អន្តរជាតិ
អ្នកការទូតលីទុយអានីនៅប៉េកាំង ត្រឡប់ទៅស្រុកវិញ ខណៈទំនាក់ទំនងជាមួយចិនល្អក់កករ
16, Dec 2021 , 2:08 pm        
រូបភាព
អាគារស្ថានទូតលីទុយអានីនៅទីក្រុងប៉េកាំង។ រូបថត AFP
អាគារស្ថានទូតលីទុយអានីនៅទីក្រុងប៉េកាំង។ រូបថត AFP
អ្នកការទូតរបស់លីទុយអានីនៅចិន បានចាកចេញពីទីក្រុងប៉េកាំងនៅថ្ងៃទី១៥ ខែធ្នូ ខណៈដែល​ទំនាក់ទំនរវាងលីទុយអានី និងចិនលើរឿងកោះតៃវ៉ាន់រឹតតែតានតឹងទៅ។ តៃវ៉ាន់ឯណោះ បានស្វាគមន៍ការសម្រេចចិត្តរបស់លីទុយអានី។

 
ទីក្រុងប៉េកាំងតែងតែបង្កើនសម្ពាធលើប្រទេសណាដែលព្យាយាមមានទំនាក់ទំនងផ្លូវការជាមួយកោះតៃវ៉ាន់។ ដូចក្នុងករណីលីទុយអានី ចិនបានសម្រេចផ្អាកសេវាកុងស៊ុល ដែលរួមការផ្ដល់ទិដ្ឋាការផង​នៅ​ស្ថានទូតប្រចាំទីក្រុងវីលនីញូសក្រោយលីទុយអានី អនុញ្ញាតឱ្យតៃវ៉ាន់បើកការិយាល័យ​តំណាង​ក្នុង​ប្រទេសរបស់ខ្លួន។ 
 
អាជ្ញាធរលីទុយអានីនៅថ្ងៃទី១៥​ ខែធ្នូ បានលើកឡើងថា​ រដ្ឋាភិបាលបានកោះហៅអ្នក ការទូតជាន់​ខ្ពស់​របស់ពួកគេឱ្យត្រលប់មកពីចិនវិញសម្រាប់ការពិគ្រោះយោបល់ ហើយស្ថានទូតនឹងធ្វើប្រតិបត្តិការ​ពី​ចម្ងាយសម្រាប់ពេលមួយរយៈនេះ។ ប្រភព​ការទូត​ប្រាប់​ទីភ្នាក់ងារព័ត៌មាន Reuters ​ថា មនុស្ស​ចំនួន​១៩នាក់​ ដែល​រួមមាន​បុគ្គលិក​ស្ថានទូត​និង​អ្នកពាក់ព័ន្ធ​បាន​ចាកចេញ​ពី​ទីក្រុង​ប៉េកាំង​។ ឯប្រភពការ ទូតមួយទៀត អះអាងថា​ ការចាកចេញនេះជាការឆ្លើយតបទៅនឹងការគំរាមរបស់ទីក្រុងប៉េកាំង។
 
ទាក់ទងរឿងនេះ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងវីលនីញូស រដ្ឋមន្ត្រីការបរទេសលីទុយអានី​ Gabrielius Landsbergis បញ្ជាក់ថា លោកមិនច្បាស់ថាស្ថាន ភាពផ្នែកច្បាប់រ​បស់​អ្នកការ​ទូត​លីទុយអានីប្រចាំទីក្រុងប៉េកាំងស្ថិតនៅស្ថានភាពយ៉ាងណានោះទេ មុនពេលពួកគេ​ចាក​ចេញ​ពី​ចិន​។ ប៉ុន្តែ លោកធ្លាប់បានលើកឡើងថា ចិនបានទម្លាក់កម្រិតទំនាក់ទំនងការទូតជាមួយ​លីទុយអានី​មក​ត្រឹមថ្នាក់ភារធារីផងដែរ។
 
នៅថ្ងៃដដែល ក្រសួងការបរទេសតៃវ៉ាន់ បានសម្តែងការគោរពដ៏ខ្ពស់បំផុតចំពោះ​រដ្ឋាភិបាល​លីទុយអានីលើការសម្រេចចិត្តមួយនេះ។ តៃវ៉ាន់ក៏បានអំពាវនាវឱ្យ​​​ ក្រុម​​ហ៊ុនក្នុងស្រុករបស់ខ្លួន​គាំទ្រ​ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាមួយសាធារណរដ្ឋបាល់ទិកមួយនេះផងដែរ។
 
ខណៈដែលទំនាក់ទំនងធ្លាក់ចុះ ក្រសួងការបរទេសលីទុយអេនីក៏បានបញ្ជាក់ថា ពួកគេបាន​ត្រៀម​ខ្លួន​រួចរាល់សម្រាប់កិច្ចសន្ទនាជាមួយចិនដើម្បីស្ដារមុខងាររបស់ស្ថានទូតឡើងវិញនៅពេលដែលកិច្ច ព្រមព្រៀងផ្តល់ផលប្រយោជន៍ស្មើគ្នាទៅវិញទៅមកត្រូវបានសម្រេច៕

Tag:
 លីទុយអានី
 ​ ចិន
© រក្សាសិទ្ធិដោយ thmeythmey.com