ជាតិ
ស៊ិន វណ្ណៈ និស្សិតស្ថាបត្យកម្ម រចនាស៊ីក្លូ ដោយដាក់បញ្ចូលវប្បធម៌ខ្មែរ
19, Dec 2021 , 8:59 pm        
រូបភាព
ភ្នំពេញ៖ យុវជន ស៊ិន វណ្ណៈជានិស្សិតឆ្នាំទី៥ ផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។យុវជនរូបនេះ បានគូរគំនូរស៊ីក្លូសម័យថ្មី បែបឌីជីថលដើម្បីលើកតម្កើងតម្លៃស៊ីក្លូ ដោយមានបញ្ចូលវប្បធម៌បុរាណខ្មែរជាមួយសម្ភារៈសម័យទំនើបមួយចំនួន ក្លាយជាទម្រង់សមស្របមួយនាពេលអនាគត។ វណ្ណៈ សង្ឃឹមថាស៊ីក្លូដែលខ្លួនបានរចនា នឹងលេចរូបរាងនៅថ្ងៃណាមួយហើយវាមានសមត្ថភាពអាចប្រកួតប្រជែងជាមួយ ម៉ូតូ ឡាន ក្នុងសម័យទំនើបនេះ។



ស៊ីក្លូស (ហៅ ស៊ីក្លូ) ជាយានមួយប្រភេទ ដែលមានកង់៣អ្នកបើកអង្គុយនៅក្រោយអ្នកជិះ ហើយគេត្រូវប្រើកម្លាំងជើងធាក់ស៊ីក្លូឱ្យទៅមុខ។ត្រីចក្រយាននេះ មានវត្តមាននៅកម្ពុជាដំបូងនាឆ្នាំ ១៩៣៦ ក្នុងសម័យអាណានិគមបារាំង។ស៊ីក្លូ ជាយានជំនិះដ៏ពេញនិយមក្នុងសម័យនោះ ហើយវាជាមធ្យោបាយធ្វើដំណើរដ៏ល្អបំផុត។
 


បច្ចុប្បន្ន យើងសង្កេតឃើញថា សន្ទុះនៃការប្រើប្រាស់ស៊ីក្លូហាក់ថយចុះហើយពលរដ្ឋស្ទើរតែទាំងអស់បានប្តូរមកជិះ ឡាន ម៉ូត និងកង់ជំនួសវិញ។ ការណ៍នេះបានធ្វើឱ្យចំនួនស៊ីក្លូថយចុះច្រើនហើយវាបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពអ្នករត់ស៊ីក្លូ ជាពិសេស ស៊ីក្លូប្រឈមនឹងការបាត់បង់ទៀតផង។ ហេតុនេះ ទើបយុវជន ស៊ិន វណ្ណៈរចនាស៊ីក្លូសម័យថ្មីសម្រាប់ពេលអនាគត ដើម្បីលើកតម្កើងស៊ីក្លូឡើងវិញ ក្នុងទម្រង់ថ្មីដែលមានភាពលេចធ្លោ និងបន្ថែមចំនុចខ្វះខាត ដើម្បីអាចប្រជែងនឹងយានផ្សេងៗបាន។ 
 
យុវជនវ័យ ២២ឆ្នាំរូបនេះ បានច្នៃប្រឌិតស៊ីក្លូថ្មីដោយបំបែកគំនិពីធាតុផ្សំនៃវប្បធម៌ខ្មែរ បូកជាមួយធាតុផ្សំនៃសម័យទំនើបដើម្បីឱ្យក្លាយជាទម្រង់មួយហៅថា សហសម័យប្រកបដោយភាពអភិវឌ្ឍ ក្នុងន័យអភិរក្ស។ វណ្ណៈបានលើកឡើងក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖«យើងត្រូវរួមផ្សំទាំងទំនើបនិងបុរាណបញ្ចូលគ្នា ដើម្បីក្លាយទៅជាទម្រង់សមស្របនៅពេលអនាគតអាចប្រកួតប្រជែងជាមួយម៉ូតូ ឡាន។ ខ្មែរយើង ដើម្បីអភិវឌ្ឍទៅបានយើងមិនត្រូវភ្លេចវប្បធម៌ឡើយ ហើយពេលយើងអភិវឌ្ឍដល់ពេលអនាគតក៏យើងមិនភ្លេចប្រភពដើមនៃស៊ីក្លូនេះដែរ»។
 
