អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសចិន៖ គំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ ជាឱកាស និងផ្តល់ប្រយោជន៍ទៅវិញទៅមក
18, Dec 2021 , 8:20 pm        
រូបភាព
រូបភាព៖ CGTN
រូបភាព៖ CGTN
រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី នៅថ្ងៃទី១៧ ខែធ្នូ បានច្រានចោលការចោទប្រកាន់ ដែលថាគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវ៉ាត់ (BRI) ធ្វើឱ្យបណ្តាប្រទេសមួយចំនួន ធ្លាក់ទៅក្នុងអន្ទាក់បំណុល។ បើតាមលោកវ៉ាង គំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ បានផ្តល់ជាឱកាស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាផ្លូវបៃតង ដែលជួយការពារបរិស្ថាន និងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។

 
ក្នុងជំនួបក្រុមប្រឹក្សាពិគ្រោះយោបល់នៃវេទិកាផ្លូវ និងខ្សែក្រវាត់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិឆ្នាំ២០២១ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ លោកវ៉ាង យី ប្រមុខការទូតចិន បានកត់សម្គាល់ថា ឆ្នាំ២០២១ គឺជាឆ្នាំទី៨ នៃការបង្កើតគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ ដែលបានរួមចំណែកផ្តល់ប្រយោជន៍ជាច្រើន ដល់ប្រទេសជាសមាជិក។ 
 
បើតាមប្រមុខកាទូតចិនរូបនេះ គំនិតផ្តួចផ្តើម BRI មិនមែនជាយុទ្ធសាស្រ្តភូមិសាស្រ្តនយោបាយឡើយ ប៉ុន្តែវាបានរួមចំណែកក្នុងការអភិវឌ្ឍ និងវិបុលភាពរួម។ ក្នុងន័យនេះ ថ្នាក់ដឹកនាំចិន បានច្រានចោល ការចោទប្រកាន់លើ គំនិតផ្តួចផ្តើម ផ្លូវ និងខែ្សក្រវាត់ ដែលអាចធ្វើឱ្យបណ្តាប្រទេសមួយចំនួន ធ្លាក់ទៅក្នុងអន្ទាក់បំណុល និងធ្វើឱ្យចិនកាន់តែមានឥទ្ធិពលនៅក្នុងតំបន់។ 
 
«គំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ ជាឱកាស ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ក៏ដូចជាផ្លូវបៃតងសម្រាប់ការអភិវឌ្ឍ និងការការពារបរិស្ថាន»។ សារព័ត៌មាន CGTN បានស្រង់សម្តីទីប្រឹក្សារដ្ឋចិនបែបនេះ មុនបន្ថែមថា ចិន សង្ឃឹមថា ខ្លួននឹងសហការជាមួយប្រទេសជាដៃគូលើចំណុចធំៗចំនួន ៤។ 
 
ចំណុចទាំង ៤នោះ មានដូចជា កិច្ចសហប្រតិបត្តិដែលផ្តល់ប្រយោជន៍ឱ្យប្រជាជន, ការគោរពលើគោលការណ៍នៃការពិភាក្សា ការរួមចំណែករួមគ្នា និងផ្តល់ប្រយោជន៍រួម, កិច្ចសហការប្រកបដោយស្តង់ដាខ្ពស់ និងកិច្ចសហប្រតិបត្តិការដោយផ្អែកលើការអភិវឌ្ឍរួម។ 
 
គំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ គឺជាគម្រោង ដែលមានតម្លៃជាច្រើនទី្រលានដុល្លារ និងមានគម្រោងអភិវឌ្ឍ ដែលលាតសន្ធឹងចាប់ពីប្រទេសចិន មកតំបន់អាស៊ីអាគ្នេយ៍ ឬ ទៅតំបន់អាស៊ីកណ្តាល និងមជ្ឈិមបូព៌ា មុននឹងឆ្ពោះទៅអឺរ៉ុប។ កន្លងមក ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7)  បានដាក់ចេញ គម្រោង Build Back Better World ដែលត្រូវបានអ្នកជំនាញជឿថា ជាគម្រោងប្រជែងនឹងគំនិតផ្តួចផ្តើម BRI របស់ចិន៕ 
 

Tag:
 ចិន
  BRI
© រក្សាសិទ្ធិដោយ thmeythmey.com