ជាតិ
សង្គមជាតិ
លោក ម៉ក់ ជីតូ៖ ស្ថានភាពគ្រឿងញៀន បើធៀបនឹងប្រទេសជិតខាង កម្ពុជា ធូរស្រាលជាងគេ
14, Dec 2021 , 6:37 pm        
រូបភាព
លោក ម៉ក់ ជីតូ ថ្លែងក្នុងកិច្ចប្រជុំមួយ កាលពីឆ្នាំ២០២០។ រូបពីគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ
លោក ម៉ក់ ជីតូ ថ្លែងក្នុងកិច្ចប្រជុំមួយ កាលពីឆ្នាំ២០២០។ រូបពីគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ
លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកកិច្ចការបង្ក្រាបបទល្មើសគ្រឿងញៀន អះអាងថា ថ្វីបើបទល្មើសគ្រឿងញៀននៅកម្ពុជា ហាក់ពុំបានថយចុះក្តី តែបើប្រៀបធៀបនឹងប្រទេសជិតខាង ឬបើប្រៀបធៀបនឹងប្រទេសដទៃទៀត ស្ថានភាពបទល្មើសគ្រឿងញៀននៅកម្ពុជា នៅតែស្រាលជាងគេ។



ក្នុងសន្និសីទកាសែត នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្តីពីប្រតិបត្តិការបង្ក្រាបរោងចក្ររបស់ជនជាតិចិន ដែលលួចផលិតគ្រឿងញៀន ក្នុងខេត្តកំពង់ស្ពឺ លោក ម៉ត់ ជីតូ ថ្លែងថា អ្វី ដែលកម្ពុជា រងគ្រោះ គឺរងគ្រោះ ដោយសារការលួចផលិត ដើម្បីចែកចាយទៅប្រទេសដទៃ និងរងគ្រោះដោយសារការលួចដឹកគ្រឿងញៀនឆ្លងកាត់។ លោក លើកទឡ្ហីករណ៍ជាក់ស្តែងថា ក្រុមឧក្រិដ្ឋជនជនជាតិចិន ដែលលួចបង្កើតរោងចក្រផលិតគ្រឿងញៀននៅខេត្តកំពង់ស្ពឺ គឺមានគោលដៅសំខាន់ ដឹកទៅចិនដីគោក ចិនកោះតៃវ៉ា់ន់ ឬក៏អាចធ្លាយទៅដល់អូស្រ្តាលីផងដែរ មិនមានបំណងផលិតដើម្បីចាយចាយក្នុងស្រុកខ្មែរឡើយ។ លោក បន្តថា ប្រទេស ដែលរងគ្រោះខ្លាំងជាងកម្ពុជា គឺប្រទេសជិតខាង មានថៃ និងវៀតណាម ជាដើម ដ្បិតប្រទេសជិតខាងទាំងនេះ អាចនឹងទទួលរងគ្រឿងញៀន ដែលត្រូវបានលួចដឹកជញ្ជូនកាត់តាមកម្ពុជាទៅ។ 

លោកនាយឧត្តមសេនីយ៍រូបនេះ បញ្ជាក់ថា៖«ស្ថានភាពគ្រឿងញៀន ជាស្ថានភាពសាកល មិនមែនតែប្រទេសយើងមួយទេ។ ប៉ុន្តែយើង សំណាង យើង ធូរស្រាលជាងបណ្តាប្រទេសជិតខាង។ គ្រាន់តែយើង នៅតែរងគ្រោះ ដោយសារការដឹកជញ្ជូនឆ្លងកាត់។ បើកាលណាដឹកជញ្ជូនឆ្លងកាត់ ជាធម្មតា អាបោះដុំ វាបោះឆ្លងផុតពីយើង តែអារាយកំប៉ិកកំប៉ុក វា ត្រូវធ្លាក់នៅតាមមូលដ្ឋាន តាមប្រទេសយើងហើយ»។


លោក ម៉ក់ ជីតូ ថ្លែងក្នុងសន្និសីទកាសែត នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្តីពីប្រតិបត្តិការបង្ក្រាបរោងចក្រជនជាតិចិន ដែលលួចផលិតគ្រឿងញៀននៅខេត្តកំពង់ស្ពឺ។

