COVID-19
ជាតិ
ជប៉ុននឹងផ្ដល់វ៉ាក់សាំងAstraZeneca ៣០ម៉ឺនដូសថែមទៀត មកកម្ពុជា
16, Dec 2021 , 3:38 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ជំនួយវ៉ាក់សាំងAstraZeneca ប្រមាណ៣០ម៉ឺនដូសទៀត ដល់កម្ពុជា ។ នេះបើតាមលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលបានបន្ថែមថា ការសម្រេចនេះ ធ្វើឡើងស្របតាមចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា។



លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបន្ថែមថា វ៉ាក់សាំងAstraZeneca ដែលផលិតនៅជប៉ុននេះ នឹងត្រូវដឹកជញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ក្រោមការរៀបចំភ័ស្តុភារដោយ COVAX Facility និងគាំទ្រដោយអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក។ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលសរសេរលើហ្វេសប៊ុកស្ថានទូត នាថ្ងៃទី១៦ ធ្នូ ដូច្នេះ៖«ខ្ញុំសង្ឃឹមថាជំនួយនេះនឹងរួមចំណែកបន្ថែមទៀតដល់ជំហានឆ្ពោះទៅរកការងើបឡើងវិញនៃសង្គម និងសេដ្ឋកិច្ច  ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា»។
 
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងថា ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាល គឺជាទិសដៅអាទិភាពចម្បងសម្រាប់រដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ។ មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយសរុបជាង៦០លានដុល្លារអាមេរិកដល់កម្ពុជា ដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រតាមរយៈអង្គការអន្តរជាតិនានា សម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឱ្យបានត្រឹមត្រូវផងដែរ។ 
 
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបន្ថែមថា៖«យើងក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងការគាំទ្រហិរញ្ញវត្ថុដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល»។
 
លោកក៏សង្ឃឹមថា ស្ថានភាពសកលលោករួមទាំងកម្ពុជា នឹងអាចល្អប្រសើរឡើង ក្នុងពេលឆាប់ៗខាងមុខ ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងពិភពលោកអាចចាប់ផ្តើមឡើងវិញ។
 
រដ្ឋាភិបាលជប៉ុននឹងផ្ដល់ជំនួយវ៉ាក់សាំងAstraZeneca ចំនួនប្រមាណ៣០ម៉ឺនដូសដល់ព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើវ៉ាក់សាំងប្រមាណ១លានដូសដែលបានផ្តល់ជូនរួចរាល់។ ការសម្រេចនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា។
 
កន្លងមកជប៉ុន ក៏បានផ្ដល់ជំនួយវ៉ាក់សាំងAstraZeneca ប្រមាណ១លានដូសដល់កម្ពុជាដែរ។
 
បើគិតទាំងការបញ្ជាទិញ  ទាំងជំនួយរបស់ចិន និងមជ្ឈមណ្ឌលកូវ៉ាក់  មកដល់នេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង៤០លានដូសហើយ ខណៈមានពលរដ្ឋជាង១៤លាននាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ក្នុងនោះមានជាង ១៣,៥លាននាក់ បានចាក់នូវដូសទី២ និងជាង២,៩លាននាក់ បានចាក់នូវដូសទី៣រូច។ ចំណែក កុមារអាយុ១២ដល់យុវវ័យបានចាក់វ៉ាក់សាំង ១៧ឆ្នាំ ១,៨០៧,៩១៣នាក់, កុមារអាយុ៦ឆ្នាំ ដល់១១ឆ្នាំ ចំនួន ១,៩៩០,៣១៣នាក់ និងកុមារអាយុ៥ឆ្នាំ ២៨៩,៩៩៨នាក់។ កុមារអាយុ១២ដល់យុវវ័យបានចាក់វ៉ាក់សាំង ១៧ឆ្នាំ នឹងអាចចាក់ដូសទី៣បាននៅខែមករា ឆ្នាំ២០២២៕

Tag:
 ជប៉ុន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com