ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ ចាប់ផ្តើមបើកសវនាការលើលោក កឹម សុខា ឡើងវិញ ក្រោយផ្អាកជិត២ឆ្នាំ
14, Dec 2021 , 2:20 pm        
រូបភាព
លោក កឹម សុខា ចុះពីរថយន្ត ដើរចូលតុលាការភ្នំពេញ ដើម្បីចូលរួមសវនាការលើរូបលោក កាលពីខែមករា ឆ្នាំ២០២០។ រូបពី AFP
លោក កឹម សុខា ចុះពីរថយន្ត ដើរចូលតុលាការភ្នំពេញ ដើម្បីចូលរួមសវនាការលើរូបលោក កាលពីខែមករា ឆ្នាំ២០២០។ រូបពី AFP
តុលាការភ្នំពេញ នឹងចាប់ផ្តើមបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិឡើងវិញ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ នេះបើយោងតាមដីការបស់អយ្យការអមតុលាការភ្នំពេញ ដែលចេញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបង្គាប់ទៅលោក កឹម សុខា ឲ្យចូលរួមសវនាការ។



តុលាការភ្នំពេញ បានចាប់ផ្តើមបើកសវនាការដំបូងលើសំណុំរឿងរបស់លោក កឹម សុខា កាលពីខែមករា ឆ្នាំ២០២០។ ក្រោយបើកសវនាការបានត្រឹម២-៣លើក តុលាការភ្នំពេញ ក៏បានផ្អាក នៅខែមីនា ឆ្នាំ២០២០ ក្រោមហេតុផលថា បារម្ភនឹងជំងឺកូវីដ-១៩។ គិតរហូតដល់ខែមករា ឆ្នាំ២០២២ គឺមានរយៈពេលជិត២ឆ្នាំ ទម្រាំតុលាការភ្នំពេញ សម្រេចបើកសវនាការនេះឡើងវិញ។

មានចៅក្រម៣រូប ដែលនឹងធ្វើជាអ្នកជំនុំជម្រះលើលោក កឹម សុខា គឺលោក កូយ សៅ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក សេង លាង និង លោក ធាម ច័ន្ធពិសិដ្ឋ ជាចៅក្រមប្រឹក្សា។ ចំណែកតំណាងអយ្យការ ដែលនឹងចូលរួម គឺលោកព្រះរាជអាជ្ញារង ប្លង់ សុផល។

លោក កឹម សុខា ត្រូវបានចោទពីបទសន្ទិដ្ឋភាពជាមួយបរទេស ចាប់តាំងខែកញ្ញា ឆ្នាំ១០១៧មក។ បទសន្ទិដ្ឋភាពជាមួយបរទេស គឺសំដៅដល់ការលួចទៅគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ បទល្មើសនេះ ត្រូវបានចាត់ចូលក្នុងចង្កោមនៃអំពើក្បត់ជាតិ។

ដោយយល់ថា លោក កឹម សុខា និងមេដឹកនាំផ្សេងទៀតនៃអតីតគណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹងផែនការផ្តួលរំលំរដ្ឋាភិលបាល តាមរយៈការពឹងកម្លាំងបរទេស តុលាការកំពូល បានសម្រេចរំលាយអតីតគណបក្សប្រឆាំងដ៏ធំនេះចោល កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រដ្ឋាភិបាលកម្ពុជា៕

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com