អន្តរជាតិ
កំពុងទាស់នឹងលោកខាងលិចដូចគ្នា, លោក ស៊ី ជួបលោក ពូទីន ពង្រឹងទំនាក់ទំនងចិន-រុស្ស៊ី
16, Dec 2021 , 4:05 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នាជំនួបជាមួយសមភាគីចិន ស៊ី ជិនភីង តាមប្រព័ន្ធវីដេអូ ។ រូបថត Xinhua
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នាជំនួបជាមួយសមភាគីចិន ស៊ី ជិនភីង តាមប្រព័ន្ធវីដេអូ ។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បានជួបគ្នាតាមប្រព័ន្ធវីដេអូនៅថ្ងៃទី១៥ ខែធ្នូ ពង្រឹងទំនាក់ទំនងទ្វេភាគី ខណៈដែលទំនាក់ទំនង​ជាមួយលោកខាងលិចកំពុងមានភាពតានតឹង។ មេដឹកនាំទាំងពីរក៏បានប្រកាន់ជំហររឹងមាំដូចគ្នាលើបដិសេធការជ្រៀតជ្រែកពីលោកខាងលិច និងសន្យាការពារផលប្រយោជន៍សន្តិសុខគ្នាទៅវិញទៅមក។



ក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូ មេដឹកនាំនៃប្រទេសទាំងពីរបានសាទរចំពោះទំនាក់ទំនងទ្វេភាគីដែលកំពុងរឹងមាំ។ លោក ពូទីន ថែមទាំង​បានហៅទំនាក់ទំនងរវាងប្រទេសទាំងពីរថា ជាគំរូត្រឹមត្រូវនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋក្នុងសតវត្សរ៍ទី២១ ទៀតផង។ 
 
«គំរូថ្មីនៃកិច្ចសហប្រតិបត្តិការ ត្រូវបានបង្កើតឡើងរវាងប្រទេសទាំងពីរ ដោយឈរលើគោលការណ៍ដូចជាការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តប្រែក្លាយព្រំដែនរួមទៅជាខ្សែក្រវាត់សន្តិភាព»។ លោក ពូទីន បានលើកឡើងបែបនេះក្នុងកិច្ចជំនួបជាមួយលោក ស៊ី។ 
 
លើសពីនេះដែរ លោក ស៊ី ក៏បាននិយាយដល់ការប្រឹងប្រែងរបស់ប្រធានាធិបតីរុស្ស៊ីដែលបានបង្ហាញគាំទ្រយ៉ាងខ្លាំងដល់កិច្ចខំប្រឹងប្រែងរបស់ចិនលើការការពារផលប្រយោជន៍ជាតិសំខាន់ៗ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការញុះញង់បង្កជម្លោះរវាងប្រទេសទាំងពីរពីប្រទេសដទៃ។ 
 
ជុំវិញបញ្ហាជាមួយប្រទេសលោកខាងលិច ប្រធានាធិបតីចិនលើកឡើងថា កងកម្លាំងខាងក្រៅមួយចំនួនបានយកលេសពីលទ្ធិប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្សដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងរុស្ស៊ី ហើយបានជាន់ឈ្លីលើច្បាប់អន្តរជាតិ និងបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។ 
 
ក្រៅពីនេះ លោកពូទីនក៏បានលើកឡើងថា លោកគ្រោងនឹងជួបជាមួយលោក ស៊ី ដោយផ្ទាល់នៅក្នុងទីក្រុងប៉េកាំងក្នុងខែកុម្ភៈ និងចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២២។ ចំពោះមុខលោក ស៊ី លោកពូ​ទីន​​ បានបញ្ជាក់ជាថ្មីថាលោកនឹងមានវត្តមានក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាខាងមុខនេះ។ 
 
បើតាមលោក Yuri Ushakov អ្នកការទូតរបស់រុស្ស៊ី មេដឹកនាំប្រទេសទាំងពីរក្នុងកិច្ចប្រជុំ ក៏បានសម្តែងទស្សនៈអវិជ្ជមាន ចំពោះការបង្កើតសម្ព័ន្ធភាពយោធាថ្មី ដូចជាភាពជាដៃគូរបស់ AUKUS រវាងអូស្ត្រាលី អង់គ្លេស និងអាម៉េរិក ជាដើម។
 
កិច្ចសន្ទនានេះ បានរៀបចំឡើងនៅប្រាំបីថ្ងៃបន្ទាប់ពីលោក ពូទីន បានជជែកជាមួយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក្នុងទម្រង់ស្រដៀងគ្នានេះដែរ។ កិច្ចជំនួបរវាងមេដឹកនាំចិន និងរុស្ស៊ីបានគូសបញ្ជាក់ពីគោលជំហរកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ស្របពេលមានជម្លោះជាមួយលោកខាងលិច។ 
 
គួរបញ្ជាក់ថា​ ភាព​តានតឹង​រវាង​រុស្ស៊ី និង​ប្រទេស​លោកខាងលិច​បាន​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ជុំវិញ​បញ្ហានៅ​អ៊ុយក្រែន។​ ចំណែកចិនវិញ ក៏កំពុងប្រឈមមុខជាមួយប្រទេសលោកខាងលិចជុំវិញបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង បញ្ហាតៃវ៉ាន់ និងហុងកុងជាដើមផងដែរ៕

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com