អន្តរជាតិ
ប្រមុខការទូតអាម៉េរិក លុបចោលទស្សនកិច្ចនៅថៃ ក្រោយអ្នកសារព័ត៌មានក្នងប្រតិភូឆ្លងជំងឺកូវីដ-១៩
16, Dec 2021 , 10:51 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោកអាន់តូនី ប្លីងខិន។ រូបភាព៖ Twitter-Secretary Antony Blinken
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោកអាន់តូនី ប្លីងខិន។ រូបភាព៖ Twitter-Secretary Antony Blinken
ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី១៥ ខែធ្នូ បានលុបចោលទស្សនកិច្ចនៅថៃ បន្ទាប់ពីអ្នកសារព័ត៌មានម្នាក់ ដែលស្ថិតក្នុងប្រតិភូរបស់លោក បានឆ្លងជំងឺកូវីដ-១៩។ ការលុបចោលទស្សនកិច្ចនេះ​ ធ្វើឡើងក្នុងគោលបំណងការពារហានិភ័យ និងទប់ស្កាត់ករណីឆ្លងជំងឺកូវីដ-១៩។

 
 
ក្នុងដំណើរទស្សនកិច្ចនៅម៉ាឡេស៊ី សមាជិកមួយរូបនៃក្រុមអ្នកសារព័ត៌មាន ដែលធ្វើដំណើរតាមរដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន  បានធ្វើតេស្តចេញលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ។ មុនទៅដល់ម៉ាឡេស៊ី អ្នកសារព័ត៌មាននោះ ក៏ធ្វើដំណើរទៅឥណ្ឌូណេស៊ីជាមួយលោករដ្ឋមន្រ្តី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ពាក់ព័ន្ធករណីនេះ ប្រមុខការទូតអាម៉េរិក សម្រេចលុបចោលទស្សនកិច្ចនៅថៃ។ 
 
«លោករដ្ឋមន្រ្តី នឹងត្រលប់ទៅក្រុងវ៉ាស៊ីនតោនវិញ ដើម្បីបញ្ចៀសហានិភ័យផ្សេងៗ»។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price បានស្រង់សម្តីលោកប្លីងខិនប្រាប់ទៅឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសថៃ Don Pramudwinai ។ 
 
រដ្ឋមន្រ្តីការបរទេសអាម៉េរិក ក៏បានបង្ហាញការសោកស្តាយផងដែរ ដែលមិនបានទស្សនកិច្ចនៅថៃ ក្នុងសប្តាហ៍នេះ។ ស្របគ្នានោះ លោក ប្លីងខិន បានអញ្ជើញរដ្ឋមន្រ្តីការបរទេសថៃ មកធ្វើទស្សនកិច្ចនៅអាម៉េរិកដែរ និងស្វែងរកឱកាសឱ្យបានកាន់តែឆាប់ ដើម្បីធ្វើទស្សនកិច្ចនៅថៃម្តងទៀត។ 
 
តាមសេចក្តីថ្លែងការណ៍មួយរបស់ស្ថានទូតអាម៉េរិកប្រចាំនៅទីក្រុងគូឡាឡាំពួ បុគ្គលរូបនោះ មិនបានចូលរួមក្នុងកម្មវិធីរបស់លោក ប្លីងខិន នៅម៉ាឡេស៊ីឡើយ ហើយសមាជិកផ្សេងទៀត ក៏មិនបានឆ្លងជំងឺកូវីដ-១៩ ដែរ។ មុនហោះទៅអាម៉េរិកវិញ យន្តហោះដែលដឹកលោកប្លីងខិន ចូលថៃរយៈពេលខ្លី ដើម្បីពិនិត្យមើលបញ្ហាបច្ចេកទេស។ 
 
សូមបញ្ជាក់ថា ក្នុងទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ ប្រមុខការទូតអាម៉េរិក បានលើកឡើងពីបញ្ហាជាច្រើនទាក់ទិននឹងសកម្មភាព ក៏ដូចជាការពង្រីកឥទ្ធិពលចិននៅក្នុងតំបន់ និងសមុទ្រចិនខាងត្បូង។ មិនតែប៉ុណ្ណោះ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ក៏ជារបៀបវារៈដ៏សំខាន់របស់ថ្នាក់ដឹកនាំអាម៉េរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ៕ 

Tag:
 អាម៉េរិក
  ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com