អន្តរជាតិ
ចិនតបទៅលោក ប្លីងខិន៖ សកម្មភាពអាម៉េរិក ធ្វើឱ្យមានការប្រកាន់បក្សពួក និងការប្រឈមមុខ
15, Dec 2021 , 4:59 pm        
រូបភាព
លោក Wang Wenbin_ អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
លោក Wang Wenbin_ អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
ក្រសួងការបរទេសចិន នៅថ្ងៃទី១៤ ខែធ្នូ បានតបទៅប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិនថា សកម្មភាពរបស់អាម៉េរិក ធ្វើឱ្យមានការបែងចែក ការបាក់បែក និងការប្រឈមមុខដាក់គ្នា។ បើតាម ក្រសួងការបរទេសចិន សកម្មភាពបង្ករឿងបែបនេះ មិនទទួលស្វាគមន៍ពីសំណាក់ពិភពលោក និងថែមទាំងមិនអាចយកមកអនុវត្តន៍នៅក្នុងតំបន់ឥណ្ឌូ-បាស៊ីហ្វិកបានទេ។

 
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅក្នុងសុន្ទរកថាថ្ងៃទី១៤ ខែធ្នូ បានលើកឡើងពីបញ្ហាជាច្រើនទាក់ទិននឹងអាស៊ាន បញ្ហាក្នុងតំបន់ និងចិនជាដើម។ ពីប្រទេសឥណ្ឌូណេស៊ី ប្រមុខការទូតអាម៉េរិក បានជំរុញឱ្យចិនបញ្ឈប់សកម្មភាពអុងអាត់របស់ខ្លួននៅក្នុងតំបន់ ជាពិសេសសមុទ្រចិនខាងត្បូង។ 
 
ពីសន្និសីទសារព័ត៌មានប្រចាំថ្ងៃក្នុងថ្ងៃដដែលនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន ត្រូវបានអ្នកសារព័ត៌មានចោទសួរពីបញ្ហាខាងលើ។ ជាចម្លើយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin អះអាងថា អាម៉េរិក តែងលើកឡើងពីការគំរាមកំហែងរបស់ចិន ហើយក៏មិនចង់មានជម្លោះជាមួយចិនឡើយ។ បើតាមអ្នកនាំពាក្យការបរទេសចិន ការបញ្ជាក់របស់ក្រុងវ៉ាស៊ីនតោនបែបនេះ គឺផ្ទុយនឹងស្មារតីនៃជំនួបមេដឹកនាំកំពូលប្រទេសទាំងពីរ និងមិនសូវទទួលស្គាល់ដោយប្រទេសនៅក្នុងតំបន់ឡើយ។ 
 
លោក Wang បន្តថា ប្រសិនបើចង់បានសន្តិភាព និងការអភិវឌ្ឍនៅតំបន់ឥណ្ឌូ-បាស៊ីហ្វិក អាម៉េរិកគួរតែគោរពកិច្ចសហប្រតិបត្តិការដោយផ្អែកលើគោលការណ៍អាស៊ាន ជាជាងរៀបចំមនោគមវិជ្ជា ឬបង្កើតក្រុមប្រទេសមួយក្តាប់តូច ដែលនាំឱ្យមានការប្រឈមមុខដាក់គ្នា។ លើសពីនេះ អាម៉េរិក ក៏ត្រូវគោរពកិច្ចខិតខំរបស់អាស៊ាន និងចិន ក្នុងការការពារសន្តិភាពនៅសមុទ្រចិនខាងត្បូង ជាជាងបញ្ជូនយន្តហោះចម្បាំង ឬនាវាចម្បាំង មកក្នុងតំបន់នោះ ដើម្បីបង្ហាញសាច់ដុំដែរ។ 
 
«អ្វីដែលអាម៉េរិកធ្វើ ដើម្បីបង្កឱ្យមានការបែងចែក ការបាក់បែក និងប្រឈមមុខដាក់គ្នា គឺមិនទទួលស្វាគមន៍ដោយពិភពលោកឡើយ»។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ការអនុវត្តបែបនេះ ក៏មិនអាចលេចចេញជារូបរាងនៅក្នុងតំបន់ឥណ្ឌូ-បាស៊ីហ្វិកបានទេ។ 
 
ក្នុងសន្និសីទដដែលនោះ មន្រ្តីក្រសួងការបរទេសចិន ក៏បានអំពាវនាវឱ្យអាម៉េរិកទទួលយកកិច្ចចរចា និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ជាជាងធ្វើជាប្រទេសដែលបំផ្លាញសាមគី្គភាព និងកិច្ចសហប្រតិបត្តិការ។ 
 
សូមបញ្ជាក់ថា ចិន និងអាម៉េរិក តែងប៉ះសម្តីគ្នាជាច្រើន ទាក់ទិននឹងបញ្ហានៅក្នុងសមុទ្រចិនខាងត្បូង តៃវ៉ាន់ និងការប្រជែងឥទ្ធិពលនៅក្នុងតំបន់ជាដើម៕

Tag:
 អាម៉េរិក
  ចិន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com