្រទេសមួយនេះបើកព្រំដែនឡើងវិញ។ ទស្សនកិច្ចរបស់លោកមូន ធ្វើឡើងដើម្បីអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរទៅកម្រិត «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»។​ កូរ៉េខាងត្បូង និងអូស្រ្តាលី ក៏បានចុះកិច្ចព្រមព្រៀងលើវិស័យការពារ ក្នុងទំហំ ១ពាន់លានដុល្លារផងដែរ៕ 

Tag:
 កូរ៉េខាងត្បូង
  អាម៉េរិក
  ចិន
  អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com