ការប្រើប្រាស់ធាតុផ្សំនៃវប្បធម៌ខ្មែរ ដើម្បីរចនាស៊ីក្លូសម័យថ្មីនេះវណ្ណៈ ប្រើក្បាច់លម្អចម្លាក់សត្វនា ជាមួយលំនាំសម្លៀកបំពាក់របស់ព្រះរាមនិងក្បិនខ្មែរបុរាណ ដើម្បីដាក់បញ្ចូលជាមួយធាតុផ្សំសម័យទំនើប។ « ខ្ញុំដាក់បញ្ចូលវប្បធម៌និងក្បាច់លម្អខ្មែរ ដែលបានឃើញក្នុងសៀវភៅ។ ក្បាច់នោះជាក្បាច់អង្គរដែលបំបែកជាទម្រង់មួយ ដើម្បីផ្សារភ្ជាប់ជាមួយស៊ីក្លូ»។នេះជាការលើកឡើងរបស់ វណ្ណៈ ដែលបន្ថែមថា សម្រាប់ឯកសណ្ឋានរបស់អ្នកបើកស៊ីក្លូត្រូវបានបំបែកគំនិតពីសម្លៀកបំពាក់របស់ព្រះរាមក្នុងគំនូរបុរាណ។ក្រៅពីនេះក៏មានបូកបញ្ចូលចម្លាក់រូបនាគ ទាក់ទងទៅនឹងអ្វីដែលជាខ្មែរច្រើន។
 


សម្រាប់ការដាក់បញ្ចូលធាតុផ្សំសម័យទំនើប វណ្ណៈបានប្រើវត្ថុធាតុដើមទំនើប ដោយផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យា។ ជាទូទៅស៊ីក្លូមិនប្រើមាស៊ីនឡើយ គឺគេប្រើកម្លាំងធាក់ ប៉ុន្តែ វណ្ណៈ បានកែច្នៃដោយប្រើម៉ូទ័រជំនួសវិញ។
 
ការប្តូរមកប្រើម៉ូទ័រ វាមិនខុសពីកម្លាំងម៉ូតូប៉ុន្មានឡើយព្រោះវាបានជួយសម្រួលកម្លាំងអ្នកបើកស៊ីក្លូ លឿនជាងមុន និងចំណេញពេលវេលា។ ក្រៅពីនេះក៏មានប្រើដែក និងគ្រឿងដូចឡានចំនួន រួមទាំងមានដាក់ភ្លើង LED ដើម្បីទាក់ទាញ។
 
ការច្នៃប្រឌិត គឺជាកែខៃ តុបតែង មិនខុសពីការតែងខ្លួនរបស់ស្រ្តីឡើយព្រោះត្រូវលាយគ្រឿងលម្អឱ្យស៊ីគ្នា មើលទៅស្រស់ស្អាត មិនឆ្គង។ការប្រើពណ៌រចនាស៊ីក្លូសម័យថ្មីនេះ ក៏ត្រូការជ្រើសរើសដោយប្រុងប្រយ័ត្ននិងគិតគូរអំពីអត្ថន័យដែរ។ និស្សិតឆ្នាំទី៥រូបនេះក៏បានសិក្សាពីអត្ថន័យនៃពណ៌នីមួយៗដែរ ព្រោះវាមានអត្ថន័យផ្សេងៗគ្នា។ «ខ្ញុំបានស្រាវជ្រាវពីអ៊ិនធើណេតដើម្បីមើលអត្ថន័យពណ៌នីមួយៗ និងមើលឱ្យស៊ីជម្រៅថា ពណ៌ហ្នឹងវាលេចធ្លោឬអត់? ព្រោះពណ៌ខ្លះពេលដាក់ជាមួយពណ៌ផ្សេង វាអត់លេចដែរ»។
 
