ជាតិ
សម្តេច ហ៊ុន សែន៖ កុំចាប់បង្ខំកម្ពុជាកាត់សេចក្តីរឿងសមុទ្រចិនខាងត្បូង
15, Dec 2021 , 9:57 am        
រូបភាព
ដោយ: រួបរួម
គោលជំហររបស់កម្ពុជាមិនផ្លាស់ប្តូរទេ។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើបញ្ហាសមុទ្រចិនខាងត្បូង ក្នុងតួនាទីប្រធានអាស៊ាន។ សម្តេចបានស្នើទៅភាគីពាក់ព័ន្ធ រួមទាំងអ្នកវិភាគ កុំចាប់បង្ខំកម្ពុជាធ្វើជាចៅក្រមលើបញ្ហានេះ។



ទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង សម្តេច ហ៊ុន សែន បានប្រកាសពីជំហរគោរពអនុវត្តពេញលេញនូវសេចក្តីប្រកាសក្រមប្រតិបតិ្តភាគីសមុទ្រចិនខាងត្បូង (DOC) នៅភ្នំពេញ កាលពីឆ្នាំ២០០២ ហើយសុំឲ្យប្រទេសពាក់ព័ន្ធសម្របសម្រួលគ្នា ព្រោះអាស៊ានគ្មានសិទ្ធិវាស់ដីចែកជូននោះឡើយ។

សម្តេចបានបញ្ជាក់ថា ជំហររបស់ខ្លួន មិនមែនជាការការពារ ខ្លាចការវាយប្រហារនោះឡើយ។ សម្តេចបានអះអាងថា នឹងខិតខំចរចាជាមួយចិន ក៏ដូចជាបញ្ហាប្រទេសអាស៊ានពាក់ព័ន្ធលើបញ្ហានេះ ក្នុងនោះមានក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (CoC) ដែលជាយន្តការដោះស្រាយវិវាទមួយរបស់អាស៊ាន និងចិន។


សម្រាប់ការចរចា ប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើថា ភាគីទាំងអស់គួរតែវេចបាយចរចាគ្នា ហើយកម្ពុជាក៏អាចធ្វើជាម្ចាស់ផ្ទះផងដែរ។ សម្តេចបានលើកឡើងថា បញ្ហាសមុទ្រចិនខាងត្បូង មិនគួរក្លាយជាថ្មក្តៅក្នុងតំបន់នោះឡើយ គួរតែក្លាយជាដំឡូងក្តៅ ដែលមានន័យថា ថា ក្តៅតែមួយភ្លែត។

សម្តេច ហ៊ុន សែន នៅតែរំលឹកថា កម្ពុជាមិនគួររងការស្តីបន្ទោសទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូងនោះឡើយ ខណៈបណ្តាប្រទេសអាស៊ានផ្សេងទៀត សុទ្ធតែមិនអាចដោះស្រាយបាននាអំឡុងដែលពួកគេកាន់តំណែងជាប្រធានកន្លងមក៕



Tag:
 សមុទ្រ​ចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com