កីឡាអន្តរជាតិ
អន្តរជាតិ
ផ្ទុះករណីឆ្លងកូវីដ-១៩ លើសមាជិកក្រុម Man Utd មុនជំនួបទល់ Brentford
13, Dec 2021 , 2:01 pm        
រូបភាព
សមាជិកក្រុម Manchester United រួមមានកីឡាករ និងបុគ្គលិកបានឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី១២ ខែធ្នូ ដែលបង្កការលំបាកដល់ពួកគេក្នុងជំនួប Premier League ទល់ Brentford ។



ក្រុមបិសាចក្រហម ដែលទើបយកឈ្នះ Norwich City ១-០ នៅជំនួបលីគសប្តាហ៍ទី១៦ នឹងត្រូវធ្វើដំណើរទៅជួប Brentford នៅរាត្រីថ្ងៃទី១៤ ខែធ្នូ។ កាសែត The Athletic ​ផ្សាយ​ថា ក្រោយត្រឡប់ពីជួបជាមួយ Norwich វិញសមាជិកក្រុមរបស់លោក Ralf Rangnick ឆ្លងជំងឺកូវីដ-១៩ជាច្រើននាក់។
 
កីឡាករ និងបុគ្គលិក Man Utd បានធ្វើតេស្តមុនពេលហ្វឹកហាត់នៅមុនជំនួបទល់ Brentford ដោយលទ្ធផលបង្ហាញថាមានវិជ្ជមានមួយចំនួន។ អ្នកតេស្តឃើញកូវីដ-១៩ មិនអាចអនុញ្ញាតឱ្យចូលហាត់ឡើយ ហើយពួកគេត្រូវនៅដាច់ដោយឡែកនៅផ្ទះរៀងខ្លួន។
 
ការផ្ទុះឡើងនៃជំងឺរាតត្បាតជាថ្មីលើសមាជិកក្រុម Man Utd បានបង្កការលំបាកសម្រាប់ក្រុម ហើយជំនួបទល់នឹង Brentford នៅយប់ស្អែកអាចនឹងផ្អាកផងដែរ។
 
កាលពីសប្តាហ៍មុន ការប្រកួតរវាង Tottenham Hotspur និង Brighton & Hove Albion ត្រូវបានផ្អាកដោយសារសមាជិកក្រុមលោក Antonio Conte រហូតដល់១៣នាក់ឆ្លងជំងឺនេះ។
អង់គ្លេសបានបង្កើនកម្រិតប្រកាសអាសន្នជំងឺកូវីដ-១៩ នៅថ្ងៃទី១២ ខែធ្នូ ដើម្បីបង្កាការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង៕

Tag:
 Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com