នេះជាការលើកឡើងរបស់វណ្ណៈ ដោយបានបន្ថែមថា ពណ៌ ជាកត្តាសំខាន់ ដែលទាក់ទងនឹងសោភ័ណភាពរួមជាមួយអត្ថន័យដែរ។ ដូច្នេះ ការសិក្សាស្រាវជ្រាវការបង្ហាត់បង្រៀនពីសាស្រ្តាចារ្យនៅសាលា និងការស្វែងយល់បន្ថែមដោយខ្លួនឯងបានជួយឱ្យ វណ្ណៈ ជ្រើសរើសពណ៌បានស្អាត និងស៊ីគ្នាល្អផងដែរ។ 

បន្ទាប់ពីមានគំនិត និងការជ្រើសពណ៌រួចហើយ គំនូរមួយនេះក៏មានត្រូវការឱ្យវណ្ណៈ គូសរូបព្រៀងលើក្រដាសជាមុនសិន ទើបយកគំរូនោះទៅគូរក្នុងកុំព្យូទ័រក្នុងកម្មវិធី Photoshopនិង Autocad។

ការគូរគំនូរឌីជីថលដើម្បីឱ្យចេញជារូបភាពស្រស់ស្អាត និងមានភាពទាក់ទាញ  ពិតជាមានច្រើនដំណាក់កាលហើយត្រូវការគំនិតច្នៃប្រឌិតច្រើនផងដែរ។ ជាក់ស្តែងយុវជនរូបនេះក៏ជួបបបញ្ហាខ្លះក្នុងពេលគូរគំនូរនេះដែរ ព្រោះទម្រាំចេញជារូបរាងស៊ីក្លូសម័យថ្មីត្រូវចំណាយពេលរហូតដល់ ៦ថ្ងៃទើបរួចរាល់។ ការលំបាក គឺត្រង់ចំនុចដែលគូរឱ្យចេញជារូបរាងលើក្រដាសព្រៀង ព្រោះវាគឺជាគំនិតចាប់ផ្តើម។ វណ្ណៈ បានលើកឡើថា«យើងត្រូវគិតឱ្យមែនទែនថា ធ្វើទៅឃើញស្អាតឬអត់? ហើយវាមានភាពងាយស្រួលឬអត់ពេលវាលេចរូបរាងថ្ងៃអនាគត ដើម្បីអាចប្រកួតប្រជាជែងជាមួយម៉ូតូឡាន»។
 



ជាការពិតណាស់ ទោះវាមានការលំបាកបន្តិចក្តីប៉ុន្តែយុវជនរូបនេះនៅតែធ្វើបានសម្រេច ហើយថែមទាំងបានទទួលជ័យលាភីលេខ១លើការប្រកួតក្នុងកម្មវិធីប្រកួតប្រជែងទាក់នឹងស៊ីក្លូនាពេលអនាគតផងដែរ។ ដ្បិត វណ្ណៈជានិស្សិតផ្នែកស្ថាបត្យកម្ម តែក៏មានគំនិតច្នៃប្រឌិតផ្នែក គំនូរឌីជីថលនេះច្រើនដែរ។
 
ការគាំទ្រពីគ្រួសារ និងចំណូលចិត្តពីក្មេង បានធ្វើឱ្យអ្នកក្រុងភ្នំពេញរូបនេះកាន់តែមានកម្លាំងធ្វើកិច្ចការនេះ ជាពិសេសទឹកចិត្តចង់ផ្សព្វផ្សាយពីវប្បធម៌ខ្មែរតាមរយៈស្នាដៃ នៃគំនូរច្នៃប្រឌិតបែបឌីជីថលនេះ៕
 
 

Tag:
 ថ្មីៗ
  យុវជន
  ស៊ីក្លូ
  គំនូរឌីជីថល
  ស៊ិន វណ្ណៈ
© រក្សាសិទ្ធិដោយ thmeythmey.com