កីឡាអន្តរជាតិ
អន្តរជាតិ
អត្តពលិក៣៣០នាក់ដែលរងការបំពានដោយពេទ្យ Nassar ទទួលសំណង ៨៨០លានដុល្លារ
15, Dec 2021 , 8:29 am        
រូបភាព
កីឡាការិនីកាយសម្ព័ន្ធអាម៉េរិករាប់រយនាក់ ដែលត្រូវបានអតីតវេជ្ជបណ្ឌិត Larry Nassar បំពានផ្លូវភេទ នឹងទទួលបានប្រាក់សំណងជំងឺចិត្ត ៣៨០ លានដុល្លារអាម៉េរិក។ កាលពីឆ្នាំ ២០១៨ សាកលវិទ្យាល័យ Michigan State បានយល់ព្រមបង់ប្រាក់សំណង ៥០០លានដុល្លាររួចមកហើយជុំវិញករណីផ្លូវភេទដ៏អាក្រក់នេះ។



បើតាមការផ្សាយរបស់កាសែត BBC ការផ្តល់ប្រាក់សំណងដ៏ច្រើននេះ ធ្វើឡើងបន្ទាប់ពីមានការដោះស្រាយគ្នារវាងគណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកអាម៉េរិក (USOPC) ជាមួយក្រុមអត្តពលិកកាយសម្ព័ន្ធទៅតាមផ្លូវច្បាប់ក្នុងរយៈពេល៥ឆ្នាំ ជុំវិញរឿងអាស្រូវរំលោភបំពានផ្លូវភេទដ៏ធំរហូតធ្វើឱ្យកក្រើកកីឡានៅអាម៉េរិក។
 
អតីតវេជ្ជបណ្ឌិតអាម៉េរិក Larry Nassar  ដែលជាជនបង្ក ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារលើស៣០០ឆ្នាំ ក្នុងឆ្នាំ ២០១៨។ បើទោះមានការកាត់ទោសធ្ងន់ធ្ងរហើយក្តី ប៉ុន្តែ ម្ចាស់មេដាយមាសអូឡាំពិក Simone Biles, McKayla Maroney និង Aly Raisman រួមជាមួយម្ចាស់មេដាយមាសជើងឯកពិភពលោកនាង Maggie Nichols និងអ្នករងគ្រោះដោយការបំពានផ្លូវភេទរាប់រយនាក់ផ្សេងទៀតមិនសុខចិត្តឡើយ។
 
កីឡាការិនីទាំងនោះ បានប្តឹង USOPC រួមទាំងការិយាល័យស៊ើបអង្កេត (FBI) ស្ថាប័នកាយសម្ព័ន្ធ និងមន្រ្តីអូឡាំពិកអាម៉េរិក ដោយចោទថា ស្ថាប័នទាំងនេះមិនអាចបញ្ឈប់ការបំពានផ្លូវភេទដែលពួកនាងធ្លាប់បានរងគ្រោះ។
 
Biles, Raisman, Maroney និង Nichols ដែលហ៊ានចេញមុខប្រឆាំងនឹងករណីរំលោភបំពានផ្លូវភេទនេះខ្លាំងជាងគេ បានផ្តល់សក្ខីកម្មអំពីរបៀបដែល Nassar បំពានពួកគេទៀតផង។
សរុបមក Nassar ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារជាង៣៣០ នាក់ទាំងនៅក្នុងកីឡាកាយសម្ព័នអាម៉េរិក និងសកលវិទ្យាល័យ Michigan State University។
 
ដោយឡែក សរុបទាំងសំណង៣៨០លានដុល្លារពី USOPC និងស្ថាប័នកាយសម្ពន្ធនៅឆ្នាំ២០២១នេះទៀត មានន័យថាជុំវិញករណីរបស់អតីតពេទ្យ Nassar ប្រាក់សំណងបានកើនដល់ ៨៨០លានដុល្លារហើយ បន្ទាប់ពីសាកលវិទ្យាល័យ Michigan State បានយល់ព្រមបង់ប្រាក់ ៥០០លានដុល្លាររួចមកហើយកាលពីឆ្នាំ ២០១៨៕

Tag:
 Larry Nassar
  Simone Biles
© រក្សាសិទ្ធិដោយ thmeythmey.com