កីឡាជាតិ
ជាតិ
លោក Honda៖ ខ្ញុំមានមោទកភាពចំពោះក្រុម ពួកគេកំពុងព្យាយាមក្លាយជាកីឡាករអាជីពពិតប្រាកដ
15, Dec 2021 , 9:23 pm        
រូបភាព
ដោយ: រួបរួម
 លោក Keisuke Honda បាន​កោតសរសើរក្រុមកីឡាករជម្រើសជាតិទាំងមូល ក្រោយពួកគេទទួលបានជ័យជម្នះ ៣-០ លើឡាវ នាការប្រកួតពូល B នៃពានរង្វាន់ AFF Suzuki Cup 2020 នៅសិង្ហបុរីរសៀលថ្ងៃពុធនេះ។



អត្ថបទទាក់ទង


«ពួកគេធ្វើបានល្អ ខ្ញុំមានមោទកភាព​ចំពោះពួកគេ»។ អ្នក​ចាត់ការទូទៅជម្រើសជាតិ បាន​លើកឡើងយ៉ាងដូច្នេះនៅ​លើបណ្តាញសង្គម​ហ្វេសប៊ុក​របស់ខ្លួន ដោយ​បញ្ជាក់ពីការរួមគ្នាយ៉ាងខ្លាំងក្លាផងដែរពីសំណាក់ក្រុម​កីឡាករ​ដែលមិនបានចូលលេង ជាពិសេសការបន្តហ្វឹកហាត់ក្រោយការប្រកួត។

លោក Honda បាន​បន្ថែម ដោយ Tag ទៅកាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ថា៖ «ពួកគេ​កំពុងព្យាយាមក្លាយខ្លួន​ជាអ្នកអាជីពពិត​ប្រាកដ។ អ្នកគួរមានមោទកភាព​ចំពោះក្រុមកីឡាករខ្លួន។ សូម​អបអរសាទរ»។


កម្ពុជាទទួលបាន៣ពិន្ទុ ក្រោយជ័យជម្នះ៣-០ លើឡាវ ដែលជាការស៊ុតបាល់បញ្ចូលទីរបស់ ចាន់ វឌ្ឍនាកា ២គ្រាប់ និងសៀង ចន្ធា ១គ្រាប់។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជា បានហាលអាវរួចទៅហើយ ក្រោយចាញ់ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី នា​ការប្រកួតពីរលើកកន្លងមក។


ក្នុងការប្រកួតរវាងឥណ្ឌូណេស៊ី និងវៀតណាម នាថ្ងៃដដែលនេះ បានបញ្ចប់ដោយគ្មាន​ការស៊ុត​បាល់បញ្ចូលទី ដែលធ្វើឲ្យក្រុមទាំងពីរមាន​៧ពិន្ទុរៀងៗខ្លួន។ កម្ពុជានៅសល់ការប្រកួតបង្គ្រប់កិច្ចជាមួយ​វៀតណាម នៅថ្ងៃអាទិត្យ។

ដូចជាពីរលើកកន្លងមក​ផងដែរ កម្ពុជាបន្តគ្រប់គ្រងលើការប្រកួត។ ក្រោយចាញ់ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី លោក Honda ថា កម្ពុជាមិន​ត្រូវរកលេសចំពោះបរាជ័យឡើយ ប៉ុន្តែ​ត្រូវទទួលស្គាល់ពីការរីកចម្រើនរបស់ក្រុម៕

© រក្សាសិទ្ធិដោយ thmeythmey.com