កម្ពុជា ប្រឹងបង្ក្រាបដែរ តែហេតុអ្វី គ្រឿងញៀន នៅតែមិនចេះអស់? លោក ម៉ក់ ជីតូ ចោទជាសំណួរបែបនេះ ហើយក៏ឆ្លើយខ្លួនឯងថា បញ្ហាគ្រឿងញៀន ជាបញ្ហាសាកល មិនមែនជាបញ្ហានៅតែកម្ពុជានោះទេ ហើយបច្ចុប្បន្ន ការលួចផលិត ការលួចជួញដូរគ្រឿងញៀនលើសាកលលោក ពុំបានថយចុះឡើយ រួមទាំងតម្រូវការនៃការប្រើប្រាស់ ក៏នៅតែមិនថយចុះដែរ ដោយផ្ទុយមកវិញ គឺមានតែកើនឡើងថែម។

យ៉ាងណា លោក បានលើកឡើងពីយន្តការរបស់រដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញកន្លងមក ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន។ យន្តការ៣សំខាន់ៗ ដែលលោក លើកឡើង រួមមាន ទី១ ប្រឹងប្រែងទប់ស្កាត់ឲ្យបានចំពោះការលួចនាំចូលគ្រឿងញៀនតាមផ្លូវទាំង៣ គឺផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ទី២ ប្រឹងប្រែងបង្ក្រាបគ្រឿងញៀន ដែលត្រូវបានលួចនាំចូលមកដល់ទឹកដីកម្ពុជា និង ទី៣ ត្រូវប្រឹងប្រែងបង្ក្រាបកន្លែង ដែលលួចផលិតកែច្នៃគ្រឿងញៀន។

ចំពោះករណីលួចបង្កើតរោងចក្រផលិតគ្រឿងញៀននៅខេត្តកំពង់ស្ពឺ មានជនល្មើសជនជាតិចិនម្នាក់ បានស្លាប់ ក្រោមគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច និងមានជនល្មើសជាង១០នាក់ ដែលមានទាំងចិនដីគោកទាំងចិនកោះតៃវ៉ាន់ ត្រូវបានឃាត់ខ្លួន។ ជនល្មើស ដែលស្លាប់ដោយសារគ្រាប់កាំភ្លើង គឺដោយសាររូបគេ បានបាញ់ប្រហារទៅលើសមត្ថកិច្ច ពេលសមត្ថកិច្ច ចុះបង្ក្រាប ហើយសមត្ថកិច្ច ក៏បាញ់តបទៅវិញ។ ជនល្មើសនោះ ត្រូវបានបាញ់សម្លាប់ នៅលើផ្លូវជាតិលេខ៤ ក្នុងស្រុកំពង់សិលា ខេត្តព្រះសីហនុ ខណៈពេលរូបគេ និងគ្នីគ្នា កំពុងដឹកគ្រឿងញៀនឆ្ពោះទៅខេត្តព្រះសីហនុ។ គ្រឿងញៀងជាង២តោន និងសារធាតុផ្សំសម្រាប់ផលិតគ្រឿងញៀនដល់ទៅ៨៤តោន (សរុបជាង៨៦តោន) ត្រូវបានរកឃើញពីរោងចក្រនោះ។

សមត្ថកិច្ច កំពុងកសាងសំណុំរឿង បញ្ជូនជនល្មើសជាង១០នាក់នោះ ទៅតុលាការ ដើម្បីបន្តនីតិវិធី។ លោក ម៉ក់ ជីតូ មានប្រសាសន៍ក្នុងសន្និសីទកាសែតខាងលើថា៖«និយាយពីចិត្តរបស់យើង ពួកអស់នេះ ទោសអត់ក្រោមមួយជីវិតទេ។ បន្ទុកមកលើយើងទៀត ចាប់បានវាហើយ ត្រូវចិញ្ចឹមវា រហូតដល់ស្លាប់។ បើបានប្រទេសគេ សុំយកទៅវិញ ល្អណាស់ ឲ្យគេយកទៅចិញ្ចឹមនៅ [ក្នុងគុក] នុ៎ងទៅ»។

សមត្ថកិច្ចកម្ពុជា បានប្រើពេលប្រមាណ៣ខែ ក្នុងការស៊ើបអង្កេតលើផែនការឧក្រិដ្ឋកម្មគ្រឿងញៀងដ៏ធំសម្បើមនេះ។ ក្រោយទទួលបានព័ត៌មានពេញលេញក្នុងដៃ កម្លាំងសមត្ថកិច្ច ក៏ចាប់ផ្តើមចេញធ្វើប្រតិបត្តិការបង្ក្រាប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដោយប្រើពេលត្រឹមប្រមាណ១២ម៉ោង ក៏ទទួលបានជោគជ័យ។ រោងចក្រ ដែលក្រុមឧក្រិដ្ឋជនជនជាតិចិន បង្កើតឡើង ដើម្បីលួចផលិតគ្រឿងញៀន គឺស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕

អត្ថបទទាក់ទង

Tag:
 ម៉ក់ ជីតូ
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com