អន្តរជាតិ
ព្រឹទ្ធសភាអាម៉េរិក អនុម័តបេក្ខភាពមន្រ្តីទូតជើងចាស់ Nicholas Burns ជាអគ្គរដ្ឋទូតនៅចិន
17, Dec 2021 , 8:29 pm        
រូបភាព
លោក Nicholas Burns ដែលត្រូវបានព្រឺទ្ធសភាអាម៉េរិក តែងតាំងជាអគ្គរដ្ឋទូតប្រចាំនៅចិន នៅថ្ងៃទី១៦ ខែធ្នូ។ រូបភាព៖ CFP
លោក Nicholas Burns ដែលត្រូវបានព្រឺទ្ធសភាអាម៉េរិក តែងតាំងជាអគ្គរដ្ឋទូតប្រចាំនៅចិន នៅថ្ងៃទី១៦ ខែធ្នូ។ រូបភាព៖ CFP
ព្រឹទ្ធសភាអាម៉េរិក នៅថ្ងៃទី១៦ ខែធ្នូ បានបោះឆ្នោតគាំទ្របេក្ខភាពមន្រ្តីទូតជើងចាស់ លោក Nicholas Burns ជាអគ្គរដ្ឋទូតប្រចាំនៅចិនក្នុងសំឡេងគាំទ្រដ៏ច្រើន។ ការអនុម័តតំណែងអគ្គរដ្ឋទូតដ៏ធំសំខាន់នេះ ធ្វើឡើងស្របពេលមហាអំណាចទាំងពីរ កំពុងមានបញ្ហាចម្រូងចម្រាសជាមួយគ្នាជាច្រើន។

 
 
តំណែងអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅចិន ត្រូវទុកចោលជាង ១ឆ្នាំ បន្ទាប់ពីអគ្គរដ្ឋទូតអាណត្តិមុន លោក Terry Branstad បានលាលែងពីតំណែងនៅក្នុងខែតុលា ឆ្នាំ២០២០។ នៅក្នុងខែសីហា លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានតែងតាំងលោក Nicholas Burns ដែលជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យ Harvard ជាបេក្ខភាពអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅចិន។ 
 
ព្រឹទ្ធសភាអាម៉េរិក ក្នុងថ្ងៃទី១៦ ខែធ្នូ បានបោះឆ្នោតជ្រើសលោក Burns ជាអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅចិន ក្នុងសំឡេងគាំទ្រ៧៥ និងសំឡេងប្រឆាំង១៨។ 
 
នាពេលកន្លងមក លោក Burn ដែលជាអតីតប្រេសិតអាម៉េរិកប្រចាំនៅបក្សសម្ព័ន្ធយោធាណាតូ (NATO) និងក្រិក ក៏ធ្លាប់បានលើកឡើងពីបញ្ហាចិន ទាក់ទិននឹងកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងផងដែរ។ បើតាមលោក Burns ការទទួលខុសត្រូវរបស់អាម៉េរិក គឺធ្វើឱ្យតៃវ៉ាន់ពិបាកក្នុងការវាយប្រហារពីសំណាក់សត្រូវ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។ 
 
លោក Burns ត្រូវបានសមាជិកព្រឹទ្ធសភាអាម៉េរិកមួយចំនួន ចាត់ទុកជាបុគ្គលដ៏សំខាន់មួយ។ ថ្លែងមុនការបោះឆ្នោត លោក Bob Menendez សមាជិកព្រឹទ្ធសភាប្រចាំនៅរដ្ឋ New Jersey និងជាប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភា បានអះអាងថា លោក Burns ជាមន្រ្តីសាធារណៈដ៏ពូកែម្នាក់ និងជាមនុស្សម្នាក់ដ៏ខ្លាំងនៅក្នុងប្រទេស។ 
 
ក្នុងវ័យ ៦៥ឆ្នាំ លោក Burns ធ្លាប់កាន់តំណែងជាមន្រ្តីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាល ដែលដឹកនាំប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ។ នៅចន្លោះឆ្នាំ ២០០៥ ដល់ ២០០៨ សាស្រ្តាចារ្យសកលវិទ្យាល័យ Harvard រូបនេះ បានបំពេញការងារជាអនុរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការនយោបាយ ដែលជាមន្រ្តីលំដាប់ទី៣នៃក្រសួងការបរទេស៕

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com