អន្តរជាតិ
តៃវ៉ាន់ថា សមត្ថភាពយោធាចិននៅមានកម្រិត ក្នុងការវាយប្រហារខ្លួន
13, Dec 2021 , 5:29 pm        
រូបភាព
សមយុទ្ធយោធារបស់តៃវ៉ាន់នាពេលកន្លងមក។ រូបភាព៖ AP
សមយុទ្ធយោធារបស់តៃវ៉ាន់នាពេលកន្លងមក។ រូបភាព៖ AP
ការឈានពានទ្រង់ទ្រាយធំ ជាមួយការបញ្ជូនទាហានឡើងគោក និងការដណ្តើមកំពង់ផែ និងអាកាសយានដ្ឋានមកគ្រប់គ្រង គឺមិនមែនជារឿងងាយស្រួលឡើយសម្រាប់ចិន។ ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់បែបនេះ នៅក្នុងរបាយការណ៍មួយដាក់ទៅកាន់សមាជិកសភា។

 
 
ភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់ កាន់តែក្តៅឡើង ចាប់តាំងពីលោកស្រី Tsai Ing-wen ឡើងកាន់តំណែងជាប្រធានាធិបតី នៅក្នុងឆ្នាំ២០១៦។ ចិន បានបញ្ជូនយន្តហោះចម្បាំងទៅកៀកនឹងកោះតៃវ៉ាន់ជាច្រើនលើក។  ការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងតៃប៉ិ និងក្រុងវ៉ាស៊ីនតោន កាន់តែធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ក្តៅស្លឹកត្រចៀក និងចោទក្រុងវ៉ាស៊ីនតោន ជ្រែតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ចិនថែមទាំងព្រមានប្រើកម្លាំងយោធា ប្រសិនបើដែនកោះមួយនេះ ហ៊ានប្រកាសឯករាជ្យ។ 
 
ស្របពេលមានការគំរាមកំហែងពីចិន រដ្ឋាភិបាលតៃវ៉ាន់ បានចេញរបាយការណ៍មួយ ដើម្បីវាយតម្លៃពីការគំរាមដោយចិន។ ក្នុងរបាយការណ៍ទៅកាន់សភា ក្រសួងការពារជាតិតៃវ៉ាន់ បានសង្កត់ធ្ងន់ថា សមត្ថភាពដឹកជញ្ជូនកងទ័ពរបស់ចិន នៅមានកម្រិតណាស់ និងមិនអាចបញ្ជូនទ័ពមកឡើងគោកទាំងអស់បានក្នុងពេលតែមួយឡើយ។ បើតាមតៃវ៉ាន់ យោធាចិន ត្រូវពឹងផ្អែកលើនាវាខុសស្តង់ដាក្នុងប្រតិបត្តិការរបស់ខ្លួនពេលត្រូវដណ្ដើមកំពង់ផែ ខណៈយន្តហោះចម្បាំង ត្រូវប្រើប្រាស់អាកាសយានដ្ឋាន។ 
 
«បើទោះជាយ៉ាងណាក្តី តៃវ៉ាន់មានសមត្ថភាពការពារកំពង់ផែ និងអាកានយានដ្ឋានយ៉ាងរឹងមាំ ហើយចិន នឹងមិនងាយគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធបានក្នុងរយៈពេលខ្លីឡើយ»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែធ្នូ ដែលស្រង់ប្រភពពីរបាយការណ៍។ ក្រសួងដដែលបន្តថា ប្រតិបត្តិការបញ្ជូនយោធាឡើងគោករបស់ចិន ប្រឈមមុខគ្រោះថ្នាក់ណាស់។ 
 
មិនតែប៉ុណ្ណោះ ចិនត្រូវប្រឈមបញ្ហាផ្នែកផ្គត់ផ្គង់អាវុធ ស្បៀងអាហារ និងថ្នាំពេទ្យ នៅពេលកងទ័ពចិន ត្រូវឆ្លងច្រកសមុទ្រដើម្បីវាយប្រហារតៃវ៉ាន់។ ក្នុងន័យនេះ ក្រសួងការពារជាតិតៃវ់ាន់ យល់ឃើញថា វាមិនមែនជារឿងងាយស្រួលឡើយ ព្រោះតៃវ៉ាន់ មានច្រកសមុទ្រ ដែលអាចបង្អាក់ប្រតិបត្តិការ និងកាត់ផ្តាច់ការផ្គត់ផ្គង់ស្បៀងអាហាររបស់យោធាចិន។ បញ្ហានេះ នឹងជួយកាត់បន្ថយសមត្ថភាពចិន ក្នុងការវាយប្រហារ និងការបញ្ជូនទ័ពឡើងគោក។ 
 
ក្រៅពីវាយប្រហារលើតៃវ៉ាន់ ចិន ក៏ត្រូវត្រៀមទ័ពមួយចំនួនធំនៅដែនដីរបស់ខ្លួនដើម្បីបង្ការហានិភ័យនៃការជម្លោះណាមួយពីក្រោយខ្នងដែរ។ តំបន់ព្រំដែនចិន-ឥណ្ឌា និងសមុទ្រចិនខាងត្បូង សុទ្ធសឹងជាបញ្ហា។ បន្ថែមពីលើនេះ ចិន ត្រូវឃ្លាំមើលមូលដ្ឋានទ័ពយោធាអាម៉េរិក នៅជប៉ុន ដែលនៅកៀកនឹងតៃវ៉ាន់។ 
 
ពាក់ព័ន្ធនឹងបញ្ហាខាងលើ ក្រសួងការពារជាតិតៃវ៉ាន់ បានកត់សម្គាល់ថា វាមិនមែនជារឿងងាយស្រួលឡើយសម្រាប់ចិន ដែលត្រូវផ្តោតកម្លាំងរបស់ខ្លួនទាំងអស់ ក្នុងការវាយប្រហារតៃវ៉ាន់។ 
 
សូមបញ្ជាក់ថា តៃវ៉ាន់ បានបញ្ជាទិញសម្ភារយោធា និងអភិវឌ្ឍសមត្ថភាពកម្លាំងយោធារបស់ខ្លួនយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយ ដើម្បីទប់ស្កាត់ការវាយប្រហារពីចិន។ កន្លងមក រដ្ឋាភិបាលដែនកោះមួយនេះ បានគ្រោងបន្ថែមថវិកាការពារជាតិចំនួន ៨,៦៦ពាន់លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។ នៅក្នុងឆ្នាំ២០២០ ថវិកាការពារជាតិរបស់តៃវ៉ាន់មានទំហំជាង ១១ពាន់លានដុល្លារ ខណៈពេលចិន បានចំណាយថវិកាការពារជាតិចំនួន ២៥២ពាន់លានដុល្លារ៕ 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com