កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប Man Utd-Brentford ត្រូវផ្អាក ក្រោយផ្ទុះកូវីដ-19 ក្នុងចំណោមកីឡាករបិសាចក្រហម
14, Dec 2021 , 9:32 am        
រូបភាព
ការប្រកួត Premier League រវាង Manchester United ទល់នឹង Brentford នៅរាត្រីថ្ងៃ១៤ ខែធ្នូ ត្រូវបានផ្អាកបន្ទាប់ពីជំងឺកូវីដ-១៩ ផ្ទុះការចម្លងលើកីឡាករក្រុមបិសាចក្រហមច្រើននាក់ ។



ស្ថាប័នលីគកំពូលអង់គ្លេសអះអាងថា ការសម្រេចចិត្តផ្អាកជំនួប Man Utd និង Brentford ធ្វើឡើងតាមការណែនាំពីទីប្រឹក្សាវេជ្ជសាស្ត្រដោយសារតែការកើនឡើងនៃវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង។
 
នៅថ្ងៃទី១៣ ខែធ្នូ ក្រុមបិសាចក្រហមបានប្រកាសថាសមាជិកពួកគេមួយចំនួនបានឆ្លងជំងឺរាតត្បាតនេះ ហើយថែមទាំងបានបិទកន្លែងហ្វឹកហាត់ Carrington ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងផងដែរ។ 
 
នៅក្នុងការប្រកួតលីគសប្តាហ៍មុន Premier League បានរាយការណ៍ថាមានកីឡាករ និងបុគ្គលិកសរុប៤២នាក់បានធ្វើតេស្តចេញលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។
 
ក្រៅពីក្រុមលោក Ralf Rangnick ដែលជាអ្នកចាត់ការទូទៅ Man Utd បណ្តោះអាសន្ន ក្រុម Brighton & Hove Albion, Tottenham Hotspur, Leicester City, Aston Villa និង Norwich សុទ្ធតែមានករណីឆ្លង។ កាលពីសប្តាហ៍មុន ការប្រកួតរវាង Spurs និង Brighton ត្រូវបានផ្អាកដោយសារសមាជិកក្រុមលោក Antonio Conte រហូតដល់១៣នាក់ឆ្លងជំងឺនេះ។
 
បើតាមការផ្សាយរបស់កាសែត BBC ក្លិប Man Utd និយាយថាកីឡាករ រួមទាំងបុគ្គលិក​ បានធ្វើតេស្តចេញលទ្ធផលអវិជ្ជមាននៅមុនជំនួបដែលបានយកឈ្នះ Norwich ១-០។ ប៉ុន្តែនៅពេលតេស្តត្រៀមហ្វឹកហាត់មុនប៉ះ Brentford ពួកគេបានធ្វើតេស្ត PCR នៅថ្ងៃទី១២ ឃើញមានករណីឆ្លងច្រើន៕

Tag:
 Premier League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com